
លោក ហេង សំរិន និងភរិយាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញ។ រូប រដ្ឋសភា
ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភាកាលពីថ្ងៃទី ១៧ ខែមករា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីការពារជំងឺកូវីដ ១៩ ពិសេសដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិខ្មែរម្តងទៀត។
ការអំពាវនាវរបស់ប្រធានរដ្ឋសភាបានធ្វើឡើងក្នុងពេលដែលលោក និងភរិយា រួមទាំងសមាជិក សមាជិការដ្ឋសភា ទទួលចាក់វ៉ាក់សាំងដូសទី ៤ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីបង្ការជំងឺកូវីដ ១៩។
ថ្នាក់ដឹកនាំរដ្ឋសភាបានឱ្យដឹងថា ការផ្អាកសកម្មភាពសង្គម និងសេដ្ឋកិច្ចរបស់សកលលោកក៏ដូចជាប្រទេសកម្ពុជានាពេលកន្លងមក ពិតជាបានបង្កការលំបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ច សង្គម ជាពិសេសការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋម្នាក់ៗ។
លោក ហេង សំរិន ថ្លែងថា៖ «ដូច្នេះដើម្បីចៀសផុតពីការលំបាកទាំងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សាំង និងអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ មិនត្រូវធ្វេសប្រហែសឡើយ។ មានតែការចូលរួមរបស់យើងគ្រប់គ្នានោះទេ ទើបគ្រួសារយើង សង្គមជាតិយើង អាចឈ្នះនឹងជំងឺកូវីដ ១៩ បាន»។
លោក ហេង សំរិន ក៏បានអរគុណដល់បណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងឧបករណ៍វិទ្យាសាស្ត្រដល់កម្ពុជាក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ ១៩ ជាបន្តបន្ទាប់រហូតមក។
ដោយឡែក ក្នុងរយៈពេលជាង ១០ ថ្ងៃកន្លងមកនេះ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ឡើយ ខណៈដែលអ្នកឆ្លងវីរុសកូវីដ ១៩ ប្រភេទអូមីក្រុងត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ទាំងការនាំចូលពីក្រៅប្រទេស និងក្នុងសហគមន៍។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជារៀងរាល់ថ្ងៃនូវតួលេខនៃអ្នកឆ្លងវីរុសកូវីដ ១៩ និងអ្នកដែលបានស្លាប់ ដោយសារជំងឺនេះ បានបង្ហាញថា ចាប់ពីថ្ងៃទី ៤ ខែមករា មកដល់ថ្ងៃទី ១៦ ខែមករា កម្ពុជាមិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ ឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ថា ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ ១៩ ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស គឺជាយុទ្ធសាស្ត្រការពារអាយុជីវិតប្រជាពលរដ្ឋ និងជាយុទ្ធសាស្ត្រស្រោចស្រង់សេដ្ឋកិច្ចសង្គមដែលបានបាត់បង់ឡើងវិញ។ លោក ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ការអនុវត្តវិធានការ ៣ ការពារ និង ៣ កុំគឺនៅតែអនុវត្តបន្តបូករួមទាំងការចាក់វ៉ាក់សាំងដូសជំរុញ ដោយបានអនុវត្តបានយ៉ាងល្អទៅតាមការកំណត់របស់គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងកូវីដ ១៩ ទូទាំងប្រទេស។
គិតត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ មនុស្សចំនួនជាង ៤,៦ លាននាក់បានចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញនៅទូទាំងប្រទេស ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៤ ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ (១៤ ដល់ ១៦ ខែមករា) មានមនុស្សរហូតដល់ជាង ៦ ម៉ឺន ៦ ពាន់នាក់បានទទួលចាក់វ៉ាក់សាំងនេះ៕