ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រៀបរាប់​រំឭក​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​នៅក្នុង​រយៈពេល​ ៤៤​ ឆ្នាំ​កន្លងមក និង​ឥស្សរជន​ដែលជា​ថ្នាក់ដឹកនាំ​កាលពី​ជំនាន់​នោះ​ «​ដើម្បី​កុំឱ្យ​មនុស្ស​មួយចំនួន​មាន​ការភាន់ច្រឡំ​» ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​នៃ​ការបង្កើតឡើង​នូវ​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា និង​ការបង្កើតឡើង​នូវ​រដ្ឋាភិបាល បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​។

តាមរយៈ​សារ​សំឡេង​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ​១៦ ខែមករា ឆ្នាំ ២០២២ លោក ​ហ៊ុន សែន បាន​រៀបរាប់ ចំពោះ​ការលើកឡើង​របស់​មនុស្ស​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​ទៅលើ​បញ្ហា​នេះ​។ ដំបូង​ឡើយ​រណសិរ្ស​សង្គ្រោះជាតិ​កម្ពុជា​ដែល​បានចាប់ផ្តើម​មាន​ភាគី​ ៥​។ ប៉ុន្តែ​ភាគី ​៤ ដែលជា​ភាគី​ចេញមុខ និង​ភាគី​ ១​ ទៀត​មាន​ សាយ ភូ​ថង ទៀ បាញ់ ស្ថិតនៅក្នុង​ប្រទេស​ថៃ​មិនអាច​ចេញមុខ​បានទេ​។ ភាគី​ទី​ ១ ដឹកនាំ​ដោយ ហេង សំរិន ជា​ប្រធាន និង ជា ស៊ីម អនុប្រធាន ដែល​បាន​បះបោរ​ឡើង​នៅ​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ ​១៩៧៨ ​នៅ​ភូមិភាគ​បូព៌ា​ទិស​។ ភាគី​ទី​ ២ មាន ហ៊ុន សែន ជា​ប្រធាន និង ហែម សាមិន ជា​អនុប្រធាន​បាន​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​ ២០ ​មិថុនា ឆ្នាំ​ ១៩៧៧ ​ជា​ភាគី​មាន​កងទ័ព​ច្រើនជាងគេ ដែលជា​កងកម្លាំង​ប្រដាប់​អាវុធ​រៀបរយ​ដែលមាន​រហូតដល់ ២៣ ​កងវរសេនាតូច និង​ ១០០ ​ក្រុម​ប្រតិបត្តិការ​នៃ​កម្លាំង​ប្រដាប់​អាវុធ​សរុប​មាន​កងទ័ព​ជាង ១ ​ម៉ឺន​នាក់​។

ភាគី​ទី​ ៣​ នៅ​ឦសាន​ទិស​គឺ​ដឹកនាំ​ដោយ ប៊ុន មី ជា​ប្រធាន​ប្រតិភូ និង​លោក​ ប៊ូ ថង ជា​អនុប្រធាន​ប្រតិភូ​។ ភាគី​នេះ​ត្រូវបាន​ផ្តាច់ខ្លួន​ចេញពី​ខ្មែរក្រហម​ទៅ​រស់​នៅតាម​ព្រំដែន​កម្ពុជា-វៀតណាម និង​ក៏មាន​កម្លាំង​ប្រដាប់អាវុធ ប្រមាណ​ជា​ ២ ​វរសេនា​តូច ហើយ​ដែល​កម្លាំង​នោះ ត្រូវបាន​យកមក​រ៉ាប់រង​សភាពការណ៍ ខេត្តរតនគិរី និង​មណ្ឌលគិរី និង​ភាគី​ទី​ ៤ ដែល​គេ​ហៅថា បងប្អូន​ប្រមូលផ្តុំ មកពី​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ក្រោយ​ឆ្នាំ​ ១៩៧០​។ អ្នក​ទាំងអស់​នេះ​មិនមែន​វៀតណាម​បញ្ជូនទៅ​ទេ គឺ​ទៅដោយ​ស្ម័គ្រចិត្ត មាន​អ្នកខ្លះ​ក៏មាន​អាយុ​ច្រើន និង​អ្នកខ្លះ​ក៏​អាយុ​តិច​។

អ្នក​ដែល​ជាន់​ក្រោយនេះ​មាន ជា សុទ្ធ មាន​អាយុ​ច្រើន​ជាងគេ និង​ធ្លាប់​ធ្វើជា​ប្រធាន​ខុទ្ធកាល័យ​គណៈកម្មាធិការ​កណ្តាល​តាំងពី​ជំនាន់​ឥស្សរៈ មុន​កិច្ចព្រមព្រៀង​ទីក្រុង​ហ្ស៊ឺណែវ ឆ្នាំ​ ១៩៥៤ ប៉ុន្តែ​ក៏មាន​អ្នក​ក្មេង​មួយចំនួន​ដែរ ដូចជា ប៉ែន សុវណ្ណ និង​មនុស្ស​ផ្សេងទៀត ដែលមាន​គ្នា​ប្រមាណ​ ១ ០០០ ​នាក់​បាន​វិល​មក​ប្រទេស​ក្នុង​ឆ្នាំ​ ១៩៧០​។ ពួកគេ​ត្រូវបាន​ ប៉ុល ពត​ សម្លាប់ចោល​ស្ទើរ​ទាំងអស់​សល់​តិចតួច​មាន​ដូចជា​ ហែម សាមិន មាស ហួន និង​ មាស ក្រូច ជាដើម ដែល​សុទ្ធតែ​រត់​រួច​មកពី​តំបន់​នោះ និង​ត្រូវបាន​គេ​យកទៅ​លត់​ដំនៅ​ក្នុងអំឡុង​ឆ្នាំ​ ១៩៧៤ និង​ដើមឆ្នាំ​ ១៩៧៥​។ ក្រុមទី​ ៤ ​ដែលមាន​ ប៉ែន សុវណ្ណ ​ជា​ប្រធាន​ប្រតិភូ និង ម៉ុក សុគន្ធ ជា​អនុប្រធាន​ប្រតិភូ ដែល​គាត់​នេះហើយ ក្រោយមក​ក្លាយទៅជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ជីវភាព​។

ក្រុម​ទាំង​ ៤ នេះ ជា​អ្នកបង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ និង​សូមកុំ​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រវត្តិសាស្ត្រ​។ លោក​បញ្ជាក់ថា​៖ «​អ្នក​ទាំងអស់​គ្នា​រស់​នៅបាន​ដោយសារ​ធ្វើការ​នៅក្នុង​វិទ្យុ​រណសិរ្ស រួបរួម​ជាតិ​ដែល​បាន​បោះទីតាំង​នៅក្នុង​ទីក្រុង​ហាណូយ ចន្លោះ​ឆ្នាំ​ ១៩៧០ ដល់ ១៩៧៥ រហូត​ដល់ពេល​រំដោះ​រួចហើយ ឃើញថា ប៉ុល ពត អនុវត្ត​នយោបាយ​ព្រៃផ្សៃ អត់​បាន​ត្រឡប់មក​ស្រុក​ទេ ដូចជា​ ប៉ែន សុវណ្ណ ចាន់ ស៊ី, ជា សុទ្ធ និង​មនុស្ស​មួយចំនួន​ទៀត ដែល​ក្រោយនេះ​បាន​វិល​ត្រឡប់មក​ទីក្រុង​ភ្នំពេញ ក្រោយ​ឆ្នាំ​ ១៩៧៩ ហើយ​អ្នក​ទាំងអស់​នេះ មិនត្រូវ​បាន​ ប៉ុល ពត ​សម្លាប់ ដូច​អ្នក​ដែល​មក​ឆ្នាំ ១៩៧០ ដើម្បី​ចូលរួម​ប្រយុទ្ធ​ជាមួយ​ លន់ នល់ និង​អាមេរិក​នោះទេ​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី​ទាំង​ ៤ ក្រុម​នេះ​បាន​ជួបជុំគ្នា ធ្វើ​មហា​សន្និបាត​រៀបចំ​រណសិរ្ស​សង្គ្រោះជាតិ​កម្ពុជា ដោយ​យក​មូលដ្ឋាន កង​ប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​លោក​បាន​កសាង​ឡើង ដែលមាន​អង្គភាព​រៀបរយ​រហូត​ ២៣ ​វរសេនាតូច​។ ក្រោយ​រំដោះ​ដាក់​នៅ​ភ្នំពេញ​បាន​ ៤​ វរសេនាតូច ខេត្តកំពង់ចាម ២ ​វរសេនា​តូច និង​ខេត្ត​ដទៃ ១ ​វរសេនា​តូច និង​ខេត្ត​មួយចំនួនទៀត​លើកលែង​តែ​មណ្ឌលគិរី រតនគិរី ដែល​រ៉ាប់រង​ដោយ​កម្លាំង ប៊ុន មី និង​ ប៊ូ ថង និង​កោះកុង សាយ ភូថង និង​ ទៀ បាញ់​។

លោក​ថា​៖ «​ដូច្នេះហើយ ក្រុម​ទាំង​ ៤ នេះ​បាន​រួមគ្នា បង្កើត​រណសិរ្ស​នេះ​នៅ​ថ្ងៃទី​ ២ ​ធ្នូ ឆ្នាំ​ ១៩៧៨​។ នៅពេលដែល​បង្កើត​រណសិរ្ស​នេះ​ពិនិត្យ​ជារួម គឺ​កម្លាំង​មកពី​ភាគ​ខាងជើង​វៀតណាម​ដែល​គេ​ហៅថា កម្លាំង​ប្រមូលផ្តុំ​ចេញ​មុខតែ​ម្នាក់​គត់ គឺ​ រស់ សម័យ ដែល​ក្លាយទៅជា​អគ្គលេខាធិការ​រណសិរ្ស ដែល​មកជា​មួយ ប៉ែន សុវណ្ណ ដូចគ្នា ក្រៅពីនោះ គឺ​យក​មនុស្ស​ក្នុងប្រទេស​ទាំងអស់​ដូចជា ហេង សំរិន ជា​ប្រធាន ជា ស៊ីម អនុប្រធាន រស់ សម័យ ជា​អគ្គលេខាធិការ ហ៊ុន សែន មាន សំអាន ចាន់ វ៉ែន ប្រាជ្ញ ស៊ុន ជ័យ កញ្ញា និង​មនុស្ស​មួយចំនួន​ផ្សេងទៀត ដូចជា នៅ សាមុន​»​។ «​នៅ​ថ្ងៃទី​ ៧ មករា ឆ្នាំ​ ១៩៧៩ យើង​រំដោះប្រទេស យើង​បាន​បង្កើត​ក្រុមប្រឹក្សា​បដិវត្តន៍​ប្រជាជន​កម្ពុជា ដូចជា​រដ្ឋាភិបាល​បណ្តោះអាសន្ន​ដែរ​។

នៅពេលនោះ គឺមាន ហេង សំរិន ជា​មនុស្ស​ទី​ ១ ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ដើរតួ​ជា​ប្រមុខរដ្ឋ​ផង និង​ជា​នាយករដ្ឋមន្ត្រី​ផង ទី​ ២ ប៉ែន សុវណ្ណ ជា​អនុប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ទទួល​បន្ទុក​កិច្ច​ការពារជាតិ​។ ទី​ ៣ ហ៊ុន សែន សមាជិក​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ទទួលបន្ទុក​កិច្ចការបរទេស ទី​ ៤ ជា ស៊ីម សមាជិក​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ទទួលបន្ទុក​កិច្ចការ​មហាផ្ទៃ​»​។

ចំណែក​ទី​ ៥ ចាន់ វ៉ែន សមាជិក ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ទទួល​បន្ទុក​អប់រំ ទី​ ៦ ម៉ុក សុគន្ធ សមាជិក​ក្រុម​ប្រឹក្សា​ប្រជាជន​ទទួលបន្ទុក​សេដ្ឋកិច្ច និង​ជីវភាព ទី​ ៧ កែវ ចិន្តា សមាជិក​ប្រជាជន​បដិវត្តន៍​កម្ពុជា​ទទួលបន្ទុក ឃោសនាការ​វប្បធម៌​ (​ក្រសួង​វប្បធម៌​) ​ចុងក្រោយ គឺ នូ បេង សមាជិក​ទទួលបន្ទុក សុខាភិបាល​។ ចាត់ទុកថា ផ្នែក​រដ្ឋាភិបាល​។

លោក​ ហ៊ុន សែន បញ្ជាក់ទៀត​ថា​៖ «​ចំពោះ​ការលើក​ឡើងថា ប៉ែន សុវណ្ណ ឡើងមក​ធ្វើជា​នាយករដ្ឋមន្ត្រី គឺ​មិនមែន​ទេ ប៉ែន សុវណ្ណ គ្រាន់តែ​រួមចំណែក​ជាមួយគ្នា​ក្នុង​ការបង្កើត​រណសិរ្ស​ប៉ុណ្ណោះ ក៏ប៉ុន្តែ​អ្នក​ទាំងនេះ​មិនមែន​ចេញមក​ពី​ការតស៊ូ​ធ្វើសង្គ្រាម​ជាមួយ​នឹង ប៉ុល ពត ​នៅក្នុង​ប្រទេស​ទេ គ្រាន់តែ​សល់​ពី​ការស្លាប់ រួម​ប្រមូល​កម្លាំង​ដោយ​វៀតណាម បង្ក​លក្ខណៈ​បញ្ជូន​មកឱ្យ​ធ្វើការ​ងារ​ជាមួយគ្នា​តែប៉ុណ្ណោះ​»​។

៤ ​ក្រុម​នេះ គឺ​ចែក​ភារកិច្ច​គ្នា​ធ្វើការ​ដែល​ពេលនោះ ជា សុទ្ធ ជា​អ្នកដឹកនាំ ប៉ុន្តែ​គាត់​ត្រូវ​ត្រឡប់​ទៅធ្វើជា​អគ្គរដ្ឋទូត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​ក្រុម​នេះ​ត្រូវបាន​រៀបចំ​ជា​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដើរតួ​ជា​រដ្ឋាភិបាល​នៅពេលនោះ​។ បើ​និយាយ​ពី​បក្ស ប៉ែន សុវណ្ណ ជា​អគ្គលេខាធិការ​រួចហើយ​ក្រៅពីនោះ ជា​សមាជិក​ដោយ​គ្រា​ដំបូង​មានតែ​គ្នា​ ៨ ​នាក់​នៃ​គណៈកម្មាធិការ​កណ្តាល និង​អចិន្រៃ្តយ៍​។

ក្នុង​សន្និបាត​លើក​ទី​ ៣ របស់​គណបក្ស​នេះ​បញ្ជាក់ថា ប៉ែន សុវណ្ណ ជា​អគ្គលេខាធិការ​បក្ស ជា ស៊ីម ជា​សមាជិក ហេង សំរិន ជា​សមាជិក ហ៊ុន សែន ​ជា​សមាជិក ប៊ូ ថង ជា​សមាជិក ចាន់ គិរី ជា​សមាជិក វណ្ណ សន ជា​សមាជិក​។ កាលនោះ មាន​តែ ៧ ​នាក់​។ បន្ទាប់​ទៅ មកដល់​ភ្នំពេញ​ក៏​រៀបចំ​ការបោះឆ្នោត​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​មួយ​នៅក្នុង​ព្រះបរមរាជវាំង ដើម្បី​បោះឆ្នោត​បំពេញបន្ថែម​ចាត់តាំង​ឱ្យ​ សាយ ប៊ូថង ដែល​​មកពី​ប្រទេស​ថៃ សរុប​អ្នកមាន​អំណាច​នៅពេលនោះ​មានតែ ៨ ​នាក់ ដោយ ៧ ​នាក់​ចេញ​ពី​មហាសន្និបាត​លើក​ទី​ ៣ ហើយ​ម្នាក់ទៀត ចេញពី​មហាសន្និបាត វិសាមញ្ញ ដែល​ត្រូវ​បោះឆ្នោត​បំពេញបន្ថែម​។ ពេលនោះ​បោះឆ្នោត​ធ្វើជា​ផ្នែក​ប្រឹក្សា​រដ្ឋ ជា​ប្រធាន​ដែល​ហៅថា ប្រមុខរដ្ឋ​។

ឯ​ចំពោះ​រដ្ឋសភា គឺមាន​ ជា ស៊ីម ធ្វើជា​ប្រធាន ឯខាង​ក្រុមប្រឹក្សា​រដ្ឋ គឺមាន​ ប៉ែន សុវណ្ណ ជា​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស ចាន់ ស៊ី ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ផែនការ​។

លោក​ ហ៊ុន សែន លើកឡើង​ថា​៖ «​នៅ​ដើមខែ​ធ្នូ ឆ្នាំ​ ១៩៨១ ប៉ែន សុវណ្ណ ត្រូវបាន​ចាប់ខ្លួន ដោយសារ​គាត់​បាន​ធ្វើ​កំហុស​ជាច្រើន​តាំងពី​ឆ្នាំ ១៩៧៩ ឆែក​ផ្ទះ​ ជា ស៊ីម ឆែក​ផ្ទះ ហេង សំរិន និង​ត្រៀម​ចូល​ឆែក​ផ្ទះ ហ៊ុន សែន ប៉ុន្តែ​មិនបាន​សម្រេច បើសិន​ជា​មក​ឆែក​ដល់​ផ្ទះ​ ហ៊ុន សែន ប្រាកដជា​ផ្ទុះអាវុធ​កណ្តាល​ក្រុង និង​មិន​ឈ្នះ​ ហ៊ុន សែន ​ទេ​ព្រោះ ហ៊ុន សែន ​មាន ៤ វរសេនា​តូច ដែលជា​អ្នក​ស្មោះស្ម័គ្រ បើ​ទោះ​មិន​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​»​។

«​ការចាប់ ប៉ែន សុវណ្ណ ដោយសារ​គាត់​ធ្វើ​កំហុស​ច្រើនពេក ប៉ុន្តែ​ ប៉ែន សុវណ្ណ ថា​ជាប់គុក​ងងឹត វា​មិន​ត្រឹមត្រូវ​ទេ​។ នៅពេល​ត្រឡប់​មកវិញ គាត់​ត្រូវបាន​គេ​ឱ្យ​ទាំង​ផ្ទះ ទិញ​ទាំង​ឡាន ប៉ុន្តែ​គាត់​មិន​ស្តាប់​។ ដល់ពេល​ ប៉ែន សុវណ្ណ ស្លាប់ទៅ​ក្លាយ​ជា​ខ្មោច​អនាថា សង្គ្រោះជាតិ​គេ​យក​មក​ធ្វើ​នយោបាយ​នៅ​វត្តថាន់ ដោយសារ​តែ​អំពើ​របស់គាត់ សព្វថ្ងៃ​គ្មាន​អ្នកណា​ធ្វើបុណ្យ​ឱ្យ​ ប៉ែន សុវណ្ណ ទេ​»​។

បន្ទាប់ពី​ការចាប់ខ្លួន ប៉ែន សុវណ្ណ គឺមាន​ការដោះស្រាយ​បញ្ហា​ផ្ទៃក្នុង គឺ​លោក ចាន់ ស៊ី ធ្វើជា​នាយករដ្ឋមន្ត្រី ដោយសារ​អ្នកនេះ​វៀតណាម​ជួយ​ចិញ្ចឹម និង មិន​ចង់ឱ្យ​អ្នក​នៅក្នុង​ប្រទេស​គ្រប់គ្រង​តំណែង​ទាំងអស់​នោះទេ​។ ដោយឡែក​ការស្លាប់​របស់​ ចាន់ ស៊ី មិន​ដូច​ការបកស្រាយ​ថា សហភាពសូវៀត​ជា​អ្នក​លួច​សម្លាប់​នោះទេ ដែល​នេះ គឺជា​ការអះអាង​ខុសឆ្គង​ជាទីបំផុត​។

ចាន់ ស៊ី កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ពី​ឆ្នាំ​ ១៩៨២ ដល់​ ១៩៨៤ គាត់​ធ្លាក់ខ្លួន​ឈឺ «​មហារីក​ឈាម​» និង​បញ្ជូនទៅ​សហភាពសូវៀត ដើម្បី​ព្យាបាល នៅពេល​នោះ ហ៊ុន សែន ស្ថិតនៅ​ប្រទេស​បារាំង​ត្រៀម​ចរចា​ជាមួយ​នឹង​សម្តេច​នរោត្តមសីហនុ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏បាន​ត្រឡប់​មកវិញ ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​គាត់​នៅ​ម៉ូស្គូ​។ ខ្ញុំ​ត្រូវបាន​គេ​ផ្ញើ​សារ​ឱ្យចូល​ប្រទេស​បន្ទាន់​ឱ្យទទួល​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ស្តីទី​។ ក្រោយពី ចាន់ ស៊ី ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី​ស្តីទី​ខែកញ្ញា​ ១៩៨៤ រហូត បោះឆ្នោត​ពេញសិទ្ធិ​ដោយ​សភា រហូត​មកជា​នាយករដ្ឋមន្ត្រី ឬ​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ១៤ ​មករា ឆ្នាំ​ ១៩៨៥ ​រហូតមកដល់​បច្ចុប្បន្ន​នេះ​»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ថ្លែង​នា​ថ្ងៃទី​ ១៧ ​មករា​ថា ការរំឭក​ពី​ប្រវត្តិសាស្ត្រ​របស់​លោក ហ៊ុន សែន នេះ ហាក់ដូចជា​ចង់​ឆ្លើយតប​ទៅនឹង​ក្រុម​ណាមួយ​ឱ្យបាន​ច្បាស់​ពីអ្វី​ដែល​បានកើត​ឡើង​ក្នុងដំណាក់កាល​នៃ​ការគ្រប់គ្រង​របស់​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា​។ វា​ក៏​ជា​ឱកាស​ដែល​លោក ហ៊ុន សែន ចង់បង្ហាញ​ឱ្យឃើញ​នូវ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​មួយចំនួន​ក្នុងដំណាក់កាល​នោះ ពីព្រោះ​កន្លងមក​ព័ត៌មាន​ទាំងអស់នេះ​មិនត្រូវ​បាន​ «​បង្ហើប​» ​ដោយ​ជាក់លាក់​ដោយ​ឥស្សរជន​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។

លោក​ថ្លែងថា​៖ «​លោក​ក៏​ចង់យក​ឱកាស​ហ្នឹង ដើម្បី​បង្ហាញ​នូវ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ ឬ​អាថ៌កំបាំង​ប្រវត្តិសាស្ត្រ​មួយចំនួន​សម្រាប់​ជាការ​ចងក្រង ជាការ​សិក្សា​បន្ត ហើយក៏​លោក​ចង់​បង្ហាញថា កម្ពុជា​មិន​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​វៀតណាម ដូចដែល​ធ្លាប់បាន​លើកឡើង​នោះទេ ក្នុងដំណាក់កាល​នោះ​»​។

លោក​ ភា បន្ថែមថា​៖ «​ការលើកឡើង​របស់​សម្តេច​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​របស់​លោក ប៉ែន សុវណ្ណ នេះ​អាចជា​តម្រុយ​ព័ត៌មាន​សម្រាប់​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ទៅ​ថ្ងៃមុខ​ទៀត​»​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​ដែរ​ថា មាន​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែល​មិន​ត្រូវបាន​អ្នកសិក្សា​ស្រាវជ្រាវ បញ្ញវន្ត គ្រូបង្រៀន និង​អ្នកប្រវត្តិសាស្ត្រ​សិក្សា និង​ចងក្រង​នោះទេ ដូច្នេះ​មានតែ​អ្នកនយោបាយ និង​អ្នក​ដែល​តស៊ូ​ពី​សម័យមុន​ទេ ដែល​នៅ​ចេះ​ចាំ​នូវ​អ្វីដែល​បាន​កើតឡើង​កាលពី​អតីតកាល​។ លោក ចន្ទរឿន ថ្លែងថា​៖ «[​វា​] ​គួរតែ​ចងក្រង​ជា​សៀវភៅ ឬក៏​និយាយ​ចេញ​ជា​សាធារណៈ​បែបនេះ ដើម្បី​ទុកជា​ព័ត៌មាន និង​មាន​ចំណុច​ខ្លះ​ជា​មេរៀន​ល្អ សម្រាប់​ទាំង​ការធ្វើ​កិច្ចការងារ​ដឹកនាំ​ការងារ​ប្រទេស​នៅពេល​បច្ចុប្បន្ន និង​សម្រាប់​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ផងដែរ​»​។ លោក ចន្ទរឿន លើកទឹកចិត្ត​ឱ្យមាន​ក្រុម​ប្រវត្តិវិទូ​ដែលមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ខ្ពស់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ចងក្រង​ប្រវត្តិសាស្ត្រ​នេះ​ដោយ​ឯករាជ្យ ទើប​ធានាបាន​នូវ​សុក្រឹតភាព និង​គុណ​តម្លៃ​ពិតប្រាកដ​សម្រាប់​ប្រវត្តិសាស្ត្រ​៕