បន្ទាយមានជ័យៈ ប្រជាកសិករ​ក្នុង​ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ​បាន​អំពាវនាវ​សាជាថ្មី​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ និង​ឪឡឹក​របស់​ពួកគាត់ ខណៈពេល​នេះ ទឹក​ក្នុង​ប្រឡាយ និង​ត្រពាំង​បាន​គោករីង​អស់​ទៅហើយ​។

ប្រជាកសិករ​នៅ​ភូមិ​អន្លង់វិល ឃុំ​ទឹកជោរ លោក ជឹម ហាច អាយុ ៦២ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ស្រូវប្រាំង​របស់គាត់​ជាង​ ២​ ហិកតា កំពុងតែ​រកកល​ចង់​ខូច ដោយសារតែ​ខ្វះ​ទឹក​ស្រោចស្រព​។ កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ពួកគាត់​បានដាក់​សំណើ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​លោក​មេឃុំ​ឱ្យជួយ​ទាក់ទង​ទៅ​មន្ត្រី​ធនធានទឹក ដើម្បី​ជួយ​បើក​បង្ហូរទឹក​ទំនប់​អាង​ស្ទាក់​ទឹក​មួយចំនួន​មកជួយ​សង្គ្រោះ​ដំណាំ​ស្រូវប្រាំង​របស់​ពួកគាត់ ប៉ុន្តែ​រហូតមកទល់​ពេលនេះ នៅ​មិនទាន់​ឃើញ​មានទឹក​មកដល់​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ ទឹក​តាម​ថ្លុក ត្រពាំង និង ប្រឡាយ​បាន​គោក​រីង​អស់ហើយ​។ បើ​មិនមាន​ការជួយ​អន្តរាគមន៍​បើក​បង្ហូរទឹក​ពី​អាង​ស្តុក​ទឹក​នានា​មកជួយ​ទាន់ពេល​ទេ វា​នឹង​ក្រៀម​ស្វិត​ងាប់​អស់​ជាមិនខាន​ទេ​»​។

ស្រដៀង​គ្នា​នេះ អ្នកស្រី គាង ប៊ុណ្ណារី អាយុ​ ៥១ ​ឆ្នាំ ជា​ប្រជាកសិករ​នៅ​ភូមិ​សំរោង ឃុំ​ទឹកជោរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ស្រូវប្រាំង​ ២ ​ហិកតា​របស់គាត់​កំពុង​ប្រែ​ពណ៌​ពី​បៃតង មក លឿង និង​ក្រៀម​ស្វិត​ជា​បណ្ដើរៗ​ហើយ ដោយសារតែ​បញ្ហា​ខ្វះ​ទឹក ខណៈ​រដូវកាល​នេះ​អាកាសធាតុ​ចាប់ផ្ដើម​ក្ដៅ​ហួតហែង​ខ្លាំង​ខុសពី​ធម្មតា​។

អ្នកស្រី ប៊ុណ្ណារី បាន​និយាយថា​៖ «​កាលពីដើម​សប្ដាហ៍​មុន លោក​មេឃុំ​បាន​ប្រាប់​យើងខ្ញុំ​ថា កុំ​បារម្ភ ២-៣ ​ថ្ងៃ​ទៀត ទឹកនឹង​មកដល់​ហើយ ប៉ុន្តែ​មកទល់ពេលនេះ គ្មាន​ទឹក​ក្នុង​ប្រឡាយ​សូម្បីតែ​ ១​ដំណក់ គឺ​រីងស្ងួត​អស់ហើយ​»​។

ចំណែក​ប្រជាកសិករ​ម្នាក់ទៀត​នៅ​ភូមិ​គោកទៀម ឃុំ​ទឹកជោរ លោក កៅ សាញ់ អាយុ​ ៤៥​ ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ក្រោយ​ប្រមូលផល​ស្រូវ​បង្កើន​រដូវ គាត់​បានសម្រេច​មិន​ធ្វើ​ស្រូវប្រាំង​នោះទេ ប៉ុន្តែ​គាត់​ក៏​មិន​ទុក​ដីស្រែ ៥ ​ហិកតា​របស់គាត់​ឱ្យនៅ​ទំនេរ​ឥត​ប្រយោជន៍​ដែរ គឺ គាត់​បានសម្រេច​ចិត្ត​ដាំ​ឪឡឹក ជំនួស​ការធ្វើ​ស្រូវប្រាំង ព្រោះ​ដំណាំ​ឪឡឹក​ប្រើពេល​ប្រមាណ​ពី​ ៤៥​ ថ្ងៃ​ទៅ ៦០ ​ថ្ងៃ ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បាន​ហើយ​។ ចំណែក​ដំណាំ​ស្រូវ គឺ​ត្រូវ​ប្រើពេល ពី​ ៨៥​ ទៅ​ ១០៥ ​ថ្ងៃ ទើប​អាច​ប្រមូលផល​បាន​។

លោក សាញ់ ដែល​បារម្ភ​ពី​កង្វះ​ទឹក​ស្រោចស្រព​ដំណាំ​ឪឡឹក​របស់គាត់​ផងដែរ​នោះបាន​និយាយថា​៖ «​ឥឡូវនេះ​ទឹក​បឹង​ និង​ទឹក​ប្រឡាយ​ត្រូវ​គោក​រីង​អស់​ទៅហើយ​។ ពួកវា ​[​ដំណាំ​ឪឡឹក​] ​នឹង​ងាប់ ប្រសិនបើ​គ្មាន​ការបើក​បង្ហូរទឹក​មក​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ទេ​​នោះ​»​។

ជុំវិញ​ករណីនេះ លោក លុច ផ មេឃុំ​ទឹកជោរ​នៃ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា គាត់​បានដាក់​លិខិត​ស្នើសុំ​កិច្ចអន្តរាគមន៍​លើ​បញ្ហា​នេះ ទៅ​មន្ទីរ​ធនធានទឹក​ខេត្តបន្ទាយមានជ័យ​តាំងពី​ថ្ងៃទី​ ៨ ​ខែមករា ២០២២ ហើយ​កាលពីថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​មុន ខាង​មន្ទីរ​ធនធានទឹក​បានផ្ដល់​ដំណឹង​ថា បាន​បើក​បង្ហូរទឹក​ពី​ទំនប់​អាង​ស្ទាក់​ទឹក ស្ទឹង​អាតោ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​មកហើយ ប៉ុន្តែ​ចម្ងាយ​ផ្លូវ​វា​ឆ្ងាយ ហើយ​​មាន​កសិករ​នៅ​ផ្នែក​ខាងលើ គេ​បូម​ដាក់​ដីស្រែ​សង្គ្រោះ​ស្រូវប្រាំង​គេ​ដែរ ទើប​មកទល់ពេលនេះ ទឹក​នៅ​ពុំទាន់​ហូរ​មកដល់​។

លោក លុច ផ បាន​និយាយថា​៖ «​ក្រោយពី​ប្រមូល​ស្រូវ​បង្កើន​រដូវ អាជ្ញាធរ​យើង បាន​ប្រាប់​ហើយ​ថា​កុំ​ធ្វើ​ស្រូវប្រាំង​ច្រើនពេក ប្រយ័ត្ន​ខ្វះ​ទឹក ប៉ុន្តែ​ពួកគាត់​មិន​ស្ដាប់​តាម​យើង​ទេ ឥឡូវ​គ្រាន់តែ​ ២ ​ភូមិ​នាំគ្នា​ផលិត​ស្រូវប្រាំង​រហូតដល់​ជាង​ ៣០០​ ហិកតា ហើយ​ ២​ ភូមិ​ទៀត នាំគ្នា​ដាំ​ឪឡឹក ដែលមាន​ផ្ទៃដី​សរុប​ជាង​ ១០០​ ហិកតា​។ ទាំង​ស្រូវ និង​ឪឡឹក​វា​មាន​ផ្ទៃដី​រហូតដល់​ ៥០០​ ហិកតា​ទៅហើយ អ៊ីចឹង​ទេវា​មិនមាន​តុល្យភាព​ទៅនឹង​ធនធានទឹក ដែលមាន​នៅក្នុង​ប្រឡាយ និង​ត្រពាំង​តូចៗ ដែល​ពួកគាត់​មាន​នោះទេ​»​។

យ៉ាងណា​ក៏ដោយ លោក​មេឃុំ​រូបនេះ​បាន​ស្នើសុំ​ឱ្យ​ប្រជាកសិករ​ក្នុង​តំបន់​ដែល​​ខ្វះខាត​ទឹក​ទាំងនោះ មេត្តា​អត់ធ្មត់​រង់ចាំ​ក្នុង​រយៈពេល ​២-៣ ​ថ្ងៃ​បន្ថែមទៀត ទឹកនឹង​ហូរ​ធ្លាក់​មកដល់​ក្នុង​ប្រព័ន្ធ​ប្រឡាយ​មេ​ហើយ​។

ជាមួយ​គ្នានេះ លោក ឡាយ ពុ​ អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា លោក​បាន​ទាក់ទង​សុំ​កិច្ច​អន្តរាគមន៍ ទៅ​មន្ទីរ​ធនធាន​ទឹក​នៅ​ខេត្ត​ឧត្តរមានជ័យ​ឱ្យជួយ​បើក​បង្ហូរទឹក​ពី​ទំនប់​អាង​ស្ទាក់​ទឹកស្ទឹង​អាតោ​មកហើយ ប៉ុន្តែ ការបើក​នោះ គឺ​គេ​បើក​មាន​កម្រិត ហើយពី​ស្ទឹង​អាតោ​មកដល់​ស្ទឹង​ក្រឡាញ់ គឺមាន​រយៈ​ចម្ងាយ​ប្រមាណ​ជិត ៦០​ គីឡូម៉ែត្រ និង​មានការ​បូម​ស្ទាក់​របស់​ប្រជាកសិករ​នៅ​ផ្នែក​ខាងលើ​នៃ​ដងស្ទឹង​នេះ​បាន​ធ្វើឱ្យ​រំហូរ​ទឹក​មាន​ភាពយឺតយ៉ាវ​។

លោក​ថ្លែងថា​៖ «​បើតាម​ការពិនិត្យ​អង្កេត​ពី​រំហូរ​ទឹក​ដែល​ធ្លាក់​មក​នាពេលនេះ គឺ​នៅ​ចន្លោះ​ ៤-៥ ​ថ្ងៃ​ទៀត​យ៉ាងយូរ ទឹកនឹង​ធ្លាក់​មកដល់​ដងស្ទឹង​ក្រឡាញ់ ហើយ​ហូរ​ចូលមកក្នុង​ប្រព័ន្ធ​ប្រឡាយ​មេ​របស់​យើង​ហើយ ដូច្នេះ​សូម​បងប្អូន​កុំ​បារម្ភ​ពី​បញ្ហា​ខ្វះ​ទឹក​ឱ្យសោះ ព្រោះ​នៅ​ដើមរដូវ​ប្រាំង​នេះ​យើង​នៅមាន​ទឹក​គ្រប់គ្រាន់​ក្នុង​អាង​ស្តុក​សម្រាប់​ការផ្គត់ផ្គង់​»​។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី លោក ឡាយ ពុទ្ធី បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ដែល​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ពី​ប្រភព​ទឹក សូមកុំ​ព្យាយាម​ធ្វើ​ការដាំដុះ​ដំណាំ​ស្រូវ​ក្នុង​រដូវប្រាំង​នេះ​ឱ្យសោះ បើ​ពុំនោះ វា​នឹងរង​ការខាតបង់​ជាពុំខាន​៕