The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណៈគ្រូពេទ្យ​ជាតិ ព្រមាន​អ្នកបើក​​កន្លែង​ពិគ្រោះ​ជំងឺ​គ្មាន​ការអនុញ្ញាត

គណៈគ្រូពេទ្យ​ជាតិ ព្រមាន​អ្នកបើក​​កន្លែង​ពិគ្រោះ​ជំងឺ​គ្មាន​ការអនុញ្ញាត

Content image - Phnom Penh Post
លោក ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈគ្រូពេទ្យ​ជាតិ​​។ រូបថត FN

គណៈគ្រូពេទ្យ​ជាតិ ព្រមាន​អ្នកបើក​​កន្លែង​ពិគ្រោះ​ជំងឺ​គ្មាន​ការអនុញ្ញាត

សៀមរាបៈ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈគ្រូពេទ្យ​ជាតិ​លោក ធា គ្រុយ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​គ្រូពេទ្យ​ដែល​លួច​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​អ្នកជំងឺ​គ្មាន​ការអនុញ្ញាត​ ឬ​មិនបាន​ចុះ​បញ្ជិកា​។

ការព្រមាន​នេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​បើក​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​ ១២ នៅ​ខេត្តសៀមរាប​តាម​ប្រព័ន្ធ​ Zoom ពីថ្ងៃ​ទី​ ១៦ ខែមករា ឆ្នាំនេះ​។

លោក​បាន​ថ្លែងថា ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នេះ​ពិតជា​សំខាន់​ណាស់​ក្នុងការ​ពង្រឹង​ និង​បង្កើន​ការពិនិត្យ​តាមដាន​នូវ​អ្វីដែល​កើតឡើង​ថ្មី និង​ប្រែប្រួល​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​។ ​គ្រូពេទ្យ​ទាំងអស់​បើ​ចង់​បន្ត​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យបង្អែក​ខេត្ត​ណាមួយ​ត្រូវមាន​កាតព្វកិច្ច​ចុះ​​បញ្ជី​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ជាដាច់ខាត ហើយ​បើ​ពុំ​នោះទេ មិន​អនុញ្ញាត​ឱ្យ​ប្រកប​របរ​វេជ្ជសាស្ត្រ​ឡើយ​។

លោក​ថា​៖ «​ការចុះ​បញ្ជិកា​ក្នុង​ការប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​​ពិតជា​ចាំបាច់​ណាស់​ដើម្បីឱ្យ​យើង​ដឹងថា តើ​គ្រូពេទ្យ​ទាំងនោះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​អ្នកជំងឺ​ឬ​អត់​?

ដោយឡែក​ចំពោះ​គ្រូពេទ្យ​ដែល​​មិនបាន​ចុះ​បញ្ជិកា ហើយ​លួចលាក់​ព្យាបាល​អ្នកជំងឺ​នោះ​មានន័យថា ខុសច្បាប់​»​។

ទន្ទឹមនឹងនេះ លោក​បាន​ណែនាំ​ឱ្យ​គណៈគ្រូពេទ្យ​ខេត្ត​សៀមរាប​ត្រូវ​ចុះ​ស្រង់​បញ្ជី​គ្រូពេទ្យ​ទាំងនោះ រួច​បញ្ជូនមក​មន្ទីរ​សុខាភិបាល​ខេត្ត រដ្ឋបាលខេត្ត និង​គណៈ​គ្រូពេទ្យ​ជាតិ ដើម្បី​ «​មាន​វិធានការ​តាមផ្លូវ​ច្បាប់​»​។

យ៉ាងណាក្ដី លោក​វេជ្ជបណ្ឌិត ធា គ្រុយ បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​សហភាតរៈ​ដែល​ពុះពារ​ជម្នះ​បញ្ហា​ប្រឈម​ និង​ការលំបាក​ជា​​ច្រើន​ក្នុងការ​បំពេញភារកិច្ច​នាពេល​កន្លងមក​ ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ពលរដ្ឋ​ដែល​មក​ស្វែងរក​សេវា​ពិនិត្យ ព្យាបាល​សុខភាព​បាន​ប្រសើរ​។

លោក​បាន​បន្តថា ដើម្បីឱ្យ​ការផ្តល់​សេវា​នេះ​ប្រសើរ និង​មាន​គុណភាព​ត្រូវ​មាន​កត្តា​ជាច្រើន​​ក្នុងនោះ​មាន​កត្តា​ ២ ​ដែល​ចាំបាច់​គឺ​សមត្ថភាព​បច្ចេកទេស និង​ក្រមសីលធម៌​វិជ្ជាជីវៈ ។

ជុំវិញ​ការណែនាំ​នេះ លោក​វេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តសៀមរាប​បានឱ្យដឹងថា បច្ចុប្បន្ន​ខេត្តសៀមរាប​មាន​គ្រូពេទ្យ​ជាតិខ្មែរ​ ៥៧៤ ​នាក់ និង​គ្រូពេទ្យ​ជនជាតិ​បរទេស​ចំនួន​ ៩៨​ នាក់​បាន​ចុះ​បញ្ជិកា​ចូល​ជា​​សមាជិក​គណៈ​គ្រូពេទ្យ​ខេត្ត​សៀមរាប​រួចហើយ លើកលែងតែ​គ្រូពេទ្យ​ចំនួន​ ៨៧​ នាក់​ទៀត​ប៉ុណ្ណោះ ដែល​នៅ​មិនទាន់​មក​ចុះ​បញ្ជិកា ឬ​បញ្ជិកា​ផុត​សុពលភាព​។

លោក ​ចាន់ថុល បាន​ថ្លែងថា​៖ «​ក្រុមគ្រូពេទ្យ​ដែល​មិនទាន់​​ចុះ​បញ្ជិកា សូម​ប្រញាប់​រួសរាន់​ទៅ​ចុះឈ្មោះ​ដើម្បីឱ្យ​ស្របតាម​​ច្បាប់​...»៕

អត្ថបទគួរចាប់អារម្មណ៍