បាត់ដំបងៈ ពលករចំនួន ២៥៨ នាក់ ត្រូវបានអាជ្ញាធរថៃប្រគល់ឱ្យនគរបាលព្រំដែនស្រុកសំពៅលូន និងស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី ១៦-១៧ មករា ក្នុងនោះពលករចំនួន ៥៤ នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយសារពួកគេមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩។
លោក វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងឱ្យដឹងថា នៅថ្ងៃទី ១៧ មករា ពលករចំនួន ២៣០ នាក់ (ស្រី ២២ នាក់ ក្នុងនោះ ក្មេង ៥ នាក់) ត្រូវបានអាជ្ញាធរនៃប្រទេសថៃប្រគល់មកបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩។ ពលករទាំងនោះមួយចំនួនមានបណ្ណចាក់វ៉ាក់សាំងពីប្រទេសថៃ និងមួយចំនួនទៀតគ្មានបណ្ណចាក់វ៉ាក់សាំងទេ ដែលបញ្ជូនមកតាមច្រកអូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកបន្តថា ចំពោះអ្នកដែលគ្មានបណ្ណចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ពីប្រទេសថៃនឹងត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ដើម្បីធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩។ ការងារទទួលពលករ នេះជាសមត្ថកិច្ចរបស់នគរបាលជួរមុខវរសេនាតូចលេខ ៨១៩។
លោកប្រាប់ថា៖ «ជាគោលការណ៍ ពលករមកពីប្រទេសថៃ ហើយគាត់បានចាក់វ៉ាក់សាំងរួចចំនួន ២ ដង គឺគ្រូពេទ្យនឹងអនុញ្ញាតឱ្យគាត់ត្រឡប់ទៅស្រុកកំណើតវិញបាន។ តែបើពលករទើបចាក់វ៉ាក់សាំងបានតែម្តងក៏តម្រូវឱ្យគាត់ ធ្វើចត្តាឡីស័ក និងចាក់វ៉ាក់សាំងបន្ថែមទៀតដែរ ទើបអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញបាន»។
លោកថា ពលករចំនួន ៤៤ នាក់ ក្នុងចំណោម ២៣០ នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន។ ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១៨៦ នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញ។ ការប្រគល់ជូនភាគីកម្ពុជានេះ គឺតាមរយៈលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរលេខ ៨១៩ សហការជាមួយកម្លាំងប៉ុស្តិ៍អូរអន្លក់ និងក្រុមគ្រូពេទ្យ។
លោក ហាត ឡៃឡែ ស្នងការរងទទួលបន្ទុកនគរបាលព្រំដែននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ១៧ មករា មិនអាចទាក់ទងសុំការបញ្ជាក់បានទេ ដោយ ទូរស័ព្ទមិនអាចទាក់ទងបាន។
លោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនឱ្យដឹងថា ការទទួលពលករពីប្រទេសថៃ ជាកិច្ចការរបស់នគរបាលការពារព្រំដែនវរសេនាតូចលេខ ៨១៧។ ប៉ុន្តែក្រោយនគរបាលព្រំដែនបំពេញការងាររបស់គាត់រួច ទើបបញ្ជូនរបាយការណ៍ទៅតាមជំនាញដែលស្រុករបស់លោកក៏ទទួលបានដែរ។
មន្ត្រីនគរបាលស្រុកសំពៅលូនប្រាប់ ដោយមិនឱ្យបញ្ចេញឈ្មោះថា កាលពីថ្ងៃទី ១៦ មករា ភាគីថៃ បានបញ្ជូនពលករចំនួន ២៨ នាក់ (ស្រី ១៧ នាក់) នៅភូមិពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងនោះមាន ១០ នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩៕
វីដេអូ៖