ភ្នំពេញៈ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង បែងចែក និង​ផ្គត់ផ្គង់ ឱសថ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បន្ថែម​ការចែកចាយ​ឱសថ​ព្យាបាល​ជំងឺ​កូវីដ-១៩ ម៉ូលណាទ្រីស ​(Molnupiravir Capsules 200mg) ​នៅ​សាខា​ប្រៃសណីយ៍​កម្ពុជា​នៅតាម​បណ្តា​ខេត្ត​ចាប់ពី​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ តទៅ​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​នៅ​ថ្ងៃទី​ ១៨ ខែមករា បានឱ្យ​ដឹងថា ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ឱ្យបាន​ទាន់ពេលវេលា និង​បង្កើតបាន​នូវ​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ ក្នុងការ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ ក្រុមការងារ បាននិងកំពុង​ចែកចាយ​ឱសថ​ម៉ូលណាទ្រីស​នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​។

ក្រសួង​បាន​បន្តថា ជាមួយ​គ្នានេះ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សាធារណជន​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត ក្រុម​ការងារ​នឹង​បន្ថែម​ការចែកចាយ​ឱសថ​នេះ​នៅ​សាខា​ប្រៃសណីយ៍​កម្ពុជា​នៅតាម​ខេត្ត​ក្នុង​តម្លៃ ៥៥ ដុល្លារ​អាមេរិក ក្នុង ​១ ​ដូស ដែល​ ១ ​ដូស​ស្មើនឹង​ ១​កំប៉ុង មាន​ចំនួន ៤០ ​គ្រាប់​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បញ្ជាក់ថា៖ «​ការលក់​ឱសថ​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ពុធ ទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ នេះ​តទៅ ជូន​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណជន​តាម​លក្ខខណ្ឌ​ផ្សេងៗ​គ្នា ដូចជា​បុគ្គល​ម្នាក់​មាន​សិទ្ធិ​បញ្ជា​ទិញ​ពី​ ៥ ដល់​ ១០ ​ដូស​ក្នុង​ ១​ ដង​»​។

សម្រាប់​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន និង​ឱសថ​ស្ថានរង​មាន​សិទ្ធិ​បញ្ជា​ទិញ​ពី​ ១០ ដល់​ ២០០ ​ដូស​ក្នុង​​ ១​ ដង ប៉ុន្តែ​ត្រូវមាន​លិខិតអនុញ្ញាត​បើក​អាជីវកម្ម ហើយ​អាច​លក់​បន្ត​មិន​លើសពី ៦៥ ដុល្លារ អាមេរិក​ក្នុង​ ១ ​ដូស​។

ក្រសួង​បាន​បន្តថា៖ «​ដូចនេះ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណជន អាច​បញ្ជា​ទិញ​ឱសថ​ម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់​នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឬ​សាខា​ប្រៃសណីយ៍​កម្ពុជា​នៅតាម​ខេត្ត​»​។

បើតាម​ក្រសួង​ប្រៃសណីយ៍​ឱសថ​ម៉ូលណាទ្រីស (Molnupiravir Capsules 200mg) គឺ​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ​១៩ ចាប់ពី​កម្រិត​ស្រាល​ដល់​មធ្យម ចំពោះ​មនុស្សពេញវ័យ​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​៕