ភ្នំពេញៈ អគ្គលេខាធិការ​អាស៊ាន​ប្តេជ្ញា​ធ្វើការ​ជាមួយ​ក្រសួង​ការពារជាតិ​កម្ពុជា និង​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​អាស៊ាន​ទាំងអស់​ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ឱ្យ​ទទួលបាន​ជោគជ័យ ក្រោយពី​មានការ​ស្នើសុំ​ពី​ភាគី​កម្ពុជា​។ នេះ​បើតាម​ក្រសួង​ការពារជាតិ​។

ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​អគ្គលេខាធិការ​អាស៊ាន លោក​ លឹម ចុក ហ៊ុយ (Lim Jock Hoi) និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ នា​ថ្ងៃទី​ ១៧ មករា ក្នុង​ឱកាសលោក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ១៥-១៩ មករា​។

ក្រសួង​ការពារជាតិ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ១៨ មករា ថា​៖ «​ឯកឧត្តម អគ្គលេខាធិការ​អាស៊ាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ក្រសួង​ការពារជាតិ​កម្ពុជា​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក​នៅ​ឆ្នាំ​ ២០២២ និង​បាន​ប្តេជ្ញាចិត្ត​ធ្វើការ​ជាមួយ​ក្រសួង​ការពារជាតិ​កម្ពុ​ជា និង​សម្របសម្រួល​ការងារ​គ្រប់បែប​យ៉ាង​ជាមួយ​ប្រទេស​ដៃគូ​ទាំងអស់ សំដៅ​រួមគ្នា​ជួយ​រៀបចំ​កិច្ចប្រជុំ​ដំណើរការ​ឱ្យ​សម្រេច​ជោគជ័យ​»​។

ប្រភព​ដដែល​បញ្ជាក់ថា លោក ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់លោក​អគ្គលេខាធិការ​អាស៊ាន​រូបនេះ​ក្នុង​ការជួយ​គាំទ្រ​ដល់​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដើម្បីឱ្យ​កម្ពុជា​ដំណើរការ​កិច្ចប្រជុំ​ទាំងនេះ​បាន​រលូន និង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​។ លោក​ទៀ បាញ់ ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​រៀបចំ​កិច្ចប្រជុំ​ទាំងនេះ​ឱ្យទទួល​បាន​ជោគជ័យ​។

លោក​ប្រាប់​លោក Hoi ថា ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ប្តូរ​វេន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​ ២០២២ កម្ពុជា​បាន​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ចំនួន​ ១៣ និង​ត្រៀម​រៀបចំ​ឯកសារ ធនធានមនុស្ស និង​មធ្យោបាយ​ផ្សេងៗ​បាន​រួចរាល់​។ ដោយសារ​កម្ពុជា​មាន​ស្ថានភាព​ល្អ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ទើប​កម្ពុជា​គ្រោង​រៀបចំ​កិច្ចប្រជុំ​ទាំងនេះ​ដោយផ្ទាល់ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ទីស្តីការក្រសួង​ការពារជាតិ​ថ្មី​នេះ និង​នៅតាម​ខេត្ត​មួយចំនួន​។

រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​លើកឡើងថា ទោះបី​កម្ពុជា​បានរៀបចំ​ឯកសារ​ពាក់ព័ន្ធ​រួចរាល់​សម្រាប់​កិច្ចប្រជុំ​ទាំងនេះ​ក៏ដោយ កម្ពុជា​នៅតែមាន​តម្រូវការ​ធាតុ​ចូល​បន្ថែម​ពី​បណ្តា​ប្រទេស​អាស៊ាន ពិសេស​ពី​អគ្គលេធិការដ្ឋាន​អាស៊ាន​ទៅលើ​ការងារ​ខ្លឹមសារ និង​រដ្ឋបាល​។

លោក​ ទៀ បាញ់ ស្នើ​លោក Hoi បន្ត​ជួយ​សម្របសម្រួល​រាល់​កិច្ចការ​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ ពិសេស​ឯកសារ​ទស្សនទាន​ចំនួន​ ៣ គឺ​ទី ​១- ​កិច្ចសហប្រតិបត្តិការ​កងទ័ព​អាស៊ាន​ទប់ស្កាត់​ការឆ្លងដែន​នៃ​ជំងឺ​កូវីដ​ ១៩ ទី​ ២-​ ការចូលរួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​ស្ត្រី​អាស៊ាន​សន្តិភាព និង​សន្តិសុខ និង​ទី​ ៣-​ ការបង្កើត​កិច្ចសហប្រតិបត្តិការ​សាកលវិទ្យាល័យ​ការពារ​ជាតិ​អាស៊ាន​ និង​សេចក្តីថ្លែងការណ៍​រួម​។

មកដល់ពេលនេះ កម្ពុជា​ទើប​ទទួល​បាន​ការ​ស្នើសុំ​រៀបចំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​ ១ រួមមាន រុស្ស៊ី និង​ជប៉ុន​។ លោក ទៀ បាញ់ ស្នើ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​រូបនេះ​ជួយ​ជំរុញ និង​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​ដទៃទៀត​ ដើម្បី​ស្នើ​រៀបចំ​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​ ១ ដែល​គ្រោង​រៀបចំ​នៅ​ដំណាច់ឆ្នាំ​ ២០២២​។

ក្រសួង​ការពារជាតិ​អះអាងថា លោក Hoi នឹង​បន្ត​យកចិត្តទុកដាក់​ជួយ​សម្របសម្រួល​រាល់​កិច្ចការ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ​។ ពិសេស​ឯកសារ​ទស្សនទាន​ចំនួន​ ៣ ​នេះ ហើយ​លោក Hoi នឹង​ចាត់​ក្រុមការងារ​ពិសេស​ ១ ​ក្រុម​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​ការពារជាតិ​កម្ពុជា​ទទួលបន្ទុក​កិច្ចការ​អាស៊ាន​នេះ​។

លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៨ មករា ថា​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន គឺ​ត្រូវការ​សមាជិក​ទាំងអស់​ចូលរួម​ជា​យោបល់ និង​ស្វែងរក​ដំណោះស្រាយ​រួម ដើម្បីឱ្យ​តំបន់​មួយ​នេះ​ក្លាយជា​តំបន់​សន្តិភាព និង​វិបុលភាព​។ ចំពោះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​កម្ពុជា​ដែលជា​ប្រធាន​កំពុងតែ​មានការ​ព្យាយាម ស្វះ​ស្វែងរក​ដំណោះស្រាយ​ចាំបាច់​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ទាំង​សន្តិសុខ​ប្រពៃណី និង​សន្តិសុខ​មិន​ប្រពៃណី​។ បច្ចុប្បន្ន បញ្ហា​មីយ៉ាន់ម៉ា​បាន​ក្លាយទៅជា​ចំណុចក្តៅ និង​រសើប​បំផុត​ដែល​បង្កឱ្យមាន​ការប៉ះពាល់​ដល់​សាមគ្គីភាព​អាស៊ាន​ទាំងមូល​។

លោក​ថ្លែងថា​៖ «​ក្រៅពីនេះ​អាស៊ាន​ក៏​មិន​ត្រូវ​មើលរំលង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ខណៈពេល​ដែល​ដំណើរការ​ព្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​រវាង​អាស៊ាន និង​ចិន​កំពុង​ជិត​បញ្ចប់​។ ដំណើរការ​ផ្សះផ្សា​នយោបាយ​មីយ៉ាន់ម៉ា​បាន​ជះឥទ្ធិពល​មិនល្អ​ចំពោះ​កិច្ចប្រជុំ​អាស៊ាន​ទាំងមូល ដែល​កម្ពុជា​មិន​ចង់ឱ្យមាន​ការបាត់បង់​សមាជិក​ណាមួយ​ឡើយ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​»​។

លោក​ ថុង ម៉េងដាវិត បន្តថា​៖ «​អគ្គលេខាធិការ​អាស៊ាន​នឹង​ដើរតួនាទី​សម្រប​សម្រួល​សមាជិក​រដ្ឋ​ដទៃទៀត ជាពិសេស​ជំនួយ​បច្ចេកទេស​ដើម្បីឱ្យ​កិច្ចប្រជុំ​អាស៊ាន ដែលមាន​កម្ពុជា​ប្រធាន​នេះ​ទទួលបាន​លទ្ធផល​ល្អ និង​ជំរុញ​កិច្ចពិភាក្សា​ចំណុច​ឯកច្ឆន​ទាំង​ ៥​ របស់​អាស៊ាន​ទទួលបាន​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហានយោបាយ និង​សន្តិសុខ​នៅ​មីយ៉ាន់ម៉ា​»​។

លោក​ រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​ថា ជា​ទំនៀម​អគ្គលេខាធិការ​អាស៊ាន​ត្រូវ​មក​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​ប្តូរ​វេន​អាស៊ាន និង​ទទួលយក​ការងារ ឬ​របៀបវារៈ​ដែល​ប្រធាន​ដាក់ចេញ​ផង​។ នេះ​មានន័យថា កម្ពុជា ជា​ប្រធាន​អាស៊ាន​ជា​អ្នកសម្រេច​លើ​របៀបវារៈ ហើយ​ស្នើឱ្យ​អគ្គលេខាធិការ​ទទួល​សម្របសម្រួល​ឱ្យ​ការងារ​ប្រព្រឹត្ត​ទៅ​រលូន មិន​ថា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ ឬ​កិច្ចប្រជុំ​ដទៃទៀត​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា កម្ពុជា​នឹង​ស្នើ​អគ្គលេខាធិការ​អាស៊ាន​ដែលមាន​តួនាទី​សម្របសម្រួល​ការងារ​ស្រាប់​ជួយ​សម្របសម្រួល​ជជែក​ជាមួយ​ប្រទេស​សមាជិក​ដទៃទៀត​អំពី​បញ្ហា​វិបត្តិ​នៅ​មី​យ៉ាន់ម៉ា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ និង​ក្រម​ប្រតិបត្តិ​ [​សមុទ្រ​ចិន​ខាងត្បូង​] ​ដែលជា​បញ្ហាសំខាន់ និង​រសើប​ដែល​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​»៕