ព្រះវិហារៈ កាកបាទក្រហមកម្ពុជាសហការជាមួយអង្គការ USAID Greening Prey Lang បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់បុគ្គលិក និងប្រជាសហគមន៍ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការជួយសង្គ្រោះជីវិតបឋម ខណៈអ្នកជំនាញមើលឃើញថា ពលរដ្ឋនៅតាមមូលដ្ឋានចាំបាច់ត្រូវការចេះជំនាញទាំងនេះ។
វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកឆែប ខេត្តព្រះវិហាររយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៦ ដល់ ១៧ ខែមករា ឆ្នាំនេះ ដោយមានសិក្ខាកាម ២២ នាក់ បានចូលរួមក្នុងនោះស្រី ៩ នាក់។ នេះបើតាមនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា។
លោក អុប ពុទ្ធា ប្រធានការិយាល័យវិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជាដែលជាមន្ត្រីជំនាញបណ្តុះបណ្តាលក្នុងវគ្គនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ មករាថា វគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ជាចំណេះដឹងជាមូលដ្ឋានក្នុងការជួយសង្គ្រោះជីវិតបឋមក្នុងករណីចាំបាច់នៅកន្លែងធ្វើការ និងក្នុងពេលដើរល្បាតក្នុងព្រៃមុននឹងអាចបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកបន្តថា ដោយសារតែប្រជាសហគមន៍ និងអ្នកធ្វើការនៅព្រៃឡង់ ប្រឈមនឹងហានិភ័យ ហើយពេលពួកគេមានគ្រោះអាសន្នមិនបានដឹងពីវិធីសង្គ្រោះនោះទេ ហើយការជួយសង្គ្រោះខ្លះបានប៉ះពាល់ដល់ជនរងគ្រោះកាន់តែធ្ងន់ធ្ងរផងដែរ។ ដូច្នេះពួកគេគួរតែទទួលបានការបណ្តុះបណ្តាលដើម្បីជួយជីវិតខ្លួនឯង និងអ្នកដទៃ។
លោកបានបញ្ជាក់ថា៖ «គាត់គឺជាប្រជាសហគមន៍ដែលចុះល្បាត អ៊ីចឹងប្រឈមហានិភ័យណាស់ ដូច្នេះនៅពេលពួកគាត់ទទួលបានការបណ្តុះបណ្តាលហើយ គាត់យកទៅការពារខ្លួន និងអ្នកជុំវិញក្នុងសហគមន៍គាត់ ដើម្បីទប់ស្កាត់ហានិភ័យផ្សេង»។
លោក ពុទ្ធា បន្ថែមថា៖ «ការបណ្តុះបណ្តាលនេះ គឺជាចំណុចសំខាន់ណាស់ ព្រោះពីមុនមក ពួកគាត់ខ្វះចំណេះដឹងនេះមិនដឹងជួយសង្គ្រោះបឋមយ៉ាងម៉េចទេ នៅពេលមានបញ្ហា។ ប៉ុន្តែឥឡូវ យើងបានផ្តល់បទពិសោធ និងមេរៀនទ្រឹស្តី អនុវត្តផ្ទាល់ៗដែលនឹងជួយគាត់ឱ្យបានដឹងច្រើនក្នុងការជួយបឋម»។
វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះគឺត្រូវបានបង្កើតឡើងដោយមានកិច្ចសហការរវាងកាកបាទក្រហមកម្ពុជាជាមួយអង្គការ USAID Greening Prey Lang ហើយវគ្គនេះនឹងបន្តការបណ្តុះបណ្តាលដល់ប្រជាសហគមន៍ក្នុងខេត្តព្រះវិហារ និងខេត្តក្រចេះ បន្តទៀតក្នុងពេលខាងមុខ បន្ទាប់ពីកន្លងទៅ បានបញ្ចប់វគ្គបណ្តុះបណ្តាលដូចគ្នានេះដល់មន្ត្រីស្នូល និងប្រជាសហគមន៍មួយចំនួននៅខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង។ នេះបើតាមលោកអុប ពុទ្ធា។
ជាមួយគ្នានេះ លោក អុប ពុទ្ធា បានឱ្យដឹងដែរថា អ្នកជំនាញបានចែករំលែកវិធីសាស្ត្រជួយសង្គ្រោះបឋមជាច្រើនពាក់ព័ន្ធនឹងបញ្ហាដួលធ្លាក់បណ្តាលឱ្យប៉ះទង្គិចលើរាងកាយ ជាពិសេសលើឆ្អឹងសំខាន់ៗដែលត្រូវសង្គ្រោះដោយប្រុងប្រយ័ត្នចៀសវាងបង្កផលប៉ះពាល់កាន់តែធ្ងន់ដល់ជនរងគ្រោះ។ ជាងនេះទៅទៀត ការជួយសង្គ្រោះជនរងគ្រោះនៅពេលពួកគេកំពុងស្ថិតនៅទីឆ្ងាយពីមណ្ឌលសុខភាព ឬកន្លែងសង្គ្រោះក៏ត្រូវបានបង្ហាញផងដែរ ដើម្បីអាចជួយបន្តជីវិតដល់ជនរងគ្រោះប្រកបដោយភាពត្រឹមត្រូវ។
អ្នកស្រី កឹម ចរិយា មន្ត្រី USAID Greening Prey Lang ខេត្តព្រះវិហារដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបានថ្លែងថា ការទទួលបានវគ្គបណ្តុះបណ្តាលនេះគឺពិតជាមានប្រយោជន៍សម្រាប់អ្នកស្រី ជាពិសេសប្រជាសហគមន៍។ អ្នកស្រីបន្តថា ក្នុងករណីប្រជាសហគមន៍មិនទទួលបានចំណេះដឹងទាំងនេះគឺនាំឱ្យការជួយសង្គ្រោះធ្វើឡើងដោយខុសបច្ចេកទេស ដែលនាំឱ្យមានគ្រោះថ្នាក់ទៅវិញ។
អ្នកស្រីថា៖ «ដោយសារនៅតាមតំបន់សហគមន៍គឺឆ្ងាយពីពេទ្យ ហើយអ៊ីចឹងទៅ ការងារគាត់ចុះព្រៃចុះអី ដែលឆ្ងាយនៅក្នុងតំបន់ដាច់ស្រយាល ហើយប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាពស់ចឹកជាដើម។ ដល់ពេលគាត់មិនបានរៀន គាត់ឃើញគ្រោះថ្នាក់អី ចេះតែជួយអត់មានបច្ចេកទេសអីទៅជាធ្វើឱ្យអ្នករងគ្រោះស្លាប់ក៏មាន»។
អ្នកស្រី កឹម ចរិយា ដែលធ្លាប់ប្រាស្រ័យផ្ទាល់ជាមួយប្រជាសហគមន៍បានថ្លែងថា ចំណេះដឹងពីការជួយសង្គ្រោះបឋមរបស់ប្រជាសហគមន៍គឺនៅមានកម្រិត ដោយអ្នកស្រីចង់ឱ្យមានការបណ្តុះបណ្តាលបែបនេះឱ្យកាន់តែច្រើន និងបានទូលំទូលាយជាងនេះ ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានដល់ប្រជាពលរដ្ឋ៕