ភ្នំពេញៈ រដ្ឋបាលជលផលបានចេញសេចក្ដីជូនដំណឹងដល់អ្នកនេសាទដែនសមុទ្រទាំងអស់នៅកម្ពុជា ដោយហាមឃាត់ការធ្វើនេសាទប្រភេទត្រីកាម៉ុង ឬត្រីប្លាធូ នៅក្នុងរដូវបន្តពូជ និងពងកូន ចាប់ពីថ្ងៃទី ១៥ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែមីនា។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ស្ដីពី «ការបិទធ្វើនេសាទត្រីកាម៉ុង ឬត្រីប្លាធូ សម្រាប់រដូវនេសាទឆ្នាំ ២០២២»។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានគូសបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងនោះថា៖ «ដើម្បីរួមចំណែកថែរក្សានិ ងការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សរដ្ឋបាលជលផលសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ឬ ត្រីប្លាធូ ទាំងអស់បញ្ឈប់សកម្មភាពនេសាទត្រីប្រភេទនេះ ចាប់ពីថ្ងៃទី ១៥ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែមីនា ជាកំហិត»។
ទោះយ៉ាងណាក៏ដោយ ក្រៅពីត្រីកាម៉ុង ប្រជានេសាទនៅតែអាចបន្តសកម្មភាពនេសាទចាប់សត្វសមុទ្រ ដូចជាក្ដាម មឹក បង្គា បបែល និងប្រភេទត្រីផ្សេងទៀត ដើម្បីលក់ដូរយកប្រាក់មកផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ។ នេះបើតាមការឱ្យដឹងពី លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃម្សិលមិញ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុរូបនេះបានថ្លែងថា៖ «យើងហាមនេសាទចាប់ត្រីកាម៉ុង ប៉ុន្តែក្រៅពីប្រភេទឬ អម្បូរនៃត្រីនេះ គឺយើងមិនហាមឃាត់នោះទេ ប្រជានេសាទសមុទ្រ អាចចុះទូកនេសាទបានដូចធម្មតា»។
លោក ឯម ភា បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ កន្លងទៅនេះ ផលនេសាទសមុទ្រដែលចាប់បានសរុបចំនួនជាង ៤៧ ពាន់តោនកន្លះ បើធៀបទៅនឹងឆ្នាំ ២០២០ មានការថយចុះ ៥០ តោន។
លោក គឹម ឃុន ប្រជាសហគមន៍នេសាទក្នុងតំបន់កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរដូវកាលនេះមុខរបរនេសាទរបស់សហគមន៍គាត់មិនសូវជាកាក់កបប៉ុន្មានទេ។
ប្រជាសហគមន៍នេសាទក្នុងតំបន់កោះខ្យង រូបនេះថ្លែងថា៖ «នៅក្នុងរដូវហាមឃាត់ចាប់ត្រីកាម៉ុងនេះ ផលនេសាទដែលពួកយើងចាប់បានគឺចន្លោះពី ៣-៥ គីឡូក្រាម ក្នុង ១ ថ្ងៃប៉ុណ្ណោះ ព្រោះបច្ចុប្បន្ន សូម្បីតែក្ដាម បង្គា មឹក ក៏ខ្សត់ដែរ»។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពតបានថ្លែងថា ការថយចុះនៃផលសមុទ្រគឺបណ្តាលមកពីកត្តាមួយចំនួន រួមមាន ការប្រែប្រួលអាកាសធាតុ ដូចជាខ្យល់ព្យុះ ភ្លៀងផ្គរ ជាញឹកញយ។ ជាពិសេសគឺផ្តើមចេញពីកត្តាមនុស្សដែលបានធ្វើឱ្យបាត់បង់ជម្រកក្នុងដែននេសាទ ព្រោះតែសកម្មភាពអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ការលួចប្រើឧបករណ៍ នេសាទល្មើសច្បាប់ និងការយល់ដឹងលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិនៅមានកម្រិត។
លោកបានថ្លែងថា ក្នុងឆ្នាំ ២០២១ ទិន្នផលសមុទ្រសរុបដែលបងប្អូនប្រជានេសាទប្រមូលបានមានប្រមាណ ១៨ ០០០ តោន។ បរិមាណនេះ មានការថយចុះ ២ ៣០០ តោន ឬស្មើនឹង ១១ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២០ ដែលការប្រមូលផលនេសាទទទួលបាន ២០ ៣០០ តោន។
លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែបបានប្រាប់ឱ្យដឹងថា ផលនេសាទសមុទ្រសរុបដែលប្រជានេសាទចាប់បាននៅក្នុងឆ្នាំ ២០២១ មានចំនួន ៥ ២៤៧ តោន។ ទន្ទឹមនឹងនេះ មានបទល្មើសជលផលប្រមាណ ៤០ ករណីត្រូវបានបង្ក្រាប។
លោក បូរិន បានថែ្លងថា៖ «ក្នុងរដូវហាមឃាត់ការនេសាទត្រីកាម៉ុងនេះ មន្ត្រីជំនាញយើងបានចុះធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជានេសាទ ពង្រីក កម្មវិធីគ្រប់គ្រង ធនាគារក្ដាម នៅក្នុងសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល»។
បើតាមលោក បូរិន ខេត្តកែបសម្បូរទៅដោយស្មៅសមុទ្រ ដែលជាប្រភពចំណីដ៏សំខាន់របស់ភាវរស់សមុទ្រគ្រប់ប្រភេទ ជាពិសេស ក្ដាម និង បង្គា។ តំបន់អភិរក្សស្មៅសមុទ្រនៅក្នុងខេត្តកែបមានផ្ទៃដីសរុបរហូតដល់ ៣ ០៩៥ ហិកតា តំបន់អភិរក្សស្មៅសមុទ្រនេះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផល។ ដោយឡែកលោក ឡាយ សារី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរដូវហាមឃាត់ធ្វើនេសាទត្រីកាម៉ុងនេះ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលបានរៀបចំដាក់ពង្រាយហឹបឡូបេតុង នៅក្នុងតំបន់ដែនអភិរក្សត្រីកាម៉ុង និងផ្សព្វផ្សាយឱ្យប្រជានេសាទសមុទ្រ ចូលរួមការពារ និងអភិរក្សធនធានសមុទ្រ ដោយបញ្ឈប់សកម្មភាព នេសាទត្រីកាម៉ុងមួយរយៈពេលដើម្បីឱ្យពួកវាបន្តពូជ និងពងកូន៕
វីដេអូ៖