
អ្នកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខេត្តសៀមរាបកាលឆ្នាំ ២០១៧។ រូបថត សហការី
សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបប្រកាសគ្រោងរៀបចំឱ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាខែមេសាខាងមុខ បន្ទាប់ពីបានផ្អាកដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត។ នេះបើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប។
លោក ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបថ្លែងនៅថ្ងៃទី ១៨ ខែមករាថា ជាមួយនឹងការបើកទំព័រថ្មីនៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងសង្កេតឃើញថា វិញ្ញាសាសាកល្បងធំៗ ដែលជាការពិសោធលើកម្លាំងរើបម្រះចេញពីវិបត្តិជំងឺកូវីដ ១៩ ទទួលបានជោគជ័យ ដូចជាពិធីឆ្លងឆ្នាំសកលជាដើម។
លោកអភិបាលខេត្តប្រាប់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនអាជ្ញាធរខេត្តសៀមរាបនឹងបើកឱ្យមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត មិនមែនត្រឹមតែសង្ក្រាន្តសៀមរាបនេះទេ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះក៏នឹងគ្រោងបង្កើតឱ្យមានការលេងល្បែងប្រជាប្រិយផ្សេងៗ និងការប្រគំតន្ត្រីផងដែរ។
ចំណែក សង្ក្រាន្តសៀមរាបនឹងមានព្រឹត្តិការណ៍ទាក់ទាញផ្សេងៗដូចជា មានពិធីប្រពៃណីសាសនា កម្មវិធីប្រកួតកីឡា ការប្រគំតន្ត្រី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសម្លៀកបំពាក់ កម្មវិធីវប្បធម៌ផ្សេងៗ រួមនឹងកម្មវិធីថ្មីៗមួយចំនួនទៀត។
លោកបានថ្លែងថា៖ «យើងបញ្ចូលកម្មវិធីវប្បធម៌ប្រពៃណីយើងដូចមុនដដែល គ្រាន់តែទីតាំងត្រូវរៀបចំឱ្យមានការរក្សាគម្លាតជាងមុន និងមានការកំណត់ចំនួនមនុស្ស ហើយក៏យើងនឹងមានកម្មវិធីថ្មីៗច្រើនដែរ ដែលយើងគ្រោងរៀបចំតាំងពី ២ ឆ្នាំមុន ដោយឡែកយើងខកខានដោយសារកូវីដ ១៩ អ៊ីចឹងយើងយកឱកាសហ្នឹងដាក់បញ្ចូលតែម្តង»។
លោក ទៀ សីហា មានការរំពឹងទុកថា កម្មវិធីអង្គរសង្ក្រាន្តសៀមរាបដែលនឹងរៀបចំនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះនឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗមកលេងកម្សាន្តបានច្រើនកុះករ ព្រោះខេត្តសៀមរាបមានការរៀបចំកាន់តែស្អាតជាងមុន ទាំងក្នុងក្រុង នៅតាមបណ្តាប្រាសាទ និងមានទីកន្លែងកម្សាន្តតាមស្រុកទៀតផង។
លោកបានបញ្ជាក់ថា៖ «យើងមានលទ្ធភាពក្នុងការទទួលភ្ញៀវទេសចរ អូតែលយើងបើកឡើងវិញទាំងផ្ទះសំណាក់ ហើយផ្លូវយើងក៏ស្អាតមានទីធ្លា ផ្លូវថ្មើរជើងក៏ច្រើន ខ្ញុំគិតថា ជាឱកាសល្អសម្រាប់ខេត្តសៀមរាបក្នុងការបើកជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»។
លោក លួត ប៊ុនឈួប មគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាបថ្លែងនៅថ្ងៃទី ១៨ ខែមករាថា លោកសប្បាយរីករាយនៅពេលទទួលដំណឹងថា អាជ្ញាធរខេត្តនឹងបើកឱ្យមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបឡើងវិញនៅក្នុងឆ្នាំថ្មីនេះ ប៉ុន្តែយ៉ាងណាក៏ដោយ លោកនៅមានការព្រួយបារម្ភខ្លះៗចំពោះបញ្ហាជំងឺកូវីដ ១៩ ប្រភេទថ្មីអូមីក្រុង។
លោកបានថ្លែងថា៖ «ក្នុងនាមយើងដែលអស់ការងារយូរហើយហ្នឹង មានភាពសោមនស្សរីករាយណាស់ ដែលឃើញប្រមុខដឹកនាំខេត្តយកចិត្តទុកដាក់ទៅលើវិស័យទេសចរណ៍ហ្នឹង។ ក៏ប៉ុន្តែយើងក៏នៅបារម្ភចំពោះការរីករាលដាលជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងខ្លាចតែមានបញ្ហាអីទៅចុងបញ្ចប់បិទទៀតក៏មិនដឹង តែយ៉ាងណាសង្ឃឹមថា មិនអីចុះ ព្រោះឥឡូវបានចាក់វ៉ាក់សាំងច្រើនហើយសូម្បីពួកខ្ញុំ ៣ ដូសរួចហើយ»។
យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងការព្រួយបារម្ភនេះ លោកអភិបាលខេត្តសៀមរាបមានប្រសាសន៍ទៀតថា អ្វីដែលរដ្ឋបាលខេត្តចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខឥតឈប់ឈរ។ ប៉ុន្តែលោកថា នៅក្នុងកាលៈទេសៈនេះ បើទោះបីជាផ្តោតទៅលើបញ្ហាអ្វីក៏ដោយ ក៏មិនអាចបំភ្លេចបានជាដាច់ខាតនូវគន្លឹះរក្សានិរន្តរភាពនៃការបើកប្រទេសឡើងវិញនោះ គឺការបន្តដាក់ចេញនូវការជំរុញចលនាចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតរបស់ប្រជាជនគ្រប់គ្នា៕
វីដេអូ៖