ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បាន​បិទ​បញ្ចប់​ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ក្នុងដំណាក់កាល​នៃ​ការបិទផ្សាយ​នូវ​បញ្ជី​បោះឆ្នោត​ដំបូង​ និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ បន្ទាប់ពី​ក្រុម​​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ទទួលបាន​ពាក្យបណ្តឹង​សរុប​ចំនួន ៣៦ ​បណ្តឹង​។

យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ​ ២០២២ ក្នុង​ដំណាក់កាល​បិទ​ផ្សាយ​នូវ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ (​កបឃ.ស​) ​ទូទាំង​ប្រទេស​បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន ៣៦ ​បណ្តឹង ដែល​សុទ្ធសឹងតែ​ជា​ពាក្យ​បណ្តឹងតវ៉ា​។ ដោយឡែក​នៅ​ថ្នាក់ គ.ជ.ប និង​នៅ​ថ្នាក់​ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់​ទទួលបាន​ពាក្យបណ្តឹង​ណាមួយ​ឡើយ​។

អគ្គលេខាធិការរង គ.ជ.ប លោក​ សោម សូរីដា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​មាន​រយៈពេល​ ១០ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​ ៣ មករា ដល់​ថ្ងៃទី​ ១៣ មករា ឆ្នាំនេះ​។

លោក​បន្តថា គិត​មកទល់​ថ្ងៃ​បិទ​បញ្ចប់​នេះ គ.ជ.ប ទទួល​បណ្តឹង​សរុប​ចំនួន​ ៣៦ ​បណ្តឹង ដោយ​លោក​ចាត់ទុកថា គឺជា​​តួលេខ​មួយ​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​ក្រុមការងារ​ចុះឈ្មោះ​បោះឆ្នោត ដែល​បាន​យកចិត្តទុកដាក់​លើ​ការងារ​នេះ ទើប​ពុំ​សូវ​មាន​កំហុសឆ្គង​។

លោក​ថា​៖ «៣៦ ​បណ្តឹង​នេះ​​ជា​តួលេខ​មួយ​យើង​ថា ច្រើន​ក៏បាន​ថា តិច​ក៏បាន ប៉ុន្តែ​ថា​ច្រើន​មានន័យថា បងប្អូន​ប្រជាពលរដ្ឋ​គឺ​បាន​ទៅ​មើល​ឈ្មោះ​ខ្លួន​ហើយ ដូចនេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​ និង​សមត្ថភាព​ការងារ​របស់​ក្រុមការងារ​ចុះឈ្មោះ​បោះឆ្នោត​»​។

លោក​បានឱ្យដឹងថា ក្នុងចំណោម​ទាំង​ ៣៦ ​បណ្តឹង​នោះ​រួមមាន បណ្តឹង​ខ្លះ​កំពុង​ដោះយ ដើមបណ្តឹង​សុំ​ដក​ពាក្យបណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង និង​បាន​បដិសេធ​ពាក្យបណ្តឹង​ផងដែរ​។

លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​នៅ​កម្ពុជា​បាន​មើលឃើញថា ពាក្យបណ្តឹង​ចំនួន​ ៣៦ ​នេះ​នៅមាន​ចំនួន​តិច បើ​ប្រៀបធៀប​នឹង​ឈ្មោះ​បោះឆ្នោត​ជិត ​១០​ លាន​នាក់ ដែល​បង្ហាញថា​ប្រជាពលរដ្ឋ​មិនសូវ​ចាប់អារម្មណ៍​លើ​រឿងនេះ​។

លោក​បន្តថា​៖ «​ចំនួន​បណ្តឹង​នេះ​តិច​មែនទែន បើ​គិត​ជា​ភាគរយ​ព្រោះ​ឈ្មោះ​បោះឆ្នោត​ជិត​ ១០ ​លាន​នាក់ ដោយសារ​ប្រជាពលរដ្ឋ​អត់​សូវ​បាន​ទៅ​មើល​ឈ្មោះ នៅ​សាលាឃុំ សង្កាត់ អ៊ីចឹងទៅ​បណ្តឹង​ក៏មាន​តិច​ដែរ បើ​ពលរដ្ឋ​ទៅ​មើល​ច្រើន​គាត់​នឹង​ឃើញ​ការខុស​ច្រើន ហើយ​គាត់​នឹងមាន​ការតវ៉ា​»​។

បើតាម​លោក សំ គន្ធាមី មូលហេតុ​ដែល​ពលរដ្ឋ​មិនសូវ​បាន​ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយសារ​ពួកគាត់​មិនសូវ​ចាប់អារម្មណ៍ ខណៈ​ការផ្សព្វផ្សាយ​របស់ គ.ជ.ប មិនទាន់បាន​ទូលំទូលាយ​។

លោក​ថា​៖ «​ខ្ញុំ​សម្ភាស​ពលរដ្ឋ​ដែល​អត់​បាន​ទៅ​មើល​ឈ្មោះ​បោះឆ្នោត​គាត់​ (​ពលរដ្ឋ​) ប្រាប់ថា អត់​បាន​ទៅ​មើល​ឈ្មោះ​ទេ​លោកគ្រូ​អើយ មិនបាច់​ទៅ​មើល​ទេ គេ​ដឹង​លទ្ធផល​បោះឆ្នោត​ហើយ ពី​ណា​ជាប់ឆ្នោត​គេ​ដឹង​មុន ហើយ​សម្ដី​ដែល​គាត់​ប្រាប់​យើង អ៊ីចឹង​មានន័យថា​គាត់​មិនសូវ​ចាប់អារម្មណ៍​ហើយ​​ការផ្សព្វផ្សាយ​មិនសូវ​ទូលំទូលាយ​»​។

គ.ជ.ប បានឱ្យដឹងថា ការដាក់ ការទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ក្នុង​ដំណាក់កាល​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​ត្រូវ​លុបចេញ​​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ មាន​ ៣​ ដំណាក់កាល​។ ដំណាក់កាល​ទី ​១ ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ (​កបឃស) មាន​រយៈពេល​ ១០​ ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ និង​ការដោះស្រាយ​ពាក្យបណ្ដឹង​មាន​រយៈពេល ៣ ​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​។

ដំណាក់កាល​ទី​ ២ ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ គ.ជប មាន​រយៈពេល ​៥ ​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្តីសម្រេច​ (​ទ ​១២០៣) ​របស់ (​កបឃ.ស​) និង​ការដោះស្រាយ​ពាក្យបណ្តឹង​រយៈពេល​ ៥ ​ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​​ថ្ងៃ​បានទទួល​ពាក្យបណ្តឹង​។

ចំណែក​ដំណាក់កាល​ទី​ ៣ ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈពេល​ ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្ដី​សម្រេច​ (​ទ.១២០៣) ​របស់ គ.ជ.ប និង​ការដោះស្រាយ​ពាក្យបណ្ដឹង​រយៈពេល​ ១០ ​ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្តឹង​។

គ.ជ.ប បាន​បញ្ជាក់ថា ដំណើរការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ត្រូវបាន​លុប​ចេញពី​បញ្ជី​នៅតាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស ឆ្នាំ​ ២០២១ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ស្ងប់ស្ងាត់​គ្មាន​អំពើហិង្សា​ និង​គ្មាន​ការគំរាម​កំហែង​។

សូមជម្រាបថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី ​៥ ​ឆ្នាំ​ ២០២២ ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​​យក​ថ្ងៃទី ​៥ ខែមិថុនា ឆ្នាំ​ ២០២២ ខាងមុខនេះ​៕