The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​កំពូល​បើក​សវនាការ​ជម្រះ​សំណុំរឿង​អតីតមន្ត្រី និង​គូកន​ប្រឆាំង​វិធាន​បិទ​ខ្ទប់​ជំងឺឆ្លង​កូវីដ​ ១៩

តុលាការ​កំពូល​បើក​សវនាការ​ជម្រះ​សំណុំរឿង​អតីតមន្ត្រី និង​គូកន​ប្រឆាំង​វិធាន​បិទ​ខ្ទប់​ជំងឺឆ្លង​កូវីដ​ ១៩

Content image - Phnom Penh Post
ជនជាប់ចោទ​ម្នាក់ និង​គូកន​ផ្សេងទៀត​មក​តុលាការ​។ រូបថត គឹម សារុំ

តុលាការ​កំពូល​បើក​សវនាការ​ជម្រះ​សំណុំរឿង​អតីតមន្ត្រី និង​គូកន​ប្រឆាំង​វិធាន​បិទ​ខ្ទប់​ជំងឺឆ្លង​កូវីដ​ ១៩

ភ្នំពេញៈ តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​អតីត​ផ្កាយ​ ២​ ម្នាក់ និង​គូកន ​២ ​នាក់​ទៀត​ក្នុង​សំណុំរឿង​ប្រឆាំងនឹង​វិធានការ​បិទខ្ទប់​របស់​រាជរដ្ឋាភិបាល ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​ដែល​ប្រព្រឹត្ត​កាលពី​អំឡុង​ខែមេសា ឆ្នាំ​ ២០២១ នៅ​ភូមិ​ដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣ រាជធានី​ភ្នំពេញ​។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ១៧ មករា លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​ក្នុង​អង្គសវនាការ​ថា សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ទី ​១- ​ឈ្មោះ អ៊ុង ចាន់ធួ​ក ភេទ ប្រុស អាយុ ៤៦​ ឆ្នាំ ទី​ ២- ​ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ ២៩ ​ឆ្នាំ និង​ទី​ ៣- ​ឈ្មោះ​ កុក ឃី ភេទ ប្រុស អាយុ ៣៥ ​ឆ្នាំ​។ ពួកគេ​ទាំង ​៣ ​នាក់​ត្រូវបាន​តុលាការ​ថ្នាក់​ក្រោម​ចោទ​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​។

លោក ឈុន វីនីតា មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ទាំង​ ៣​នាក់​បានធ្វើ​សេចក្តីសន្និដ្ឋាន​នៅ​ចំពោះមុខ​ចៅក្រម​នៅ​ថ្ងៃទី​ ១៧ មករា​ថា សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​កូនក្តី​របស់លោក គឺ​មិន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​ច្បាប់​ទេ ព្រោះ​បទល្មើស​នេះ​ជា​បទល្មើស​មជ្ឈិម ហើយ​លោក​ទទួលស្គាល់ថា​កូនក្តី​របស់លោក​ពិតជា​បំពាន​ទៅនឹង​វិធានការ​សុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបិទខ្ទប់​មិនឱ្យ​រាលដាល​នៃ​ជំងឺ​កូវីដ​ប្រាកដ​មែន​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​កូនក្តី​ខ្ញុំ​បានឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​សម្រួល​ហើយ​ពួកគាត់​ជួបជុំគ្នា​នៅតែ​មួយកន្លែង​មិន​បង្ក​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ ដល់​អ្នកដទៃ​ឡើយ​។ ​ខ្ញុំ​សូម​តុលាការ​មេត្តា​ដោះលែង​កូនក្តី​ខ្ញុំ​ទាំង​ ៣​ នាក់​ឱ្យមាន​សេរីភាព​ឡើងវិញ​ផង​»​។
លោក ច័ន្ទ តារារស្មី តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​នៅ​ចំពោះមុខ​ជនជាប់ចោទ​ទាំង​ ៣ ​នាក់​ក្នុង​បន្ទប់​សវនាការ​ថា លោក​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ទាំង​ ៣ ​នាក់​បានលើកឡើង​ក្នុង​អង្គ​សវនាការ​ថា​បទល្មើស​ដែល​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​កូនក្តី​របស់គាត់​គឺជា​បទល្មើស​មជ្ឈិម​។ រីឯ​កូនក្តី​របស់គាត់​ក៏បាន​សហការ​ជាមួយ​សមត្ថកិច្ច មិន​បង្ក​ការលំបាក​ឡើយ​។

លោក​ថ្លែងថា​៖ «​លោក​មេធាវី​បានស្នើ​សុំ​ដល់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ដោះលែង​កូនក្តី​គាត់​ទាំង​ ៣​ នាក់​។ ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ច្បាប់ និង​យុត្តិធម៌​សង្គម ខ្ញុំ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​តាមច្បាប់​»​។

តាម​អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា ឈ្មោះ អ៊ុង ចាន់ធួក មាន​ឋានៈ​ជា​ឧត្តមសេនីយ៍ទោ និង​មាន​តួនាទី​ជា​អនុប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។ ​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ១៦ ខែមេសា ឆ្នាំ​ ២០២១ ខណៈ​ពួកគេ​កំពុង​ជុំគ្នា​ផឹកស៊ី​រាំ​ច្រៀង ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​ទី​ ២ សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៩ ខែកក្កដា ឆ្នាំ ២០២១ ​ផ្ទន្ទាទោស​ឈ្មោះ​ អ៊ុង ចាន់ធួក ដាក់ពន្ធនាគារ​ ១​ ឆ្នាំកន្លះ និង​ពិន័យ​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​ ៥​ លាន​រៀល​។ រីឯ​ឈ្មោះ​ ឡាយ ភារុណ និង​ឈ្មោះ​ កុក ឃី ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់​ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​ ៥​ លាន​រៀល​ចូល​ថវិការដ្ឋ ចោទ​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​តាម​មាត្រា​ ៣​ មាត្រា​ ៤ និង​មាត្រា​ ១១​ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។ ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​នេះ​ជន​ជាប់ចោទ​ទាំង​ ៣​ នាក់​ប្តឹង​ឧទ្ធរណ៍​បន្តទៀត​ហើយ​ត្រូវបាន​បើកសវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ២៦ កញ្ញា ឆ្នាំ​ ២០២១ ​សម្រេច​តម្កល់​តាម​សាលក្រម​របស់​សាលាដំបូង​នៅ​ដដែល​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍