
ភ្ញៀវចូលរួមវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុ ពីថ្ងៃទី ១៧ មករា។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមធ្វើជាគណៈអធិបតីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ១៨ មករានៅខេត្តព្រះសីហនុ ហើយវេទិកានេះនឹងជាឱកាសក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
រដ្ឋបាលខេត្តព្រះសីហនុក្នុងនាមជាខេត្ត ដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខាន ដោយសារការរីករាលដាលជំងឺកូវីដ ១៩ អស់រយៈពេលជាង ២ ឆ្នាំមកនេះ។ រដ្ឋបាលខេត្តបញ្ជាក់ថា ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។
រដ្ឋបាលខេត្តបន្តថា គណៈប្រតិភូដែលត្រូវចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) បានមកដល់កម្ពុជាមុន មាន ៣- ប្រទេស គឺ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយបានមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដោយសុវត្ថិភាពនៅវេលាម៉ោង ៨ និង ២០ នាទីយប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២។ រីឯគណៈប្រតិភូនៃប្រទេសដទៃទៀតនឹងមកដល់ជាបន្តបន្ទាប់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រនេះ។
អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា អាជ្ញាធរខេត្ត បានរៀបចំខ្លួនរួចជាស្រេចសម្រាប់ការបើកជាផ្លូវការនៃវេទិកានេះ ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសនោះបានរៀបចំទីតាំង និងតំបន់ស្អាតៗសម្រាប់គណៈប្រតិភូ និងភ្ញៀវទេសចរផងដែរ។
លោកថ្លែងថា៖ «សម្រាប់សាលាខេត្តក្នុងនាមជាម្ចាស់ផ្ទះបានត្រៀមគ្រប់លក្ខណសម្បត្តិទាំងអស់ ទាំងការងាររៀបចំ គ្រប់គោលដៅ សម្រាប់ភ្ញៀវរបស់វេទិកាទេសចរណ៍អាស៊ាន [រៀបចំ] ឱ្យបានត្រឹមត្រូវ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាពិសេសចៀសឆ្ងាយពីជំងឺកូវីដ»។
លោកបន្តថា ដោយឡែកការងារកិច្ចការប្រជុំផ្សេងៗគឺក្រសួងទេសចរណ៍ជាអ្នករៀបចំ រីឯថ្នាក់ខេត្តបានជួយសហការដូចជាពិធីដាំដើមឈើ ជានិមិត្តរូបរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅកន្លែងថ្ម ៣ ដុំ។
លោកបន្តថា៖ «ក្រៅពីនោះយើងរៀបចំសុវត្ថិភាពសណ្តាប់ធ្នាប់នៅកន្លែងប្រារព្ធពិធីនៅសណ្ឋាគារសុខា ហើយនៅកន្លែងទីលានសម្តេចតេជោនៅកន្លែងពិធីបើកជាផ្លូវការនៅថ្ងៃស្អែក (១៨ មករា)។ យើងបានរៀបចំសម្រាប់ភ្ញៀវទេសចរដែលបានចូលរួមទាំងអ្នកលក់ទិញ អ្នកសារព័ត៌មាន និងបានរៀបចំដំណើរកម្សាន្តនៅតាមបណ្តាកោះផងដែរ»។
តាមរដ្ឋបាលខេត្តគិតត្រឹមព្រឹកថ្ងៃទី ១៧ មករា ឆ្នាំ ២០២២ ការងាររៀបចំព្រឹតិ្តការណ៍ទាំងមូល ទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ បានសម្រេចរួចរាល់តាមការគ្រោងទុក ដោយមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ ជាមួយការបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។
បើតាមក្រសួងទេសចរណ៍រហូតមកដល់ពេលនេះ មានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងមន្ត្រីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង ១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន ១២៣ រូប។
ចំណែកការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន ១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន ៤០ ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន ២០ ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន ៣២២ នាក់ មកពីប្រទេសចំនួន ២៧។
ក្រសួងទេសចរណ៍ឱ្យដឹងថា ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូក ៣ (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូក ១ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ានរុស្ស៊ី កិច្ចប្រជុំជាមួយអង្គការដៃគូពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិផងដែរ។
សូមជម្រាបថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “វេទិកាទេសចរណ៍អាស៊ាន” លើកទី ៤០ (ATF 2022) ដែលត្រូវរៀបចំចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
វីដេអូ៖