ភ្នំពេញៈ ​បន្ទាប់ពីបើកសវនាការ​ជា​សាធារណៈ​អស​រ់យៈពេល ៣​ម៉ោង លើ​បណ្តឹង ០០១ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់ ក្រុមប្រឹក្សា​ប្រជុំ​សម្រេច​សង្កាត់​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ ដែល​បាន​លុបឈ្មោះ​ពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត ដោយ​សំអាង​ទៅ​អង្គហេតុ និង​អង្គច្បាប់​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​នេះ បានចាប់ផ្តើម​បើកសវនាការ​ជា​សាធារណៈ ដើម្បី​ជំនុំជម្រះ​លើ​បណ្ដឹង​/​សំណុំរឿង​លេខ ០០១ ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ នៅ​ទីស្ដីការ គ​.​ជ​.​ប​។ បណ្តឹង​ខាងលើនេះ មានកម្ម​វត្ថុ​ប្ដឹងតវ៉ា​នឹង​សេចក្ដីសម្រេច​លេខ ០០១/២២ ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ របស់​ក្រុមប្រឹក្សា​ប្រជុំ​សម្រេច​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែលមាន​ដើមបណ្ដឹង​ផ្ទាល់​ឈ្មោះ ដួង វិចិត្រ និង​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៤​រូប​។​

យោង​សេចក្តីសម្រេច គ​.​ជ​.​ប បាន​ត​កម្ក​ល់​សេចក្តីសម្រេច​ខាងលើ​របស់ ក្រុមប្រឹក្សា​ប្រជុំ​សម្រេច​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ទុកជាបានការ​ពេញ​ទាំងមូល​។​

គ​.​ជ​.​ប បន្តថា សេចក្តីសម្រេច​នេះ អង្គជំនុំជម្រះ ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២២ នៅ​ចំពោះមុខ​ដើមបណ្តឹង និង​បើកផ្លូវ​តវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​តាម​កំណត់​ច្បាប់​។​

អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាកា​ថា មូលហេតុ​ដែល ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ​.​ជ​.​ប សម្រេច តម្កល់ទុក ការសម្រេច របស់​ក្រុមប្រឹក្សា​ប្រជុំ​សម្រេច​សង្កាត់​ផ្សារ​ចាស់ ទុកជាបានការ ដោយសារ​បុគ្គល​នោះបាន​ប្លា​ស់​ប្តូរ​ទីលំនៅ​រួចទៅហើយ​។

​លោក​ថា​៖« សម្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន ពិភាក្សាគ្នា​ដោយ​ផ្អែកទៅលើ​ច្បាប់ មាត្រា​លេខ ៦១ មាត្រា ៤៦​ហើយ​និង ៥១ នៃ​ច្បាប់​នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ »​។

ច្បាប់​នេះ​តម្រូវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី ទាល់​តែមាន​អាស័យដ្ឋាន​ក្នុង​ឃុំ​សង្កាត់​ដែល​សា​ម៉ី​ខ្លួន ត្រូវ​បោះឆ្នោត ប៉ុន្តែ​ជាក់ស្តែង សា​ម៉ី​ខ្លួន លោក​បាន​ប្លា​ស់​ទីលំនៅ​ពី​សង្កាត់​ផ្សារ​ចាស់ ទៅ​រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ១ អីចឹង​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ស​ម្រេ​ចិត្ត រក្សាទុក​ការសម្រេច​របស់​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ចាស់​នេះ​នៅ​ដដែល​ទុកជាបានការ​»​។​

លោក​បាន​បន្តទៀតថា មូលហេតុ​ដែល​មិន​ទុក​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​នៅ​សង្កាត់​ផ្សារ​ចាស់ ដោយសារ សា​ម៉ី​ខ្លួន មិនមាន​អាស័យដ្ឋាន​នៅក្នុង​ឃុំ​សង្កាត់ ឬ​ទី​សំណាក់​នៅ​ឃុំ​សង្កាត់​ដែល សា​ម៉ី​ខ្លួន​សុំ​រក្សា​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ទេ​។​

លោក ហង្ស ពុទ្ធា បាន​គូសបញ្ជាក់ថា ការ​ចល័ត ឬ​ការប្តូរ​អាស័យដ្ឋាន ប្រជាពលរដ្ឋ​ពី​ទីកន្លែង​មួយ​ទៅ​ទីកន្លែង​មួយ គឺ​សិទ្ធិ​ស្របច្បាប់​ពលរដ្ឋ ហើយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ទេ​។​

បើតាម​លោក ហង្ស ពុទ្ធា បណ្តឹង​មាន​លក្ខណៈ​ដូចគ្នា​ច្រើន ជាពិសេស​គឺមាន​លក្ខណៈ​ពីរ​ប្រភេទ ទី​១​ការខុស​អក្ខរាវិរុទ្ធ ដែល គ​.​ជ​.​ប ធ្វើការ​កត់សម្គាល់ ហើយ​បណ្តឹង​ទី ២ គឺពាក់ព័ន្ធ​ការ​ប្លា​ស់​ប្តូរ​ទីលំនៅ។​

សូមជម្រាបថា គ​.​ជ​.​ប បាន​ទុក រយៈពេល ៥០​ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី​១២​ខែតុលា​រហូតដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​លោក​អញ្ជើញ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​ផង ទៅ​ចុះឈ្មោះ​បោះឆ្នោត​ផង​៕