ព្រះសីហនុៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យ​អាទិភាព​នៃ​កិច្ចការ​អាស៊ាន នៅក្នុង​ឆ្នាំ​ ២០២២ ​នេះ គឺ​ការបន្ត​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូវីដ-១៩ ដោយ​ការបើក​សេដ្ឋកិច្ចសង្គម និង​គាំទ្រ​ឱ្យ​បើក​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន​ឡើងវិញ​។ ជាមួយគ្នានេះ លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​មីយ៉ាន់ម៉ា​នោះទេ​។

លោក​បានលើកឡើង​ដូចនេះ នៅក្នុង​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ខេត្ត​ព្រះសីហនុ​នា​ល្ងាច​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី​ ២២ ខែមករា​។

លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សង្ឃឹមថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​របស់​យើង​នឹងចូលរួម​ចំណែក​ដើម្បី​រៀបចំ​ជា​ច្រករបៀង​ដើម្បី​ធ្វើ​ដំណើរ​សម្រាប់​វិស័យ​ទេសចរណ៍​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​របស់​យើង ហើយក៏​នៅក្នុង​ក្របខ័ណ្ឌ​ដៃគូ​របស់​អាស៊ាន​ផងដែរ​»​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា​នៅក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លងទៅនេះ​ប្រទេស​នីមួយៗ​បាន​ប្រកាន់យក​វិធានការ​ដោយឡែកៗ​ពីគ្នា ព្រោះ​វា​ជា​តម្រូវការ​នៅក្នុង​ស្ថានភាព​នាពេលនោះ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​នៅក្នុង​ប្រទេស​របស់ខ្លួន​រាប់ទាំង​ការបិទ​ព្រំដែន ទាំង​ព្រំ​ដែនទឹក អាកាស និង​ព្រំដែន​គោក​ផងដែរ​។ លោក​បន្ថែមថា ករណីបែបនេះ​បាន​កើតឡើង​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក រាប់ទាំង​ប្រទេស​ក្នុង​អាស៊ាន​ផងដែរ ហើយ​ស្ថានភាព​បែបនេះ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ជាមួយនឹង​ការសម្រួល​ពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេស​របៀប​នៃ​ការធ្វើដំណើរ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ដំណាក់កាល​មុន​ជា​ដំណាក់កាល​ដែល​មិនទាន់មាន​វ៉ាក់សាំង​ ប៉ុន្តែ​ដំណាក់កាល​បច្ចុប្បន្ននេះ​ជា​ដំណាក់កាល​នៃ​ការចាក់​វ៉ាក់សាំង ដែល​ឈានទៅដល់​ការទទួលស្គាល់​គ្នា​ពី​ការចាក់​វ៉ាក់សាំង​ដូចដែល​កម្ពុជា​បាន​កំពុង​អនុវត្ត​។

អ្នកចូលរួម​នៅក្នុង​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ កាលពី​យប់មិញ​។ហេង ជីវ័ន

លោក​បញ្ជាក់ថា៖ «​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ដូស​មូលដ្ឋាន​រួចហើយ​គ្រាន់តែ​ធ្វើតេស្ត​រហ័ស​ត្រឹមតែ​ ១៥ ​ឬ​ ២០ ​នាទី​ប៉ុណ្ណោះ អ្នកនោះ​អាចធ្វើ​ដំណើរ​ទៅកាន់​ទីណា​ក៏បាន ដែល​នេះ​ជា​ការជួយ​កាត់បន្ថយ​ការលំបាក​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​»​។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏បាន​កោតសរសើរ ចំពោះ​ប្រទេស​ថៃ​ដែល​បាន​អនុវត្ត​ជាមួយ​នឹង​ប្រទេស​កម្ពុជា ដែល​ប្រជាជន​កម្ពុជា​ចាកចេញ​ទៅ​ប្រទេស​ថៃ​ដោយ​មិន​តម្រូវឱ្យធ្វើ​ចត្តាឡីស័ក ហើយ​ប្រជាជន​ថៃ​មក​ប្រទេស​កម្ពុជា​ក៏​មិនមាន​ការធ្វើ​ចត្តាឡីស័ក​ដូចគ្នា​ដែរ ហើយ​កម្ពុជា​ក៏បាន​បើក​ក្របខ័ណ្ឌ​ទូទាំង​ពិភពលោក ដោយ​មិន​តម្រូវឱ្យមាន​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​ពេញលេញ​ផងដែរ​។

លោក​មានប្រសាសន៍​ថា៖ «​សម្រាប់​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ កម្ពុជា​តម្រូវឱ្យធ្វើ​ចត្តាឡី​ស័ក​។ វា​មិនមែន​ជា​ទណ្ឌកម្ម​សម្រាប់​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​នោះទេ ក៏ប៉ុន្តែ​យើង​មាន​តម្រូវការ​ការពារ​ប្រជាពលរដ្ឋ​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ប្រជាពលរដ្ឋ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​»​។ លោក​ថ្លែងថា អស់​រយៈពេល ២ ឆ្នាំ​មកហើយ ដែល​វិបត្តិ​កូវីដ​ ១៩ បាន​ជះឥទ្ធិពល​យ៉ាង​អាក្រក់​មកលើ​សង្គម សេដ្ឋកិច្ច​ជាពិសេស​វិស័យ​ទេសចរណ៍ ដែល​ធ្វើឱ្យ​ធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ភ្ញៀវទេសចរ​ទាំង​ក្នុងប្រទេស តំបន់ ក៏ដូចជា​សកលលោក​ទាំង​មូល​។

វិបត្តិ​នេះ​ពិតជា​ត្រូវ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ដើរ​ថយក្រោយ ហើយ​ថ្នាក់ដឹកនាំ​ទេសចរណ៍​ទាំង​ផ្នែក​រដ្ឋ ឯកជន និង​សហគមន៍​អន្តរជាតិ​ត្រូវ​គិតគូរ​ឡើងវិញ​នូវ​នយោបាយ​អភិវឌ្ឍន៍ ក៏ដូចជា​ផែនការអភិវឌ្ឍន៍ មូលធន​មនុស្ស ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​នៃ​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ក៏ដូចជា​បរិបទ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «(​ការងារ​នេះ​ធ្វើឡើង​) ​ក្នុង​ស្មារតី​បន្ត​ពង្រីក​ទំនាក់ទំនង​អាស៊ាន​កាន់តែ​ប្រសើរឡើង​ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ទេសចរណ៍​អាស៊ាន​ឆ្ពោះទៅ​អនាគត ស្របតាម​ប្រធានបទ អាស៊ាន​សហគមន៍ សន្តិភាព​ និង​វាសនា​តែ​ ១ និង​ឈរលើ​ទស្សនវិស័យ ការ​គិតពី​ប្រជាជន គិតពី​សេដ្ឋកិច្ច គិតពី​អនាគត​»​។

ការបើក​ដំណើរការ​សង្គម​សេដ្ឋកិច្ច​ពេញលេញ​ជា​បណ្តើរៗ​ឡើងវិញ​ត្រូវបាន​វាយតម្លៃថា ស្ថិតនៅក្នុង​ស្ថានភាព​បន្ទាន់ និង​ត្រូវ​ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​អាស៊ាន​។

លោក​បន្តទៀតថា ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នឹង​ក្លាយជា​គន្លឹះ​យុទ្ធសាស្ត្រ​ដ៏សំខាន់ សម្រាប់​ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ និង​ការទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយ​ឈរលើ​គោលការណ៍​រក្សាបាន​នូវ​តុល្យភាព​រវាង​សកម្មភាព​សង្គម​សេដ្ឋកិច្ច និង​ធានា​សុវត្ថិភាព​សុខភាព​សាធារណៈ​។ លោក​មានប្រសាសន៍​បន្ត​ថា​៖ «​ខ្ញុំ​សូម​គាំទ្រ​ទាំងស្រុង​នូវ​គំនិត​ផ្តួចផ្តើម​បើក​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន ក៏ដូចជា​បើក​តំបន់​ទាំងមូល ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​អន្តរជាតិ​ឡើងវិញ​»​។ លោក​ថា ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន ឆ្នាំ​ ២០២២ លោក​សូម​គាំទ្រ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ឱ្យ​ពិភាក្សា និង​ឯកភាពគ្នា​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​។

ទាក់ទង​ទៅនឹង​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​លោក ហ៊ុន សែន ថ្លែងថា​៖ «​កិច្ចការ​របស់​អាស៊ាន​ឆ្នាំ​ ២០២២ មិនមែន​មានតែ​បញ្ហា​មីយ៉ាន់ម៉ា​តែមួយ​នោះទេ ដូចដែល​អ្នក​ទាំងឡាយ​បាន​និយាយ​យ៉ាងច្រើន​ក្នុង​រយៈពេល​ប្រមាណ​ជិត​ ៣ ​អាទិត្យ​នេះ​។ ខ្ញុំ​សុំ​និយាយថា យើង​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ​ក្រៅពី​រឿង​មីយ៉ាន់ម៉ា ហើយ​អាស៊ាន​មិនមែនជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​មីយ៉ាន់ម៉ា​នោះទេ​។ នេះ​ជាការ​បញ្ជាក់​យ៉ាងខ្លី​ដ៏សង្ខេប ដើម្បី​ចង្អុលបង្ហាញ​ទិស​ទៅលើ​អ្នកតាមដាន​សភាពការណ៍​ទាំងឡាយ​សម្រាប់​ការគិតគូរ​របស់​យើង​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​»​។

លោក ថ្លែងថា របៀបវារៈ​នៃ​កិច្ចការ​អាស៊ាន មិន​មែនមាន​បញ្ហា​តែមួយ​នោះទេ គឺមាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ដោយ​រាប់ទាំង​ការធ្វើ​យ៉ាងម៉េច​ឱ្យ​ទេសចរណ៍​រស់​ឡើងវិញ នៅក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩៕