ភ្នំពេញៈ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលមានដើមកំណើតពីសត្វឃាត់រថយន្តដឹកសត្វជ្រូករស់ ៥៧ ក្បាលគ្មានលិខិតអនុញ្ញាត ដែលគ្រោងយកមកចែកចាយនៅរាជធានីភ្នំពេញ ដោយសង្ស័យនាំចូលពីប្រទេសជិតខាង។ ដើមឆ្នាំ ២០២២ នេះ បទល្មើសនាំចូលសាច់សត្វ និងជ្រូករស់ខុសច្បាប់ជាង ៦០ ករណីត្រូវបានបង្ក្រាប។
ប្រតិបត្តិការឃាត់រថយន្តដឹកជ្រូកនេះបានធ្វើឡើង នៅថ្ងៃទី ១៦ មករា ក្រោមកិច្ចសហការរវាងក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ។
លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលមានដើមកំណើតពីសត្វប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១៧ មករាថា ក្រុមការងារបានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក KIA FRONTIER ពណ៌សជាប្រភេទរថយន្តដឹកទំនិញចំណុះ ១,៥ តោន ពាក់ស្លាកលេខកំពង់ស្ពឺ ២A-៤៩៧៥ ដែលបានដឹកសត្វជ្រូករស់ចំនួន ៥៧ ក្បាល។
លោកឱ្យដឹងថា ជ្រូករស់នេះត្រូវបានឈ្មួញទី ១ ដឹកចេញពីខេត្តក្រចេះ តាមរ៉ឺម៉កម៉ូតូយកមកប្រមូលផ្តុំទុកនៅខេត្តព្រៃវែង ហើយត្រូវបានឈ្មួញទី ២ ទិញបន្ត រួចដឹកតាមរយៈរថយន្តខាងលើមកចែកចាយនៅរាជធានី-ភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ប៉ុន្តែត្រូវក្រុមការងារឃាត់បាននៅចំណុចភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការសន្និដ្ឋានរបស់លោក ហ៊ុន សារ៉ាត់ ជ្រូកទាំងនេះ គឺជាជ្រូកដែលនាំចូលពីក្រៅប្រទេស គ្រាន់តែជំហានដំបូងក្រុមការងារមិនទាន់អាចកំណត់ប្រភពច្បាស់លាស់ថា ជ្រូកទាំងនេះត្រូវបាននាំចូលពីប្រទេសណាខ្លះទេព្រោះឈ្មួញបានប្រមូលជ្រូកទាំងនេះបន្តិចម្តងៗ ពីតាមព្រំដែននានា ហើយយកមកប្រមូលផ្តុំនៅកន្លែងតែមួយ ទើបត្រូវស្ទាក់ចាប់បាន។
លោកបញ្ជាក់ថា៖ «ក្នុងពេលនេះក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ នៅពេលចេញលទ្ធផលវត្ថុសំណាក យើងនឹង [មាន] ចំណាត់ការបន្ត។ ក្នុងករណីរកឃើញថា មានជំងឺនឹងធ្វើការដុតកម្ទេចចោល ហើយបើមិនមានជំងឺអ្វីនោះទេ យើងធ្វើការផាកពិន័យទៅតាមច្បាប់»។
យោងតាមតួលេខបឋមដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលមានដើមកំណើតពីសត្វគិតចាប់ពីថ្ងៃទី ១ រហូតមកដល់ថ្ងៃទី ១៦ មករា ឆ្នាំ ២០២២ នេះ ក្រុមការងារទូទាំងប្រទេសបង្ក្រាបបានបទល្មើសនាំចូលចរាចរណ៍សាច់សត្វ និងជ្រូករស់ខុសច្បាប់ជាង ៦០ ករណី។ ក្នុងនោះ បានដុតកម្ទេចចោលជិត ១០ ករណី បន្ទាប់ពីរកឃើញវត្ថុតាងទាំងនោះមានផ្ទុកជំងឺ។
ជាមួយគ្នានេះលោក ហ៊ុន សារ៉ាត់ ឱ្យដឹងដែរថាដោយសារក្នុងពេលនេះ រដូវបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខិតជិតមកដល់ លោកសង្កេតឃើញបទល្មើសនៃការនាំចូលសត្វជ្រូកទាំងរស់ និងងាប់មានការកើនឡើង ប៉ុន្តែបទល្មើសទាំងនេះត្រូវបានបង្ក្រាបជាបន្តបន្ទាប់។
លោកបញ្ជាក់ថា៖ «យើងនៅតែខំពង្រឹងបន្ថែមទៀត ចំពោះការទប់ស្កាត់ការលួចនាំចូលពីប្រទេសជិតខាងយើង ហើយបណ្តាញរបស់យើងមានគ្រប់ទីកន្លែងអស់ហើយ ដើម្បីធ្វើការស៊ើបអង្កេតពីការនាំចូល ដែលមានការហាមឃាត់ ឬមិនមានច្បាប់អនុញ្ញាត»។
តាមមាត្រា ១១៣ នៃច្បាប់ស្ដីពីសុខភាពសត្វ អ្នកនាំចូលផលិតផលសត្វពីក្រៅប្រទេសដែលគ្មានលិខិតអនុញ្ញាតនឹងត្រូវផ្តន្ទាទោសដោយផាកពិន័យអន្តរកាណ៍ ពី ១០ លានរៀល ទៅ ១៥ លានរៀល។ កាលពីឆ្នាំ ២០២១ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលមានដើមកំណើតពីសត្វបានបង្ក្រាបបទល្មើសនាំចូលចរាចរណ៍សាច់សត្វ និងជ្រូករស់ខុសច្បាប់ជាង ៣០ ករណី។ នេះបើតាមលោក ហ៊ុន សារ៉ាត់៕