ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងថា ក្រសួងនឹងធ្វើការជ្រើសរើសបេក្ខជនចំនួន ៩៨១៨ នាក់ឱ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រដោយមិនបង់ថ្លៃសិក្សា ១០០ ភាគរយ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នេះ។ នេះបើយោងតាមលោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ ថ្លែងប្រាប់ ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ១៧ មករា។
ក្រសួងអប់រំបានឱ្យដឹងថា ចំនួនអាហារូបករណ៍សរុបមាន ៩ ៨១៨ នាក់នេះ ត្រូវបានបែងចែកជា ៤ អាទិភាព គឺសម្រាប់សិស្សទូទៅចំនួន ៦ ០២៩ នាក់ សិស្សអាទិភាពនារី ចំនួន ១ ៣៨៧ នាក់ សិស្សអាទិភាពក្រីក្រចំនួន ១ ៧៩៧ នាក់ និងសិស្សអាទិភាពតំបន់ដាច់ស្រយាល ចំនួន ៦០៥ នាក់។
សាកលវិទ្យាល័យ និងវិទ្យាស្ថានដែលបេក្ខជនអាចជ្រើសរើសចូលសិក្សា សម្រាប់គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈរបស់រដ្ឋមានចំនួន ១៩ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាកលវិទ្យាល័យក្រចេះ ពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិសង្គមកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងសាកលវិទ្យាល័យមានជ័យ។
ចំណែកគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន ២០ គឺ សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យបញ្ញាជាតិ សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យអាស៊ី អឺរ៉ុប សាកលវិទ្យាល័យធនធានមនុស្ស សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យអន្តរជាតិ ឌូវី សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យឡាយហ្វ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាកលវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យអាស៊ីបូព៌ា វិទ្យាស្ថានក្រុងអង្គរ វិទ្យាស្ថានសន្តប៉ូល វិទ្យាស្ថានវ៉ាន់ដា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និងវិទ្យាស្ថានកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី។
បើតាមក្រសួងអប់រំ លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍ ត្រូវគោរពតាមលក្ខខណ្ឌចំនួន ២ គឺទី ១ តាមរយៈការជ្រើសរើស បេក្ខជននឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធកុំព្យូទ័រ ដោយផ្អែកលើនិទ្ទេសរួមនៃលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២០-២០២១។ ទី ២ តាមរយៈការប្រឡង បេក្ខជនដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវធ្វើការប្រឡងនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបេក្ខជនបានជ្រើសរើសមុខជំនាញឆ្លងកាត់ការប្រឡងនឹងពុំទាន់ជាប់អាហារូបករណ៍នៅកន្លែងណាមួយនៅឡើយ។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាថ្លែងថា ក្នុងនាមជាសាកលវិទ្យាធិការវិទ្យាស្ថានវ៉ាន់ដា លោកតែងតែផ្ដល់អាហារូបករណ៍ទៅដល់ក្រសួងអប់រំ ថ្នាក់ដឹកនាំមួយចំនួនក្នុងជួររាជរដ្ឋាភិបាល និងផ្ដល់អាហារូបករណ៍ដោយផ្ទាល់ទៅដល់សិស្សក្រីក្រពិតប្រាកដ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
លោកថ្លែងថា៖ «ខ្ញុំជូនទៅក្រសួងអប់រំ ក្នុង ១ មុខវិជ្ជា ១៥ នាក់ អ៊ីចឹង ២ មុខវិទ្យា ៣០ នាក់ ក្នុង ១ ឆ្នាំ ហើយយើងជូនដល់ថ្នាក់ដឹកនាំធំៗ ដើម្បីលោកមានលទ្ធភាពមើលទៅទីឆ្ងាយៗសម្រាប់ជួយដល់អ្នកក្រីក្រ។ ចំណែកខ្ញុំក៏ផ្ដល់អាហារូបករណ៍ដែរ គឺផ្ដល់សម្រាប់សិស្សដែលក្រីក្រ គ្មានលទ្ធភាពបន្តការសិក្សា យើងនឹងផ្ដល់ឱ្យ ហើយផ្ដល់អាហារ និងអាចហាត់ការងារនៅពេលកំពុងសិក្សាក្នុងវិទ្យាស្ថានផ្ទាល់ផងដែរ»។
បើតាមលោក វ៉ាន់ដា វិទ្យាស្ថានវ៉ាន់ដា បានចាប់ទទួលសិស្សចូលរៀនថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា ២០២១-២០២២ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១ មកម្ល៉េះ ហើយបច្ចុប្បន្នមានសិស្សមួយចំនួនបានចុះឈ្មោះចូលសិក្សាបណ្ដើរៗហើយ ខណៈវិទ្យាស្ថាននេះបានបណ្ដុះបណ្ដាលសិស្សផ្តោតលើជំនាញគណនេយ្យ និងធនាគារ និងហិរញ្ញវត្ថុ៕
វីដេអូ៖