ភ្នំពេញៈ ក្រសួង​បរិស្ថាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​ជន​ណា ដែល​រំលោភបំពាន ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ក្នុង​ខេត្ត​តាកែវ ខណៈ​ក្រសួង និង​អង្គការ​ដៃគូ​បាននិង​កំពុង​អនុវត្ត​គម្រោង​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិរក្ស​ជីវចម្រុះ និង​លើកកម្ពស់​ជីវភាព​សហគមន៍​ក្នុង​តំបន់​នេះ​។

ក្រសួង​បរិស្ថាន​ដែល​កំពុង​អនុវត្ត​គម្រោង​ជាមួយ​អង្គការ​ដៃគូ រួមមាន អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ និង​អង្គការ The Wildfowl & Wetlands Trust​។ តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ស្ថិត​ក្នុង​ស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ មាន​ផ្ទៃដី​ទំហំ ៨ ៣០៥ ​ហិកតា និង​សម្បូរ​ទៅដោយ​ជីវចម្រុះ​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​សត្វ​ស្លាប​ចំនួន​ ១៣២ ​ប្រភេទ មច្ឆជាតិ​ចំនួន​ ១៣៨ ​ប្រភេទ និង​រុក្ខជាតិ​ទឹក​ ៣០ ​ប្រភេទ​។

អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ក្រសួងបរិស្ថាន​ក្នុង​ការស្វែងយល់​អំពី​វឌ្ឍនភាព​គម្រោង​អភិរក្ស​តំបន់​ដីសើម​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ នា​ថ្ងៃទី​ ១៦ ខែមករា លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​លើកឡើង​ថា ក្រសួង និង​អង្គការ​ដៃគូ​ប្តេជ្ញា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិរក្ស​ជីវចម្រុះ និង​ជីវភាព​សហគមន៍​នៅក្នុង​តំបន់​នេះ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន យើង​បាននិង​កំពុង​អនុវត្ត​សកម្មភាព​សំខាន់ៗ​ចំនួន​ ៤ គឺ​ការអភិរក្ស​ជីវចម្រុះ ការលើក​កម្ពស់​ជីវភាព​សហគមន៍ ការអប់រំ​ផ្សព្វផ្សាយ និង​ការសិក្សា​ស្រាវជ្រាវ​»​។

ទាក់ទង​នឹង​ការអភិរក្ស​ជីវចម្រុះ ក្រុមការងារ​បាន​សាងសង់​ស្នាក់ការរង​ ១​ កន្លែង​សម្រាប់​ពង្រឹង​ការល្បាត​ក្នុង​តំបន់ សាងសង់​អាងទឹក​ទំហំ​ ១៦ ​ហិកតា ដើម្បី​រក្សា​ទឹក​ទុកជា​អចិន្រៃ្តយ៍ សម្រាប់​ទ្រទ្រង់​ដល់​ពពួកសត្វ​ស្លាប​ទឹក​ជាពិសេស សត្វ​ក្រៀល​។ ដាំ​ព្រៃ​លិច​ទឹក​ទំហំ​ ៥​ ហិកតា និង​ដាំ​មើម​ផ្លុង​ទំហំ​ ២៥​ ហិកតា ដែលជា​ចំណី​របស់​សត្វ​ក្រៀល និង​បាន​គ្រប់គ្រង​រុក្ខជាតិ​ប្រភេទ​រាតត្បាត ដូចជា​ប្រខ្លប​យក្ស (Mimosa pigra) វល្លិ​រាតត្បាត និង​កំប្លោក ជាដើម​។

ទន្ទឹមនឹង​នោះដែរ លោក​ នេត្រ ភក្ត្រា ព្រមាន​ថា ក្រសួង​នឹង​ចាត់វិធានការ​ច្បាប់​ចំពោះ​ជន​ទាំងឡាយណា ដែល​រំលោភបំពាន ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​។

លោក​បញ្ជាក់ថា​៖ «​គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​ទិញ​លក់ដូរ​ដី​ក្នុង​តំបន់​អភិរក្ស​បានឡើយ ហើយ​ក្រសួង​បរិស្ថាន​បដិសេធ​ទទួលស្គាល់​នូវ​លិខិត​ទិញដូរ​ខុសច្បាប់​ទាំងអស់​»​។

លោក​ នេត្រ ភក្ត្រា បន្ថែមថា​៖ «​រីឯ​សកម្មភាព​លើកកម្ពស់​ជីវភាព​សហគមន៍​វិញ យើង​បាន​បង្កើត​ធនាគារ​ក្របី ដោយ​ធ្វើការ​ប្រវាស់​ក្របី​ជាមួយ​ប្រជាសហគមន៍​មូលដ្ឋាន​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​។ ចំណែកឯ ការអប់រំ​ផ្សព្វផ្សាយ យើង​បាន​បញ្ចូល​កម្មវិធី​អប់រំ​បរិស្ថាន និង​សត្វ​ក្រៀល​ជាមួយ​សាលារៀន​គោលដៅ​ចំនួន​ ៣ ​ផងដែរ​»​។

សាលា​ទាំងនោះ​មាន​សាលា​បឋមសិក្សា​សង្គម​មានជ័យ សាលា​បឋមសិក្សា​ក្ដុលជ្រុំ និង​សាលាបឋមសិក្សា​បន្ទាយធ្លាយ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​សិស្សានុសិស្ស​អំពី​សារៈសំខាន់ ជីវចម្រុះ ជាពិសេស​សត្វ​ក្រៀល​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​។ នេះ​បើតាម​លោក ​ភក្ត្រា​។

លោក​បន្ថែមថា ក្រុមការងារ​ក៏មាន​កម្មវិធី​ផ្សព្វផ្សាយ​តាម​ទម្រង់​ផ្សេងៗ​ទៀត ដូចជា​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​អប់រំ និង​ការចាក់​សំឡេង​ចល័ត​នៅតាម​ភូមិ​ជាប់​នឹង​តំបន់​ការពារ​ទេសភាព​នេះ​ផងដែរ​។

ជាមួយ​គ្នា​នោះដែរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​តំបន់​ការពារ​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន លោកស្រី ស៊ុនលាង លើកឡើងថា ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​រ៉ាមសារ ក្រសួង​បរិស្ថាន​តែងតែ​ចូលរួម​អនុវត្ត​នូវ​សសរស្តម្ភ​ទាំង​ ៣ ​របស់​អនុសញ្ញា​រ៉ាមសារ​។ ក្នុងនោះ​មានការ​ប្រើប្រាស់​តំបន់ដីសើម​ដោយ​ឈ្លាសវៃ ការកំណត់ និង​បង្កើត​តំបន់​រ៉ាមសារ​ថ្មីៗ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាពិសេស​ការ​គ្រប់គ្រង​តំបន់​ដីសើម​ឆ្លងដែន​។

លោក​ ប៊ូ វរសក្ស តំណាងឱ្យ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ និង​អង្គការ The Wildfowl & Wetlands Trust បានលើកឡើង​ដែរ​ថា​៖ «​យើង​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​ក្នុងការ​ការពារ និង​អភិរក្ស​ជីវចម្រុះ​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​នេះ​»​។

លោក​បន្ថែមថា ក្រុមការងារ​ទាំងអស់​នឹង​បន្ត​គាំទ្រ​ការងារ​អភិរក្ស​តំបន់ដីសើម​ដ៏មាន​សក្តានុពល​នេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ ជាមួយគ្នានេះ លោក​បានស្នើ​សុំឱ្យ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ពន្លឿន​នីតិវិធី​ក្នុង​ការបែងចែក​តំបន់​គ្រប់គ្រង​ក្នុង​តំបន់​នេះ​។

ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ទើប​ធ្វើឱ្យ​តំបន់​នេះ​មានការ​កើនឡើង​នូវ​ប្រភេទ​ជីវចម្រុះ​មួយចំនួន ជាពិសេស​សត្វ​ចង្កៀលខ្យង ដែល​កើនឡើង​រហូតដល់​រាប់ពាន់​ក្បាល និង​មាន​សម្បុក​ពង​កូន​យ៉ាងតិច​ ២ ១៨៦ ក្នុង​ឆ្នាំ​ ២០២០ ខណៈ​ពួកវា​មាន​ជាង​ ១០០​ ក្បាល​ប៉ុណ្ណោះ កាលពី​ឆ្នាំ​ ២០០៣​។ លើសពីនេះ​ទៀត​ក៏មាន​វត្តមាន​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​ដូចជា​សត្វ​ចាប​ព្រៃវែង និង​ត្រដក់​ធំ​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា​។

អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ លោក​ ហុង ភារៈ ឱ្យដឹង​ដែរ​ថា មន្ទីរ​បរិស្ថាន​ខេត្តតាកែវ​បាន​យកចិត្ត​ទុកដាក់​ក្នុង​កិច្ចការពារ​ថែរក្សា​អភិរក្ស​ជីវចម្រុះ​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​មាន​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ​នានា​ក្នុងការ​ការពារ អភិរក្ស និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់ និង​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​»​។

ដោយឡែក​នៅ​យប់​ថ្ងៃទី​ ១៤ ខែមករា ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​អង្កេត​ឃើញ​សត្វ​ក្រពើ​ភ្នំ​ចំនួន​ ៩​ ក្បាល​ និង​មេ​ក្រពើ​ ១​ ក្បាល​ផងដែរ​។ ការរកឃើញ​នេះ​ក្នុងពេលដែល​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ​បាន​ចុះ​អង្កេត​ និង​ឃ្លាំមើល​សត្វ​ក្រពើ​ភ្នំ​នៅតាម​ដង​ទន្លេ​ស្រែពក​ក្នុង​ភូមិសាស្ត្រ​ដែនជម្រក​សត្វព្រៃ​ស្រែពក​៕