កោះកុងៈ អាជ្ញាធរខេត្ត​កោះកុង​បាន​សម្រេច​ដកហូត​ផ្ទៃដី​ទំហំ​ ១០២ ​ហិកតា ស្ថិតនៅ​ភូមិ​ទួលគគីរ​ក្រោម ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា​ទុកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដែល​កាន់កាប់​ដោយ​រដ្ឋបាល​ខេត្តកោះកុង បន្ទាប់ពី​មាន​ការកាប់​ទន្ទ្រាន​វាត​យក​ក្នុង​រយៈពេល​ជាង ​១ ​ឆ្នាំ​កន្លងមកនេះ​។

សេចក្តី​សម្រេច ចុះ​ថ្ងៃទី​ ១៤ ខែមករា ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង​បញ្ជាក់ថា​៖ «​ត្រូវ​ទុកជា​មោឃៈ​នូវ​រាល់​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ឯកសារ​ផ្សេងៗ​ទៀត ដែល​បញ្ជាក់​ពី​សិទ្ធិ​កាន់កាប់​ដី​មិន​ស្របច្បាប់​នៃ​ដី​ក្នុង​ទីតាំង​ដី​ទំហំ ១០២ ​ហិកតា ស្ថិតនៅ​ភូមិ​ទួលគគីរក្រោម ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​»​។

សេចក្តី​សម្រេច​បន្តថា រដ្ឋបាល​ស្រុក​មណ្ឌលសីមា និង​រដ្ឋបាល​ឃុំ​ទួល​គគីរ​ត្រូវ​សហការ​ជាមួយ​មន្ទីរ និង​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​នេះ ដើម្បី​ថែរក្សា និង​ការពារ​ទីតាំង​ដី​នេះ​ឱ្យបាន​គង់វង្ស​។

លោក សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៦ ខែមករា ថា ការដកហូត​ដីព្រៃ​នេះ ដោយសារ​មានការ​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​។ ការទន្ទ្រាន​នេះ​មាន​រយៈ​ជាង​ ១​ ឆ្នាំ​មកហើយ​ ហើយ​អាជ្ញាធរ ក៏បាន​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ផងដែរ​មុននឹង​ដកហូត​។

លោក​ថ្លែងថា​៖ «​ប្រជាជន​គាត់​ទៅ​កាប់ [​ទន្ទ្រាន​] យក​ហើយ​ចេះតែមាន​អ្នក​ស៊ីញ៉េ ផ្តិតមេដៃ​លក់​ចុះឡើងៗ​ហ្នឹង​។ វា​បញ្ហា​ទន្ទ្រាន​ដីធ្លី​ហ្នឹង ឧបមា​ថា បុគ្គល​ «​ក​» ​អ៊ីចឹងទៅ​គាត់​ទៅ​ទន្ទ្រាន​ហើយ​ដល់ពេល​ហើយ​គាត់​ចេះតែមាន​ឃុបឃិត​គ្នា​លក់ ពេលខ្លះ​ក៏មាន​អាជ្ញាធរ​ស៊ីញ៉េ ពេលខ្លះ​ក៏​អត់​អ៊ីចឹងទៅ​អាហ្នឹង​។ គ្រាន់តែ​ថា​ដី​ហ្នឹង​ជា​ដី​រដ្ឋ​ត្រូវតែ​ដកយក​មកវិញ​»​។

លោក សុខ សុទ្ធី បញ្ជាក់ថា ការដកហូត​ទុកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​នេះ​គឺ នៅពេល​ដែលមាន​តម្រូវការ​រដ្ឋ​នឹងធ្វើ​ការ​បែងចែក​ដី​នេះ​តទៅទៀត នាពេល​អនាគត​។ ការចេញ​សេចក្តី​សម្រេច​ដកហូត​ដី​នេះ គឺជា​ការប្រកាស​ឱ្យបាន​ដឹងថា ដី​នេះ​គឺជា​ដី​របស់​រដ្ឋ ដើម្បី​ចៀសវាង​ថ្ងៃក្រោយ មិនឱ្យ​មាន​អ្នក​ទៅ​ទន្ទ្រាន​យក​តទៅទៀត​។

លោក​បន្ត​ការទន្ទ្រាន​នេះ​ធ្វើឡើង​មិនមែន​ទ្រង់ទ្រាយ​ធំ​នោះទេ ហើយ​អាជ្ញាធរ​ក៏​មិនអាច​កំណត់​អត្ត​សញ្ញា​អ្នក​ដែល​ទន្ទ្រាន​បាន​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​ទន្ទ្រាន​មិនមែន​ទៅ​កាប់​ឱ្យ​យើង​ឃើញ​ទ្រង់ទ្រាយ​ធំ​ទេ ឧបមា​ថា ដី​ ១០២​ ហិកតា​អ៊ីចឹង កាប់​នៅ​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​អ៊ីចឹង ហើយ​យើង​កំណត់ថា មុខសញ្ញា​ណា​ក៏​យើង​អត់​ច្បាស់​ដែរ​។ ប៉ុន្តែ​កុំឱ្យ​ថ្ងៃក្រោយ​ទៅ វា​មានការ​យល់ច្រឡំ​ជាពិសេស​នៅ​ពីក្រោយ​ហ្នឹង​ថា​ដី​ហ្នឹង​បាន​ទៅលើ​បុគ្គល​នេះ​បុគ្គល​នោះ អ៊ីចឹង​។ យើង​ចេញ​សេចក្តី​សម្រេច​មួយ​ដូច​សេចក្តី​ប្រកាស​ព័ត៌មាន​អ៊ីចឹង សម្រេច​ថា ដី​នេះ​ដី​រដ្ឋ​ទេ អត់​មាន​អ្នកឯង​មក​យក​អ៊ីចេះ អ៊ីចុះ​បានទេ​»​។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ព្រៃ​នឹង​ដុះ​ឡើងវិញ​ក្នុង​រយៈពេល​ ១​ ឆ្នាំ​បើ​មិនមាន​ការទន្ទ្រាន​។

គួរ​បញ្ជាក់ថា កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ រដ្ឋបាលខេត្ត​កោះកុង​បានចេញ​សេចក្តី​សម្រេច​ដកហូត​ផ្ទៃដី​ទំហំ​ជាង ២៨ ​ម៉ឺន​ម៉ែត្រការ៉េ និង​ផ្ទៃដី​ទំហំ​ជាង ៤៧ ​ម៉ឺន​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ ខេត្តកោះកុង ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដែល​កាន់កាប់​ដោយ​រដ្ឋបាល​ខេត្តកោះកុង​។

ជាមួយ​គ្នានេះ រដ្ឋបាលខេត្ត​កោះកុង​បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ស្រុក​បទុមសាគរ និង​រដ្ឋបាល​ឃុំ​អណ្តូងទឹក​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ និង​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ដើម្បី​ដាំ និង​ថែទាំ​ដើម​ស្មាច់ ក្នុង​ទីតាំង​ដី​ដែល​ត្រូវបាន​ដកហូត​ទុកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​កាន់​កាប់​ដោយ​រដ្ឋបាល​ខេត្តកោះកុង​នេះ​ឡើងវិញ​ឱ្យបាន​ល្អប្រសើរ​៕