កំពតៈ អាជ្ញាធរ​ខេត្តកំពត​នៅ​ថ្ងៃទី​ ១៨​ ខែមករា ឆ្នាំ​ ២០២២ បានសម្រេច​ដុតបំផ្លាញ​ចោល​នូវ​ផលិតផល​គ្រឿង​សមុទ្រ​ចំនួន ៦,១​ តោន​ក្នុងចំណោម​ផលិតផល​គ្រឿង​សមុទ្រ ១២​ តោន ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ដោយ​គ្មាន​លិខិត​អនុញ្ញាត និង​ក្រោយពី​រកឃើញ​មាន​ផ្ទុក​នូវ​សារធាតុគីមី ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។

លោក ង៉ែត សាវឿន ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែកចាក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បង្គា និង​គ្រឿង​សមុទ្រ​សរុប​ប្រមាណ​ ១២ ​តោន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ចាប់បាន​កាលពី​យប់​ថ្ងៃទី​ ១៦ និង ព្រឹក​ថ្ងៃទី​១ ៧ ខែមករា បន្ទាប់ពី​រកឃើញ​មាន​ផ្ទុក​នូវ​សារធាតុ ចាហួយ និង​សារធាតុគីមី​មួយចំនួនទៀត ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។

លោក សាវឿន បាន​ថ្លែងថា​៖ «​ផលិតផល​គ្រឿង​សមុទ្រ​ដែល​រួមមាន បង្គា ក្ដាម មឹក អយស្ទ័រ និង​ក្រែង​ឈាម​សរុប​ចំនួន​ ៣៦៤ ​កេស​មាន​ទម្ងន់​ ៦,១ ​តោន ក្នុងចំណោម​ផលិតផល​គ្រឿង​សមុទ្រ​សរុប​ចំនួន ៦១០ ​កេស​ឬ មាន​ទម្ងន់​សរុប​ប្រមាណ​ ១២ តោន ដែលមាន​ផ្ទុក​នូវ​សារធាតុគីមី ​[​ម្សៅ​ចាហួយ​] និង​សារ​ធាតុគីមី​ផ្សំ​សំយោគ​មួយចំនួនទៀត ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅ​រសៀល​ថ្ងៃទី​ ១៨ ខែមករា​»​។

បើតាម​លោក​ សាវឿន ផលិតផល​គ្រឿង​សមុទ្រ​ប្រមាណ​ជិត ​៦​ តោន​ទៀត​ដែល​គ្មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ពុល​ ឬ​ម្ស៉ៅ​ចាហួយ ដើម្បី​ក្លែងបន្លំ​ភ្នែកជញ្ជីង និង​ដែល​ត្រូវបាន​រកឃើញថា មានការ​នាំចូល​ពី​ប្រទេស​វៀតណាម​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះ​ត្រូវបាន​បញ្ជូន​ទៅ​ឱ្យ​មន្ត្រីរដ្ឋបាល​ជលផល​ដើម្បី​ធ្វើការ​ផាកពិន័យ​អន្តរការណ៍​ទៅតាម​នីតិវិធី​ច្បាប់​។

ជុំវិញ​ករណីនេះ លោក ស សូរិន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តកំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ផលិត​ផល​គ្រឿង​សមុទ្រ​ប្រមាណ ៣៤៦ ​កេស និង មាន​ទម្ងន់​ប្រមាណ​ជិត​ ៦ ​តោន​ដែល​រកឃើញ​មិនមាន​ជាប់​ពាក់ព័ន្ធ​នូវ​សារធាតុ​គីមី​ពុល​ ឬ​ម្សៅ​ចាហួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​នេះ​ត្រូវបានធ្វើ​ការផាកពិន័យ​អន្តរការណ៍​តាមច្បាប់​ស្ដីពី​ជលផល​។

លោក សូរិន បាន​បញ្ជាក់ថា​៖ «​យើង​បាន​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក​នាំចូល​នូវ​ផលិតផល​គ្រឿង​សមុទ្រ​ដែល​ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម​ប្រមាណ​ជិត​ ៦ តោន រួមមាន ក្ដាមប្រៃ បង្គា និង មឹក ដោយ​គ្មាន​លិខិតអនុញ្ញាត​នូវ​ទឹកប្រាក់​ជាង​ ៤ ​លាន​រៀល​។ ប្រាក់​ពិន័យ​ទាំងនេះ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​សួយ​សារ​របស់​រដ្ឋ​»​។

បើតាម​លោក ស សូរិន ក្រៅពី​ពិន័យ​អន្តរការណ៍ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តកំពត បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ និង​អ្នក​ដឹកជញ្ជូន​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនាំ​ចូល​នូវ​ផលិតផល​គ្រឿង​សមុទ្រ​ដោយ​ខុសច្បាប់ ឬ ប្រើ​លិខិតអនុញ្ញាត​ការនាំចូល​ហួស​សុពលភាព ដែល​បង្កឱ្យមាន​បញ្ហា​ប្រឈម​លើ​មុខ​ជំនួញ​អាជីវកម្ម​។

យ៉ាងណា​ក៏ដោយ ទាំង​លោក ង៉ែត សាវឿន​ និង លោក ស សូរិន មិនបាន​បង្ហាញ​អំពី​អត្តសញ្ញាណ​អាជីវករ​ដែល​បាន​ធ្វើការ​នាំចូល​ផលិតផល​គ្រឿង​សមុទ្រ​ពី​ប្រទេស​វៀតណាម ដោយ​គ្មាន​ការអនុញ្ញាត​នោះ ដើម្បីឱ្យ​សាធារណជន​បានដឹង​នោះទេ ដោយ​អះអាងថា កំហុសឆ្គង​ទាំងនោះ​មិនមែនជា​ចេតនា​របស់​ពាណិជ្ជករ​ខ្មែរ​នោះទេ​។

ដូចគ្នា​នេះដែរ លោក សុទ្ធ ណារឿន ប្រធាន​សាខា ការពារ​អ្នកប្រើប្រាស់ និង​កិច្ចការ​ប្រកួតប្រជែង (​ក.ប.ប) ខេត្ត​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​ការបំភ្លឺ​របស់​អ្នកបើកបរ និង​ម្ចាស់​ទំនិញ ផលិតផល​គ្រឿង​សមុទ្រ​ទាំងនោះ ពួកគេ​មិនបាន​ចាក់​បញ្ចូល​នូវ​សារធាតុគីមី ឬ ម្សៅ​ចាហួយ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​​សុខភាព​អ្នក​បរិភោគ​នោះទេ​។ ពួកគេ​បាន​សារភាពថា ពួកគេ​មិនមាន​ការយល់ដឹង​អំពី​វិធីសាស្ត្រ​នៃ​ការ​ការប្រើប្រាស់​នូវ​សារធាតុគីមី​ផ្សំ ឬ​ការចាក់​​បញ្ចូល​នូវ​សារធាតុ​ចាហួយ​នោះ​ទៅក្នុង​បង្គា ឬ​គ្រឿង​សមុទ្រ​ផ្សេងទៀត ដើម្បី​រក្សា​ពណ៌​សម្បុរ​ ឬ​បង្កើន​ភ្នែកជញ្ជីង​នោះទេ​។ លោក​ ណារឿន ​បញ្ជាក់ថា​៖ «​តាម​ការអះអាង​របស់​ពាណិជ្ជករ​ខ្មែរ ដែល​នាំចូល​ផលិតផល​គ្រឿង​សមុទ្រ​ពី​ប្រទេស​វៀតណាម ដែល​សមត្ថកិច្ច​ជំនាញ​យើង​បង្ក្រាបបាន វិធីសាស្ត្រ​ដ៏អាក្រក់​ទាំងនោះ គឺ​ប្រជានេសាទ និង​ពាណិជ្ជករ​វៀតណាម​ទេ​ជា​អ្នកប្រព្រឹត្ត​មិនមែន​ជា​កំហុស​ ឬ​ជា​ចេតនា​របស់​ពាណិជ្ជករ​ខ្មែរ​នោះឡើយ​»​។

បើតាម​លោក ណារឿន ម្សៅ​ចាហួយ និង​សារធាតុគីមី​ផ្សំ​សម្រាប់​រក្សា​ពណ៌​សម្បុរ​នូវ​ផលិតផល​គ្រឿង​សមុទ្រ​ទាំងនោះ​ឱ្យមើល​ទៅ​ស្រស់ថ្លា ដូច​ទើប​នេសាទ ឬ​ចាប់បាន​ថ្មីៗ​នោះ មាន​បង្កប់​នូវ​ប្រភេទ​បាក់តេរី​មួយចំនួន​ដែល​អាច​បង្ក​ជា​ហានិភ័យ​ជាច្រើន​ទៅដល់​សុខភាព​របស់​អ្នក​បរិភោគ ដូចជា​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ប៉ះពាល់​ថ្លើម និង​បង្ក​ជា​រោគសញ្ញា​ធ្វើឱ្យ​ពុល​ចំណីអាហារ ដូចជា​ធ្វើឱ្យ​ក្អួតចង្អោរ ឈឺក្បាល ចុកពោះ និង រាករូស​ជាដើម​៕

វីដេអូ៖