The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ទេសចរណ៍​រៀបចំ​តាំងពិព័រណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ទេសចរ

ក្រសួង​ទេសចរណ៍​រៀបចំ​តាំងពិព័រណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ទេសចរ

Content image - Phnom Penh Post
តំណាង​ក្រុមហ៊ុន​កំពុង​រៀបចំ​កន្លែង​តាំងពិព័រណ៍​នៅ​ថ្ងៃទី​ ១៧ ​មករា​។ ហេង ជីវ័ន

ក្រសួង​ទេសចរណ៍​រៀបចំ​តាំងពិព័រណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ទេសចរ

ព្រះសីហនុៈ ក្រសួង​ទេសចរណ៍​រៀបចំ​ការតាំងពិព័រណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​រយៈពេល​ ៤ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២១ មករា ដែល​ការតាំងពិព័រណ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​ចូលមក​តំបន់​អាស៊ាន​កាន់តែច្រើន​។ នេះ​បើតាម លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។

លោក​ប្រធាន​មន្ទីរ​បាន​ថ្លែង​នៅ​ថ្ងៃទី ១៧ ខែមករា​ថា ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ខេត្ត​ព្រះសីហនុ​នេះ​មាន​រៀបចំ​ពិព័ណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដែលមាន​អ្នកលក់ (Sellers) សរុប​ចំនួន​ ១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន ​៤០ ក្រុមហ៊ុន សារព័ត៌មាន​ចំនួន ២០ ស្ថាប័ន និង​ភ្ញៀវ​ចូល​រួមមាន​ចំនួន ៣២២ ​នាក់​មកពី​ប្រទេស​ចំនួន​ ២៧​។

លោក​ឱ្យដឹងថា ការរៀបចំ​ពិព័រណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​នេះ គឺ​ផ្តោតលើ​ជំនាញ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ (Food and Beverage Services) គេហកិច្ច (Housekeeping) និង​ជំនាញ​ស្រា​ក្រឡុក (Cocktail and Mocktail) ដែលមាន​ប្រយោជន៍​សម្រាប់​អ្នកចូលរួម​អាច​សិក្សា​រៀន​សូត្រ​បន្ថែម ក៏ដូចជា​ទទួលបាន​ឱកាស​ហ្វឹកហាត់​ជំនាញ​ផ្ទាល់ និង​ចូលរួម​ការប្រកួត​ជំនាញ​ខ្នាតតូច​ក្នុង​កម្មវិធី​នោះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​គាត់​មានឱកាស​ជួប​អ្នកទិញ អ្នកលក់​ក្រុមហ៊ុន​ធំៗ ក្រៅប្រទេស​ក្នុងស្រុក​អី ជាពិសេស​ក្នុងស្រុក​ខ្មែរ​ដែល​យើង​ជា​ម្ចាស់ផ្ទះ​។ អ៊ីចឹង​គាត់​នឹង​អាច​ថា ធ្វើការ​ផ្សព្វផ្សាយ​រួមគ្នា​ហើយ​និង​អាច​ជំរុញ​គោលដៅ​រួមគ្នា គឺ​ធ្វើ​ម៉េច​ឱ្យ​ទេសចរ​ចូលមក​អាស៊ាន​កាន់តែច្រើន ក៏ដូចជា​ក្នុងប្រទេស​ទាំង​ ១០ ​ហ្នឹង​»​។ លោក​ប្រធាន​មន្ទីរ​ប្រាប់ថា គណៈកម្មការ​គ្រប់គ្រង​គម្រោង​ហូកា​នៃ​ក្រសួង​ទេសចរណ៍​បាន​ជំរុញ​ការផ្សព្វផ្សាយ និង​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​កម្ពុជា ជាពិសេស​ឆ្លើយតប​ទៅនឹង​ពាក្យស្លោក​របស់​លោក​រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ ដែល​តែងតែ​លើកឡើងថា «​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ជា​អាយុជីវិត​របស់​អ្នក (Tourism Skills is Your Life!»​។

កញ្ញា​ ណុច សុភួង នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ឡេតស៍​ហ្គោត្រាវែល & ធួរ - ថ្លែង​នៅ​ថ្ងៃទី​ ១៧ ខែមករា​ថា ការតាំង​ពិព័រណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ពិតជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ទេសចរណ៍​អាច​ចូលរួម និង​បង្ហាញ​ពី​ផលិតផល​របស់ខ្លួន​ទៅកាន់​សាធារណជន​ដែល​នឹងចូលរួម​ក្នុង​ពិព័រណ៍​នោះ ជាពិសេស​ភ្ញៀវ​បរទេស ឬ​ក្នុងស្រុក​ក៏ដោយ ប៉ុន្តែ​ការរៀបចំ​ពិព័រណ៍​ក្នុងអំឡុង​ពេលនេះ​ហាក់ដូចជា​មិនសូវ​ត្រូវ​ពេល​បន្តិច​ ដោយសារតែ​បញ្ហា​កូវីដ​។ កញ្ញា​ថ្លែងថា៖ «​បើសិនជា​ធ្វើឡើង​នៅ​ថ្ងៃ​ធម្មតា ដែល​មិនមាន​ករណី​ប្រធាន​ស័ក្តិ​ ឬ​គ្រោះ​ធម្មជាតិ​កើតឡើង នោះ​កាន់តែ​ល្អ ដែល​យើង​អាច​បង្ហាញ​ពី​វិស័យ​ទេសចរណ៍ ក៏ដូចជា​ជំនាញ​វិជ្ជាជីវៈ​ខាង​ទេសចរណ៍ ឬក៏​ពី​ផលិតផល​ទេសចរណ៍​បាន​ទៅឱ្យ​ភ្ញៀវ​ទាំង​ក្នុងស្រុក ក៏ដូចជា​ក្រៅ​ស្រុក​បានដឹង​» ។

ឆ្លើយតប​ក្នុង​ចំណុច​នេះ លោក តាំង សុចិត្តគ្រឹស្នា បាន​ថ្លែងថា ពិព័រណ៍​នេះ គឺ​បង្ហាញ​ពី​ការបើក​គោលដៅ​ទេសចរណ៍​អាស៊ាន​ដែលជា​គោលដៅ​មាន​សុវត្ថិភាព មាន​ភាព​ទាក់ទាញ​មាន​ផលិតផល សេវាកម្ម​សម្បូរបែប ជាពិសេស​ជា​គោលដៅ​សុវត្ថិភាព​ដែល​ភ្ញៀវ​អាច​ទៅហើយ​ត្រឡប់មកវិញ រួមទាំង​អ្នកវិនិយោគ​។

លោក​ថា៖ «​ចង់​បង្ហាញថា អាស៊ាន​យើង​រួមគ្នា​សហការ​ក្នុង​ការបើក​គោល​ដៅ​ក្នុងប្រទេស​ទាំង​ ១០ ព្រោះ​នៅក្នុង​ពិភពលោក​ជាទូទៅ​គេ​មិនទាន់​បើក​ទេ​មានន័យថា យើង​បានធ្វើការ​រួមគ្នា​ជាមួយ​នឹង​ការទប់ស្កាត់​កូវីដ និង​ការធ្វើការងារ​ទេសចរណ៍​ហ្នឹង​គឺ យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​» ។

លោក​បញ្ជាក់ថា ការធ្វើ​ពិព័រណ៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នេះ​ថ្វីដ្បិត​តែ​ជា​ជ្រុង​មួយ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន ប៉ុន្តែ​នេះ​គឺជា​ឱកាស​ដែល​កម្រ​មាន ហេតុនេះ​ត្រូវតែ​រៀបចំ​ធ្វើ​។

លោក​បញ្ជាក់ថា​៖ «​អាហ្នឹង​វា​ជា​គោលការណ៍​របស់​អាស៊ាន ព្រោះ​មានន័យថា ១០ ប្រទេស​ប្តូរ​វេន​គ្នា ធ្វើ​ម្ចាស់ផ្ទះ ​១ ​ឆ្នាំ​ម្តង អ៊ីចឹង​យើង​ត្រូវធ្វើ បើ​យើង​អត់​ធ្វើ​យើង​នឹង​ខក ហើយ​ត្រូវ​ចាំ​ ១០​ឆ្នាំ​ទៀត​ទម្រាំ​យើង​បាន​ធ្វើជា​ម្ចាស់ផ្ទះ​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​ថ្លែង​នៅ​ថ្ងៃទី​ ១៧ ខែមករា​ថា វេទិកា​ទេសចរណ៍​អាស៊ាន​បាន​ចូលដល់​លើក​ទី​ ៣​ហើយ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​នោះ​ការតាំងពិព័រណ៍​ជំនាញ​ទេសចរណ៍​អាស៊ាន​នេះ ក៏បានផ្តល់​ផលប្រយោជន៍​ដ៏ល្អ​មួយ​សម្រាប់​និស្សិត​ជាពិសេស​តាម​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​ក៏ដូចជា​អ្នកជំនាញ​ទេសចរណ៍​តែម្តង​ដែល​គាត់​អាច​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅមក​ដោយ​សំឡេង​តែមួយ ការប្រតិបត្តិ​តែមួយ​។

លោក​ថ្លែងថា៖ «​យើង​ឃើញ​ហើយ​ពាក់ព័ន្ធ​ជាមួយនឹង​ទេសចរណ៍​តាមផ្លូវ​គោក​យ៉ាងម៉េច ទេសចរណ៍​អេកូ​យ៉ាងម៉េច​? ទេសចរណ៍​វប្បធម៌​យ៉ាងម៉េច​? ទេសចរណ៍​ធម្មជាតិ​យ៉ាងម៉េច​? ទេសចរណ៍​កសិកម្ម​យ៉ាងម៉េច​? ប៉ុន្តែ​ទន្ទឹមនឹងនេះ ការចេញចូល​នៅក្នុង​សហគមន៍​អាស៊ាន​ទាំងមូល​ក៏មាន​ភាពងាយស្រួល​បើសិនជា​អ្នកនោះ គាត់​ក្លាយជា​អ្នកជំនាញ​ទេសចរណ៍ គាត់​អាច​ចេញទៅ​បង្រៀន យើង​អាច​ទទួល​គេ គេ​អាច​ទទួល​យើង​»៕

អត្ថបទគួរចាប់អារម្មណ៍