ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា អគ្គលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ (Lim Jock Hoi) គាំទ្រគោលបំណងរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលស្របទៅនឹងកិច្ចព្រមព្រៀងទាំង ៥ ចំណុចរបស់មេដឹកនាំអាស៊ាន។ លោកក៏បានស្នើលោក Hoi ជំរុញប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ានថ្មីនាពេលខាងមុខផងដែរ។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់នៅថ្ងៃទី ១៧ មករាថា៖ «ទាក់ទងទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ឯកឧត្តមក៏បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់កម្ពុជាជាពិសេសគោលបំណងរបស់កម្ពុជាដែលបានអនុវត្តស្របទៅចំណុចទាំង ៥ [កុងសង់ស៊ីស] នោះ»។
ការបង្ហោះសារលើហ្វេសប៊ុកនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន មានជំនួបជាមួយលោក Hoi នៅថ្ងៃទី ១៧ មករា ដែលជាផ្នែកមួយនៃការមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ទី ១៩ ខែមករា ដើម្បីស្វែងរកមធ្យោបាយពង្រឹងអាស៊ានឱ្យល្អប្រសើរ និងស្អិតល្មួតខ្លាំងឡើងវិញ បន្ទាប់ពីសមាគមមួយនេះប្រឈមបញ្ហាផ្ទៃក្នុង។
អាស៊ានជួបវិបត្តិផ្ទៃក្នុង ក្រោយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង (Min Aung Hlaing) ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី អ៊ុងសាន សូជី កាលពីខែកុម្ភៈ ឆ្នាំ ២០២១។ មេដឹកនាំយោធារូបនេះ មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីខែតុលា ឆ្នាំ ២០២១ ដោយមូលហេតុមិនបានអនុវត្តតាមកិច្ចព្រមព្រៀងទាំង ៥ ចំណុចរបស់អាស៊ានដែលក្នុងនោះតម្រូវឱ្យមានការបញ្ឈប់អំពើហិង្សាផងដែរ។
ទំព័រហ្វេសប៊ុកដដែលបន្តថា៖ «សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអាស៊ានជំរុញក្នុងការរៀបចំកិច្ចប្រជុំពេញអង្គ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយដល់មីយ៉ាន់ម៉ាដែលកន្លងមកប្រទេសជប៉ុនក៏បានគាំទ្រចំពោះគំនិតបង្កើតកិច្ចប្រជុំដើម្បីសកម្មភាពមនុស្សធម៌ជួយដល់ប្រទេសមីយ៉ាន់ម៉ានេះផងដែរ»។
លោកប្រាប់លោក Hoi ថា គោលបំណងរបស់លោកទៅកាន់មីយ៉ាន់ម៉ាកាលពីថ្ងៃទី ៧-៨ ខែមករា គឺធ្វើយ៉ាងណា ដើម្បីឱ្យមានបទឈប់បាញ់ បញ្ឈប់អំពើហិង្សា ផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ាដែលត្រូវការចាំបាច់ និងបើកច្រកទ្វារនៃការចរចារកដំណោះស្រាយជាពិសេសសម្រាប់ការងារប្រេសិតពិសេសអាស៊ាន។
លោកនាយករដ្ឋមន្ត្រីក៏បានប្រាប់លោក Hoi អំពីគំនិតផ្ដួចផ្ដើមរបស់លោកដែលស្នើឡើងក្នុងការជំរុញដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាឱ្យទៅមុខតាមរយៈការបង្កើនយន្តការត្រីភាគីចូលរួមដែលមានកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំនេះ ប្រ៊ុយណេដែលជាប្រធានអាស៊ានឆ្នាំមុន និងឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានឆ្នាំក្រោយ បូកជាមួយនឹងអគ្គលេខាធិការអាស៊ានដើម្បីធ្វើការជាមួយគ្នា។
លោក ហ៊ុន សែន បានស្នើឱ្យលោក Hoi ជួយជំរុញការគាំទ្រដល់សមាជិកភាពរបស់ប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាននាពេលខាងមុខនេះ ដោយលោកលើកឡើងថា៖ «យើងបានធ្វើការងារនេះ ១១ ឆ្នាំហើយ ដែលប្រទេសនេះបានរង់ចាំយូរហើយ»។
ទាក់ទងនឹងសមាជិកភាពរបស់ប្រទេសនេះដែរ ហ្វេសប៊ុកលោក ហ៊ុន សែន អះអាងថា លោក Hoi នឹងបន្តផ្ដល់ការគាំទ្រផ្ដល់ការបណ្ដុះបណ្ដាលសមាសភាពដល់មន្ត្រីនៃប្រទេសទីម័រខាងកើតនេះហើយអ្វីដែលលោក Hoi ចង់ឃើញគឺវឌ្ឍនភាពនៃការត្រៀមចូលជាសមាជិកថ្មីរបស់ទីម័រខាងកើតក្នុងសមាជិកអាស៊ាននេះ។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ មករាថា ទស្សនកិច្ចរបស់អគ្គលេខាធិការអាស៊ានមកកាន់កម្ពុជានៅពេលនេះគឺជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានផង និងសម្របសម្រួលការងារដែលកម្ពុជាអាចស្នើសុំជួយរឿងជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា និងអាចបញ្ហាក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូងផងដែរ។
បើតាមហ្វេសប៊ុកលោក ហ៊ុន សែន លោកបានស្នើសុំឱ្យអគ្គលេខាធិការអាស៊ានជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចាលើក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) ឱ្យបានដំណើរការទៅមុខ។
ហ្វេសប៊ុកលោក ហ៊ុន សែន អះអាងថា លោក Hoi នឹងខិតខំជំរុញការអនុវត្តសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិសមភាគីសមុទ្រចិនខាងត្បូង (DOC) ជាពិសេសអាចផ្ដល់ទីតាំងអគ្គលេខាធិការអាស៊ានក្នុងការរៀបចំកិច្ចប្រជុំទាំងឡាយដើម្បីធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពនៃការចរចាទៅលើ COC។
លោក ហ៊ុន សែន ធ្លាប់បានប្រាប់រដ្ឋមន្ត្រីការបរទេសថៃលោក ដន ប្រាម៉ាត់ វីណៃ (Don Pramudwinai) កាលពីខែធ្នូ ឆ្នាំ ២០២១ ថា ជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះគឺត្រូវជំរុញការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិសមភាគីសមុទ្រចិនខាងត្បូង និងឱ្យប្រទេសដែលមានការពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូងចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណាសម្រេច COC ឱ្យបាននៅពេលដែលលោកធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ មករា ថា ក្នុងនាមជាប្រធានអាស៊ាន វាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការស្វែងរកការគាំទ្រពីអគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះសមុទ្រចិនខាងត្បូង។
លោកថ្លែងថា៖ «ប្រសិនបើកម្ពុជាអាចសម្របសម្រួលដល់ការបញ្ចប់ COC នៅឆ្នាំនេះ មុខមាត់របស់កម្ពុជានឹងប្រសើរឡើងយ៉ាងខ្លាំង»៕