ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កំណត់​យក​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ថ្ងៃទី​ ២៩ ខែធ្នូ ដែលជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល​ទាំងស្រុង​ដោយ​មិន​មានការ​បង្ហូរឈាម និង​ទទួលបាន​សន្តិភាព​ពេញលេញ​ដាក់បញ្ចូល​ទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ ក៏ប៉ុន្តែ​ការដាក់​នេះ​​មិនបាន​អនុញ្ញាត​ឱ្យមាន​ការ​ឈប់សម្រាក​ឡើយ​។ នេះ​​បើ​យោងតាម​សារាចរ​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ​ ២០២២​។

លោក​ ហ៊ុន សែន បាន​លើកឡើង​តាមរយៈ​សារាចរ​ណែនាំ​នេះ​ថា អស់​រយៈពេល​ ២៣ ​ឆ្នាំកន្លងមក កម្ពុជា​បានកំណត់​យក​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ​ ១៩៩៨ ជាការ​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង ដោយ​មិន​មានការ​បង្ហូរឈាម និង​ទទួលបាន​សន្តិភាព​ពេញលេញ​តាមរយៈ​នយោបាយ​ឈ្នះឈ្នះ ដែលជា​គោលនយោបាយ​ដ៏​ធំ​មួយ​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា​។

មុន​ឈានដល់​ការសម្រេច​បែបនេះ គឺ​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​រួមមាន ដំណាក់កាល​សង្គ្រាម ដំណាក់កាល​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដំណាក់កាល​សង្គ្រាម​ផង ចរចា​ផង រហូតដល់​ការលេចឡើង​នៃ​​វត្តមាន​របស់​នយោបាយ​ឈ្នះ-ឈ្នះ​។

លោក ហ៊ុន សែន បានបញ្ជាក់​ក្នុង​សារាចរ​នោះ​ថា​៖ «​ដើម្បី​ដឹងគុណ​កតញ្ញូ និង​ចងចាំ​គុណូបការៈ​ដ៏ថ្លៃថ្លា​នេះ រាជរដ្ឋាភិបាល​សូម​ណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន រាជធានី​- ខេត្ត និង​គ្រឹះស្ថានសាធារណៈ ឯកជន ត្រូវ​កំណត់​យក​ទិវា​នយោបាយ ឈ្នះ​ឈ្នះ​ថ្ងៃទី​ ២៩ ខែធ្នូ ទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ដោយ​មិន​ឈប់សម្រាក​ចាប់ពី​ឆ្នាំ​ ២០២២ តទៅ​»​។

បើតាម​សារាចរ​នេះ គ្រប់​ក្រសួង ស្ថាប័ន​រាជធានី ខេត្ត និង​គ្រឹះស្ថានសាធារណៈ ឯកជន​ទាំងអស់​ត្រូវ​រៀបចំ​ចង​បដា ពាក្យស្លោក ដើម្បី​អបអរសាទរ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ដែលមាន​ខ្លឹមសារ​ថា «​អរគុណ​សន្តិភាព​! អរគុណ​នយោបាយ ឈ្នះ​ឈ្នះ​! ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំ​​មក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​»​។ នេះ​បើតាម​សារាចរ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចន្ទរឿន បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ ខែមករា ថា ការដាក់បញ្ចូល​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ថ្ងៃទី​ ២៩ ខែធ្នូ ក្នុង​ប្រតិទិន​ជា​ផ្លូវការ​របស់​ជាតិ​នេះ មិនមាន​អ្វី​ទាស់ខុស​នោះទេ ប៉ុន្តែ​គួរតែ​ដាក់បញ្ចូល​ដូចគ្នា​នេះ​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយចំនួនទៀត​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា វា​មិន​ទាស់ខុស​អ្វី​នោះ​ទេ ក្នុងការ​ដាក់បញ្ចូល​ទិវា​នេះ ក្នុង​ប្រតិទិន​ជា​ផ្លូវការ​របស់​ជាតិ​ដោយ​មិនមាន​ការឈប់​សម្រាក​​នេះ ពីព្រោះ​ការដាក់​នេះ​មិនមាន​ការប៉ះពាល់​ជាមួយនឹង​ការធ្វើការ ដោយសារ​វា​ក៏​ជា​សារ ជា​ព័ត៌មាន ដើម្បី​លើក​កម្ពស់​ការយល់ដឹង​របស់​សាធារណជន ជាពិសេស​ឱ្យ​ក្មេង​ជំនាន់ក្រោយ​យល់​ពី​ប្រវត្តិសាស្ត្រ​ផងដែរ​»​។

ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី លោក ប៉ា ចន្ទរឿន ក៏បាន​លើក​ឡើង​ផងដែរ​ថា បើ​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​នេះ​ក្នុង​ប្រតិទិន​ផ្លូវការ​របស់​ជាតិ​ហើយ ក៏​គួរតែ​ដាក់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយចំនួនទៀត​ដូចជា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ១៩៩១ និង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០ ​ធ្នូ ជាដើម​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​ពីព្រោះ​ប្រសិនបើ​មិនមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ ក៏​ប្រហែលជា​មិនមាន​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​នេះដែរ​»​។

គួរ​រំឭក​ផងដែរ​ថា ក្នុង​ចំណោម​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​ប្រចាំឆ្នាំ​ចំនួន​ ២៨​ ថ្ងៃ ត្រូវ​បាន​រដ្ឋាភិបាល​កាត់បន្ថយ​អស់​ចំនួន​ ៦​ ថ្ងៃ​ចេញ​ឱ្យមក​នៅត្រឹម​ ២២​ ថ្ងៃ​ប៉ុណ្ណោះ ចាប់ពី​ឆ្នាំ ២០២០​ មក​។ សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ដែល​ត្រូវបាន​លុបចេញ​នោះ​មាន​ទិវា​កុមារ​អន្តរជាតិ​ ១ មិថុនា​,​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ ​តុលា​,​ទិវា​សិទ្ធិមនុស្ស​ ១០ ​ធ្នូ​,​ព្រះរាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ (​កាត់បន្ថយ​ចំនួន​ ២ ​ថ្ងៃ មក​នៅត្រឹម​ ១ ​ថ្ងៃ​),​ពិធី​បុណ្យមាឃបូជា និង​ទិវា​ជាតិ​នៃ​ការចងចាំ​៕

វីដេអូ៖