The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ត្រឹម​ថ្ងៃទី​ ៣១​ ធ្នូ​ ឆ្នាំ​ ២០២១ ​គណៈមេធាវី​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន​ ៥ ១៨២ ​ករណី

ត្រឹម​ថ្ងៃទី​ ៣១​ ធ្នូ​ ឆ្នាំ​ ២០២១ ​គណៈមេធាវី​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន​ ៥ ១៨២ ​ករណី

Content image - Phnom Penh Post
ពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​ទៅ​ពឹងពាក់​មេធាវី​នៅ​ការិយាល័យ​មេធាវី ពីថ្ងៃ​ទី​ ១១ មករា ឆ្នាំ ​២០២២​។ រូប គណៈមេធាវី

ត្រឹម​ថ្ងៃទី​ ៣១​ ធ្នូ​ ឆ្នាំ​ ២០២១ ​គណៈមេធាវី​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន​ ៥ ១៨២ ​ករណី

ភ្នំពេញៈ គិត​មកដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាត់តាំង​មេធាវី​ឱ្យ​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន​ចំនួន ៥ ១៨២ ករណី​ក្នុង​នោះ​មានកូន​ក្តី​សរុប​ចំនួន ៨ ៤២៥ នាក់ (​ស្ត្រី ៦៩៥ ​នាក់​) និង​សំណុំរឿង​អនីតិជន​មាន​ចំនួន​ ១ ៤៥៣ ករណី​ដែលមាន​កូនក្ដី​ជា​អនីតិជន​សរុប ១ ៩៦៨ នាក់​។

បើ​យោងតាម​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​រយៈពេល​ ១ ​ឆ្នាំ​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណ​ត្ដិ​ទី​ ១៣ (​ខែតុលា​ឆ្នាំ​ ២០២០ ដល់​ខែកញ្ញា ឆ្នាំ​ ២០២១) ​ដែល​លោក​មេធាវី អាន សុវឌ្ឍនា អ្នកនាំពាក្យ​គណៈមេធាវី​ផ្ដល់ឱ្យ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៧ មករា ២០២២​។

លោក សុវឌ្ឍនា បាន​ថ្លែងថា គណៈមេធាវី​ទោះ​ក្នុង​ឆ្នាំ​ ២០២១ ទោះបី​ជួប​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​ក៏​លោក​ប្រធាន​គណៈមេធាវី​បាន​ខិតខំ​ប្រឹងប្រែង​ជម្នះ​រាល់​ឧបសគ្គ អនុវត្ត​បេសកកម្ម​ដែល​បាន​ដាក់ចេញ សម្រាប់​ដឹកនាំ​គណៈមេធាវី​ដោយបាន​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី​ក្នុងការ​បំពេញ​ការងារ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន និង​ដើម្បី​លើកកម្ពស់​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង សេចក្តី​ថ្លៃថ្នូរ និង​ក្រមសីលធម៌​មេធាវី ជាពិសេស​ធានា​ឱ្យបាន​នូវ​ផលប្រយោជន៍​របស់​មេធាវី និង​ការទទួលស្គាល់​តួនាទី​មេធាវី​ក្នុងសង្គម ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​។

លោក​បានឱ្យដឹងថា​៖ «​បច្ចុប្បន្ន​គណៈមេធាវី​មាន​យន្តការ​ ៣ ​សំខាន់ៗ​ក្នុង​ការផ្តល់សេវា​ជំនួយ​ផ្នែក​ច្បាប់​ជូន​ជនក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា ទី​ ១ គឺ​គម្រោង​ការពារ​ក្តី​ជូន​ជនក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ៥ ០៣៣ ករណី (​កូនក្តី​សរុប​ចំនួន ៨ ២៧៣ ​នាក់ ស្ត្រី ៥៧៥ នាក់ និង​អនីតិជន​ ១ ៩៦៨ ​នាក់​)»​។

ទី​ ២​ គណៈមេធាវី​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ ដើម្បី​ស្ត្រី​លើ​គម្រោង​ផ្តល់​មេធាវី​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ក្នុង​អំពើហិង្សា​របស់​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​ស្ត្រី ចំនួន ១០៧ ករណី (​កូនក្តី​សរុប​ចំនួន ១១០ ​នាក់ ស្ត្រី​ ១១០​ នាក់ និង​កុមារី​ ៦៩​ នាក់​)​។ ទី​ ៣ គម្រោង​ពិគ្រោះ​យោបល់ និង​ការការពារ​ក្តី​ជូន​ជនក្រីក្រ​ដោយ​ឥត​គិត​កម្រៃ ដែលជា​គំនិត​ផ្តួចផ្តើម​របស់លោក លី ច័ន្ទតុលា ប្រធាន​គណៈមេធាវី​ចំនួន ៤២ ករណី (​ចំនួន​កូនក្តី​សរុប​ចំនួន​ ៤២​ នាក់ ស្ត្រី​ ១០​ នាក់​ និង​អនីតិជន ១ ​នាក់​) ក្នុងនោះ​មាន​មេធាវី​ស្ម័គ្រចិត្ត​ចំនួន ៣៧៨ រូប ក្នុង​ការជួយ​ការពារ​ក្តី​ជូន​ជនក្រីក្រ​នៅ​ទូទាំងប្រទេស​ក្នុង​គម្រោង​ថវិកា​ដែល​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​មាន​ករណី​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ស្របតាម​គោលនយោបាយ​បាន ១៩៩ ករណី​។

លោក សុវឌ្ឍនា បានឱ្យដឹងថា ដើម្បីឱ្យ​កិច្ច​ការផ្តល់​សេវាកម្ម​ផ្នែក​ច្បាប់​ជូន​ជនក្រីក្រ​បាន​ឆាប់រហ័ស​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​រាល់​ការបញ្ជូន​ឯកសារ​ស្នើសុំ​មេធាវី​ និង​លិខិត​ចាត់តាំង​មេធាវី គឺធ្វើឡើង​តាម​ប្រព័ន្ធ​តេឡេក្រាម​ជាបឋម ឯ​សំណៅ​ដើម​នឹង​បញ្ជូន​នៅពេល​ក្រោយ​។ លោក​បន្តថា ក្នុង​កិច្ចការ​គ្រប់គ្រង​ទិន្ន័យ​រឿងក្តី​ជនក្រីក្រ គឺ​ធ្វើការ​គ្រប់គ្រង​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។ គ្រប់​ការិយាល័យ​ប្រតិភូ​ប្រចាំ​រាជធានី​-​ខេត្ត និង​ប្រចាំ​សាលា​ឧទ្ធរណ៍​ភ្នំពេញ សាលាឧទ្ធរណ៍​តំបន់​នីមួយៗ​ត្រូវបាន​ដំឡើង​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​រួម និង​បញ្ជូនមក​ប្រព័ន្ធគ្រប់គ្រង​រួម​នៅ​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​នៃ​គណៈមេធាវី​។ ខណៈ​ថ្មីៗ​នេះ គណៈមេធាវី​បានទទួល​ការឯកភាព​ពី​តុលាការ​កំពូល​ក្នុង​ការបង្កើត​ការិយាល័យ​ប្រតិភូ​មេធាវី​ប្រចាំ​នៅ​តុលាការ​កំពូល​ផងដែរ​។

តាមរយៈ​អនុស្សរណៈ​ថ្មី​នេះ រឿងក្ដី​អាច​ទទួល​ពី​ប្រភព​មន្ត្រីនគរបាល​យុត្តិធម៌ តុលាការ​គ្រប់​ជាន់ថ្នាក់ មន្ទីរ​កិច្ចការនារី​រាជធានី​-​ខេត្ត ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ក្រសួង​កិច្ចការនារី និង​តាមរយៈ​ជនរងគ្រោះ​មក​ពឹងពាក់​ផ្ទាល់​នៅ​ការិយាល័យ​ប្រតិភូ​គណៈមេធាវី​ ឬ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រភេទ​រឿងក្តី​ដែល​ទទួល​ការពារ​ក្តី​ជូន​ដល់​ស្ត្រី និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើហិង្សា​ផ្តោតលើ​អំពើហិង្សា​ក្នុង​គ្រួសារ អំពើ​បំពាន​ផ្លូវភេទ អំពើ​អាជីវកម្ម ផ្លូវភេទ ករណី​លែងលះ​ដែល​បណ្តាលមកពី​អំពើហិង្សា​ក្នុង​គ្រួសារ​រ៉ាំរ៉ៃ និង​ករណី​ផ្សេងទៀត​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ជាដើម​។

បើតាម​លោក សុវឌ្ឍនា ក្នុង​ឆ្នាំ​ ២០២១ ​កន្លងទៅនេះ រាជរដ្ឋាភិបាល​បានផ្តល់​ថវិកា​សម្រាប់​ចំណាយ​លើ​គម្រោង​ការពារ​ក្តី​ជូន​ជនក្រីក្រ​ជូន​គណៈមេធាវី​ចំនួន ២ ០០០ លាន​រៀល ដែល​អាចមាន​លទ្ធភាព​ទូទាត់​បាន​ចំនួន ៤ ៦៧២ សំណុំរឿង​។ ចំពោះ​ថវិកា​សម្រាប់​ចំណាយ​លើ​គម្រោង​ការពារ​ក្ដី​ជូន​ជនក្រីក្រ​ក្នុង​ឆ្នាំ​ ២០២២ ខាងមុខនេះ រាជរដ្ឋាភិបាល​បានសម្រេច​ផ្ដល់ជូន​គណៈមេធាវី​រហូត​ដល់​ចំនួន ២ ៦០០ លាន​រៀល​។

លោក សុវឌ្ឍនា បញ្ជាក់ថា​៖ «​យើង​រួម​គា្ន​ដើម្បី​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី គឺជា​ចក្ខុវិស័យ​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម លី ច័ន្ទតុលា ប្រធាន​គណៈមេធាវី អាណត្តិ​ទី​ ១៣ (២០២០-២០២២)»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍