ភ្នំពេញៈ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានឱ្យដឹងថា តំណាងអង្គការសហប្រជាជាតិនៅកម្ពុជាបានវាយតម្លៃជាលើកដំបូងថា កម្ពុជាបានបំពេញលក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីចាកចេញពីចំណាត់ក្រុមនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច ដោយហេតុប្រទេសនេះមានផលទុនជាតិសរុបខ្ពស់ជាងលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ (CDP) នៃអង្គការសហប្រជាជាតិ។
លោក ឆាយ ថន បានបញ្ជាក់បែបនេះក្នុងពេលធ្វើអធិបតីពិធីបើក «សិក្ខាសាលាស្តីពីការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ជាមួយនឹងលោកស្រី Pauline Thamesis តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា យូអិនអេសស្កាប់ ( ESCAP) និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងតំណាងស្ថាប័នអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូហ្សូម។
លោក ឆាយ ថន បញ្ជាក់ថា៖ «នៅឆ្នាំ ២០២១ កម្ពុជា ត្រូវបានវាយតម្លៃជាលើកដំបូង ដោយស្ថាប័នអង្គការសហប្រជាជាតិថា បានបំពេញបាននូវលក្ខខណ្ឌចាំបាច់ទាំង ៣ ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍន៍តិចតួច គឺកម្ពុជាមាន ទី ១- ផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ (GNI per- Capita) ១ ៣៧៧ ដុល្លារ ខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឱ្យមានតម្លៃទាបបំផុត ១ ២២២ ដុល្លារ។ ២- សន្ទស្សន៍ធនធានមនុស្ស ៧៤,៣ ពិន្ទុ ខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឱ្យមានពិន្ទុទាបបំផុត ៦៦ ពិន្ទុ, និង ទី ៣- សន្ទស្សន៍ភាពងាយរងគ្រោះនៃសេដ្ឋកិច្ច និងបរិស្ថាន ៣០,៦ ពិន្ទុ ទាបជាងលក្ខខណ្ឌកំណត់ដែលតម្រូវឱ្យមានពិន្ទុខ្ពស់បំផុត ៣២ ពិន្ទុ»។
លោកបន្ថែមថា៖ «ការបានបំពេញបាននូវលក្ខខណ្ឌចាំបាច់លើកទី ១ ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍន៍តិចតួចនេះ គឺជាការចាប់ផ្តើមនៃរបត់ប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលបញ្ជាក់ពីផលនៃកិច្ចខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនេះពីសហគមន៍អន្តរជាតិ»។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្តារ និងកសាងប្រទេស ព្រមទាំងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា ក្រោយពីវិនាសកម្មដ៏ធំធេងលើគ្រប់វិស័យដែលបន្សល់ទុកឱ្យដោយរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានចាប់ផ្តើមធ្វើឡើងជាបណ្តើរៗពីចំណុចសូន្យចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកទល់បច្ចុប្បន្ន ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់មជ្ឈដ្ឋាននៃសង្គមជាតិទាំងមូលព្រមទាំងការឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ។ ក្រោយការអនុវត្ត «គោលនយោបាយឈ្នះឈ្នះ» ដែលធានាឱ្យមាននូវបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ គឺសន្តិភាពពេញលេញ រួមជាមួយនឹងយុទ្ធសាស្ត្រ, គោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្កមសេដ្ឋកិច្ចដ៏សមស្របទាំងឡាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឈ្លាសវៃបំផុតរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កិច្ចខិតខំប្រឹងប្រែងស្តារ កសាង និងអភិវឌ្ឍទាំងអស់នេះ បាននាំមកនូវវឌ្ឍនភាពយ៉ាងធំធេង និងឆាប់រហ័សរហូតបានប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៦។
លោកថ្លែងថា ក្រោយការចាកចេញហើយសិក្ខាសាលានេះក៏ជាសិក្ខាសាលាលើកទី ១ស្តីពីដំណើរការ និងការត្រៀមរៀបចំការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានគោលបំណងផ្តល់ព័ត៌មាន និងចំណេះដឹងអំពីការបំពេញបាននូវលក្ខខណ្ឌ សម្រាប់ការចាកចេញលើកទី ១ របស់កម្ពុជានៅឆ្នាំ ២០២១ និងអំពីដំណើរការ និងយន្តការនៃការត្រៀមចាកចេញនៅក្នុងបរិការណ៍នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបរិស្ថាន និងយន្តការនៃកម្មវិធីសកម្មភាពទីក្រុងដូហា ២០២២ ដល់ ២០៣១។
លោកបានឱ្យដឹងថា ដំណើរការនៃការចាកចេញតម្រូវឱ្យកម្ពុជាបំពេញបាននូវលក្ខខណ្ឌចាំបាច់ទាំង ៣ ខាងលើម្តងទៀតជាលើកទី ២ នៅឆ្នាំ ២០២៤ រួមជាមួយនឹងការពិនិត្យអំពីស្ថានភាពនៃភាពងាយរងគ្រោះ និងការវាយតម្លៃជាមុនអំពីផលប៉ះពាល់នៃការចាកចេញ ដែលក្នុងករណីបំពេញបានកម្ពុជានឹងត្រូវបានស្នើឱ្យចាកចេញចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍន៍តិចតួច។ ការចាកចេញនឹងត្រូវចូលជាធរមាននៅ ៣ ឆ្នាំបន្ទាប់ គឺនៅឆ្នាំ ២០២៧។ ក្នុងអំឡុងពេលនេះកម្ពុជាត្រូវមានយុទ្ធសាស្ត្រជាតិអំពីអន្តរកាលដោយរលូនមួយដើម្បីធានាថា ការអភិវឌ្ឍប្រទេសនឹងមិនត្រូវបានរងការប៉ះពាល់ដោយសារការចាកចេញ ហើយត្រូវចាប់អនុវត្តក្រោយការចាកចេញចូលជាធរមាន។ ចំពោះលទ្ធផលនៃការវាយតម្លៃនៃការបានបំពេញបាននូវលក្ខខណ្ឌចាំបាច់លើកទី ១ នៅឆ្នាំ ២០២១ ខាងលើ លោក ឆាយ ថន បានបញ្ជាក់បន្ថែមថា គឺផ្អែកលើទិន្នន័យមុនពេលការកើតមានជំងឺកូវីដ ១៩។ វិបត្តិនៃជំងឺកូវីដ-១៩ បានជះផលប៉ះពាល់អវិជ្ជមានដោយឥតព្រាងទុកទៅលើវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថានដែលកំពុងមានដំណើរការវិជ្ជមាន និងដោយរលូន ជាពិសេសទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជា ទៅលើវិស័យដែលជាចន្ទល់នៃសេដ្ឋកិច្ច ដូចជា វិស័យទេសចរណ៍ និងវិស័យកម្មន្តសាលកាត់ដេរ។
លោកបញ្ជាក់ថា ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជាដែលធ្លាប់មានការរីកចម្រើនក្នុងអត្រាមួយថេរក្នុងរង្វង់ ៧% ក្នុង ១ ឆ្នាំៗបានជួបប្រទះនឹងកំណើនអវិជ្ជមាន (-៣,១%) នៅឆ្នាំ ២០២០ ហើយអត្រាភាពក្រីក្រដែលយោងតាមវិធីសាស្ត្រគណនាថ្មីបានកើនឡើងដល់ ១៧,៨% ដែលមួយផ្នែកគឺដោយសារការបាត់បង់ និងព្យួរការងារនៅក្នុងវិស័យកម្មន្តសាលកាត់ដេរ និងវិស័យទេសចរណ៍។
លោកថា៖ «នៅកម្ពុជាការធ្លាក់ចុះអាចមានក្នុងទំហំមិននឹកស្មានដល់ ប្រសិនបើគ្មានការឆ្លើយតបយ៉ាងទាន់ពេលប្រកបដោយស្មារតីប្រុងប្រយ័ត្ន បុរេសកម្ម និងទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងបានរហ័ស និងទូលំទូលាយ ដែលធ្វើឱ្យការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍មានកម្រិតមធ្យម និងស្ថិតនៅក្រោមការគ្រប់គ្រងបាន»។
រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញ និងអនុវត្តនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ ជុំ ជាបន្តបន្ទាប់ និងយន្តការចំពោះមុខជាច្រើនទៀត ដើម្បីទ្រទ្រង់ និងស្តារសកម្មភាពអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ និងជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះតាមការវាយតម្លៃពាក់កណ្តាលឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទោះបីជាមាន «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានអត្រាកំណើន ២,៤% នៅឆ្នាំ ២០២១។
ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងក្នុងរយៈពេលមធ្យម ប្រកបដោយចីរភាព និងបរិយាប័ន្ន ក៏ដូចជា ដើម្បីដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រសំដៅពង្រឹងភាពធន់សង្គមសេដ្ឋកិច្ច (socio-economic resilience) ក្នុងរយៈពេលវែង តាមរយៈសសរស្តម្ភ ៣ គឺការស្តារ(Recovery) ការកែទម្រង់ (Reform) និងការកសាងភាពធន់ (Resilience)។ នេះបើតាមលោក ឆាយ ថន។
លោកស្រី Pauline Thamesis តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថ្លែងក្នុងនាមប្រព័ន្ធអង្គការសហប្រជាជាតិ ដោយបានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការបញ្ចប់ការសិក្សាពីស្ថានភាពប្រទេសដែលមានការអភិវឌ្ឍតិចតួច (Least developed countries) ជាលើកដំបូងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរយៈពេល ៣ ឆ្នាំម្ដងនៃគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ (CDP) កាលពីឆ្នាំ ២០២១។
លោកស្រីថ្លែងថា៖ «សិក្ខាសាលាថ្ងៃនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំសម្រាប់ការបញ្ចប់ការសិក្សារបស់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលបានពិភាក្សានៅជំហានដំបូងរបស់យើងកាលពីខែមិថុនា ឆ្នាំ ២០២១»។
លោកស្រីថ្លែងថា ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ៣,១% ហើយភាពក្រីក្រត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ១៧,៨% [ផ្អែកលើលទ្ធផលពីការស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០១៩-២០២០]។
ប៉ុន្ដែក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេប៉ាន់ស្មានថានឹងងើបឡើងវិញជាមួយនឹងអត្រាកំណើនប្រមាណ ២,៣%។ ទស្សនវិស័យសេដ្ឋកិច្ចភ្លាមៗនោះនៅតែត្រូវបានសម្គាល់ដោយភាពមិនប្រាកដប្រជា និងភាពស្មុគស្មាញខ្ពស់ដែលបណ្ដាលមកពីបរិបទជំងឺរាតត្បាតកូវីដ-១៩ ដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងលទ្ធផលនៃការផ្លាស់ប្តូរមេរោគ និងការឆ្លើយតបគោលនយោបាយសកល។
បើតាមគណៈកម្មការធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិដែលទទួលបន្ទុកកំណត់ឋានៈក្រុមប្រទេសមានការអភិវឌ្ឍតិចតួចបំផុតបានឱ្យដឹងថា ប្រទេសដែលអាចរួចផុតពីប្រទេសអភិវឌ្ឍតិចតួចបំផុតបាន លុះត្រាតែចំណូលជាតិដល់ ឬ GNI ចាប់ពីជាង ១ ២២២ ដុល្លារ ឡើងទៅសម្រាប់មនុស្សម្នាក់ៗ។ ក្រៅពីនោះ ក៏នៅមានលក្ខខណ្ឌមួយចំនួនទៀត ដូចជាកត្តាសន្ទស្សន៍មូលធនមនុស្ស (Human Assets Index, HAI) ការអប់រំ និងសុខភាព និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថានជាដើម។ យោងតាមការវាយតម្លៃចុងក្រោយរបស់គណៈកម្មាធិការរបស់អង្គការសហប្រជាជាតិនេះ ដែលធ្វើឡើងនៅរៀងរាល់ ៣ ឆ្នាំម្តង ទិន្នន័យក្នុងឆ្នាំ ២០២១ បង្ហាញថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គឺចាប់តាំងពីឆ្នាំ ១៩៧៥ មក កម្ពុជាបានបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចឱ្យពិភពលោកពិចារណាដកឈ្មោះចេញពីឋានៈនៃក្រុមប្រទេសមានការអភិវឌ្ឍតិចតួចបំផុតបានក្នុងចំណោមជាង ៤០ ប្រទេស៕