ភ្នំពេញៈ ភាគី​ពាក់ព័ន្ធ​មកពី​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សុខភាព​បាន​ជួប​ជជែក​គ្នា​នៅក្នុង​វេទិកា​ស្ដីពី​វិធានការ​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ខណៈ​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ ១០០ ស្ថាប័ន ស្នើសុំ​រាជរដ្ឋាភិបាល ដំឡើង​ពន្ធ​ថ្នាំជក់ ដើម្បី​កាត់បន្ថយ​ការស្លាប់ ឈឺ ពិការភាព​។

នៅ​ថ្ងៃទី​ ១៨ មករា មន្ត្រី តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សុខាភិបាល និង​អ្នកដឹកនាំ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សុខភាព​ប្រមាណ ១០០ នាក់​បាន​ជួប​ជជែក​គ្នា​ក្នុង​វេទិកា​ស្តីពី​វិធានការ​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ នៅ​សណ្ឋាគារ​សាន់វេ និង​តាមរយៈ​អនឡាញ​។ វេទិកា​នេះ គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​លទ្ធផល​សិក្សា​ថ្មី​ស្តីពី​បន្ទុក​នៃ​ការប្រើប្រាស់​ថ្នាំជក់​ទៅលើ​សុខភាព និង​សេដ្ឋកិច្ច និង​ស្វែងយល់​អំពី​វិធានការ​ពន្ធ​ថ្នាំជក់ អត្រា​ពន្ធ​ថ្នាំជក់ និង​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​តំបន់ និង​លើ​ពិភពលោក​។

វេទិកា​នេះ​ក៏បានផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម អាច​សិក្សា​ពី​ឧត្តមានុវត្ត​នៃ​វិធានការ​ពន្ធ​ថ្នាំជក់​នៅក្នុង​តំបន់​អាស៊ាន និង​ការគាំទ្រ​ការដំឡើង​ពន្ធ​ថ្នាំជក់ ដើម្បី​ទទួលបាន​ចំណូល​ពន្ធ និង​អត្ថប្រយោជន៍​សុខភាព​ផងដែរ​។ នេះ​បើតាម​របៀបវារៈ​នៃ​កម្មវិធី​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ១៨ មករា​។

ទន្ទឹមនឹង​កិច្ចពិភាក្សា​នេះ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សុខភាព​ប្រមាណ ១០០ ​ស្ថាប័ន​ក៏បាន​ប្រកាស​ស្នើសុំ​រាជរដ្ឋាភិបាល ដំឡើង​ពន្ធ​ថ្នាំជក់ ដើម្បី​កាត់បន្ថយ​ការស្លាប់ ឈឺ ពិការភាព ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ថ្នាំជក់​ផងដែរ​។

លោក ទឹម វរ៉ា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្របសម្រួល​សកម្មភាព​សុខភាព​បាន​ថ្លែងថា សមាជិក​នៃ​បណ្ដាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សុខភាព​ច្រើន​លើសលប់​សុំឱ្យ​មាន​ការដំឡើង​ពន្ធ​ថ្នាំជក់ ដោយសារតែ​ថ្នាំជក់​ជា​ផលិតផល​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់ថា​៖ «​ថ្នាំជក់​ជា​ផលិតផល​ដែល​សម្លាប់​មនុស្ស​ប្រមាណ ៥០% នៃ​អ្នក​ដែល​ប្រើប្រាស់​វា​។ រៀងរាល់ឆ្នាំ​នៅ​ទូទាំង​សកលលោក​មនុស្ស​ប្រមាណ ៧ ​លាន​នាក់​បាន​ស្លាប់​ដោយ​ការប្រើប្រាស់​ថ្នាំជក់​ផ្ទាល់ និង​ប្រមាណ ១​ លាន​នាក់ បាន​ស្លាប់​ដោយសារ​តែ​ការ​ស្រូប​ផ្សែង​ថ្នាំជក់​ពី​គេ​។ ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៥ ០០០​ នាក់​ផងដែរ (WHO)»​។

ជាមួយ​គ្នា​នោះ លោក យ៉ិល ដារ៉ាវុធ មន្ត្រី​បច្ចេកទេស​អង្គការ​សុខភាព​ពិភពលោក​បាន​លើកឡើងថា ការប្រើប្រាស់​ថ្នាំជក់​បណ្តាល​ឱ្យ​កម្ពុជា​ខាតបង់​គិត​ជា​ថវិកា​ប្រមាណ ៦៤៩ ​លាន​ដុល្លារ​សហរដ្ឋ ដែល​ស្មើនឹង​ ៣% នៃ GDP របស់​កម្ពុជា​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​។ ដូច្នេះ លោក​យល់ថា​៖ «​បើ​ប្រទេស​កម្ពុជា​ដំឡើង​ពន្ធ​រហូតដល់​ ៧៥% នៃ​តម្លៃ​បារី​លក់រាយ​ឱ្យ​ស្រប​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក និង​ធនាគារ​ពិភពលោក កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធ​បន្ថែម ២៣៥ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ និង​ ៩៣៣ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​ខាងមុខ​»​។

ស្រដៀង​គ្នា​នេះ​លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា​បាន​លើកឡើង​ដែរ​ថា ការដំឡើង​ពន្ធ​ថ្នាំជក់​ជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​ការស្ទង់​មតិ​ប្រជាពលរដ្ឋ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​កាលពី​ឆ្នាំ​ ២០២១ បង្ហាញថា ប្រជាពលរដ្ឋ​កម្ពុជា ៩៤ ​ភាគរយ បាន​គាំទ្រ​វិធានការ​ដំឡើង​ពន្ធ​ថ្នាំជក់​។

លោក​បាន​បញ្ជាក់ថា​៖ «​ការ​ដំឡើង​ពន្ធ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា ការដំឡើង​ពន្ធ​ថ្នាំជក់​ជា​វិធានការ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការកាត់បន្ថយ​ការឈឺ ស្លាប់ ពិការភាព​ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ថ្នាំជក់ ព្រមទាំង​បង្កើន​ចំណូល​ពន្ធ​បន្ថែម​យ៉ាងច្រើន​ដល់​រដ្ឋាភិបាល​ផងដែរ ប៉ុន្តែ ការ​សើ្ន​សុំ​ការដំឡើង​ពន្ធ​ថ្នាំជក់​នេះ តែង​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន​»​។

តាម​លោកស្រី Bungon Ritthiphakdee អ្នកជំនាញ​អន្តរជាតិ និង​ជា​នាយិកា​ប្រតិបត្តិ មជ្ឈមណ្ឌល​សកល​សម្រាប់​អភិបាលកិច្ច​ល្អ​ក្នុងការ​ត្រួតពិនិត្យ​ថ្នាំជក់ បាន​ថ្លែងថា ក្រុមហ៊ុន​ថ្នាំជក់​បានទទួល​ស្គាល់​ច្បាស់​ថា ការដំឡើង​ពន្ធ​ថ្នាំជក់​ដែលនាំឱ្យ​តម្លៃ​បារី​ឡើងថ្លៃ​គឺមាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការប្រើប្រាស់ ដូចនេះ​ក្រុមហ៊ុន​ថ្នាំជក់​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​ការដំឡើង​ពន្ធ​ថ្នាំជក់​។

លោកស្រី​បន្តថា ល្បិចកល​របស់​ពួកគេ គឺ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែលថា ដំឡើង​ពន្ធ​ថ្នាំជក់​ប៉ះពាល់​ដល់​អ្នក​ជក់បារី​ដែលមាន​ប្រាក់ចំណូល​ទាប​ និង​នាំទៅរក​ការ​គេចពន្ធ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ប្រទេស​ជាច្រើន​លើ​ពិភពលោក​បានបញ្ជាក់​ច្បាស់​ថា ការដំឡើង​ពន្ធ​ថ្នាំជក់​គឺជា​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​សម្រាប់​រដ្ឋាភិបាល​។ ឈ្នះ​ទី​ ១ គឺ​រដ្ឋាភិបាល​នឹង​ទទួលបាន​ប្រាក់ចំណូល​ពន្ធបន្ថែម​។ រីឯ​ឈ្នះ​ទៅ​ ២ គឺ​វិធានការ​នេះ​ល្អ សម្រាប់​សុខភាព​សាធារណៈ ព្រោះ​អ្នក​ជក់បារី​ជក់​តិចជាង​មុន​ ឬ​ឈប់​ជក់​តែម្តង ខណៈ​យុវជន​មិនអាច​ទិញ​បារី​បាន​»​។

លោក​ សែ សុឃន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ថ្លែងថា វិធានការ​កាត់បន្ថយ​ផលិតផល​ថ្នាំជក់​នេះ គឺមាន​កត្តា​ច្រើន ដែល​គោលដៅ​របស់​រដ្ឋាភិបាល​គឺមាន​ផែនការ​ដំឡើង​ពន្ធ​នេះ ជា​ផែនការ​ស្នួល​រួម​ជាមួយនឹង​វិធានការ​អប់រំ គ្រាន់តែ​ថា ការធ្វើ​គោលនយោបាយ​ពន្ធ គឺ​ត្រូវ​ថ្លឹងថ្លែង​ទៅលើ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ឱ្យស្រប​ទៅនឹង​គោលនយោបាយ​ជាតិ​។

ក្នុងដំណាក់កាល​នេះ ការដំឡើង​ពន្ធ​មិនអាច​ធ្វើឡើង​ឱ្យ​ហួស​ពី​សមត្ថភាព​បាន​នោះទេ ព្រោះ​ការដំឡើង​ពន្ធ​ឱ្យ​ខ្ពស់ គឺអាច​នឹង​បរាជ័យ ហើយ​លិចចេញ​ជា​បាតុភាព​គ្រោះថ្នាក់​ថ្មី ដែល​បង្ក​ឱ្យ​កើតមាន​បទល្មើស​ផ្សេងៗ​។ លោក​បាន​បញ្ជាក់ថា​៖ «​រដ្ឋ គឺ​ត្រូវការ​លុយ តែ​ហេតុអ្វី​មិន​ព្រម​ដំឡើង​ពន្ធ​លើ​ផលិតផល​នេះ​? តែ​វា​មិន​ប្រាកដថា​អ៊ីចឹង​ទេ ព្រោះ​អ្វីៗ វា​មិន​ប្រាកដថា មាន​ប្រសិទ្ធភាព​តាម​ការរំពឹង​នោះទេ​។ ដំឡើង​ពន្ធ​រឹតតែ​ខ្ពស់​ប្រឈមមុខ​នឹង​អំពើ​ល្មើស មិន​ត្រឹមតែ​មានការ​រត់ពន្ធ​ខុសច្បាប់​ទេ​គឺមាន​ទំនិញ​ក្លែងក្លាយ​។ ប្រសិនជា​វិធានការ និង​គោលនយោបាយ​យើង​ធ្វើ​មិន​ស្រួល វា​ជំរុញឱ្យមាន​អំពើ​ល្មើស​ចេញ​មក​ច្រើន​ប្រភព ស្របពេល​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នៅមានកម្រិត​»​។

ជាមួយ​នឹង​ការបកស្រាយ​បែបនេះ លោក សែ សុឃន ក៏បាន​អះអាង​ដែរ​ថា តាម​ផែនការ​របស់​រដ្ឋាភិបាល គឺ​មិនអាច​ដំឡើង​ពន្ធ​ភ្លាម​ឱ្យដល់ ៧៥ ភាគរយ​ដូច​អ្វីដែល​បាន​លើកឡើង​នោះទេ​។ លោក​បន្តថា រដ្ឋាភិបាល​គឺមាន​ផែនការ​ច្បាស់លាស់​រួចហើយ ក្នុង​ការដំឡើង​ពន្ធ​ទៅលើ​ផលិតផល​ថ្នាំជក់​នេះ ដោយ​អាស្រ័យទៅលើ​ស្ថានភាព និង​បរិបទ​នៃ​ការរីកចម្រើន​របស់​ប្រទេស​។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ពន្ធ​ថ្នាំជក់​នៅ​ប្រទេស​កម្ពុជា​នៅមាន​អត្រា​ ២៥%​ នៃ​តម្លៃ​លក់រាយ សម្រាប់​បារី​ផលិត​ក្នុងស្រុក និង ៣១% ​សម្រាប់​បារី​នាំចូល ដែល​អត្រា​នេះ នៅមាន​កម្រិត​ទាប​នៅឡើយ​បើ​ធៀប​ជាមួយ​អត្រាពន្ធ​ថ្នាំជក់​នៃ​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត​។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​៕