ភ្នំពេញៈ ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ ១៩ នៅ​ប្រទេស​កម្ពុជា​មាន​វឌ្ឍនភាព​ល្អប្រសើរ​ទាំង​ការចាក់​ដូស​មូលដ្ឋាន​ដូស​ទី ​៣ និង​ដូស​ទី ​៤ ដោយ ប្រជាពលរដ្ឋ​បានមក​ទទួល​ការចាក់​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ​ពី​ការឆ្លង​មេរោគ​នេះ ពិសេស​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​។ ក្នុង​រយៈពេល​ ៤​ ថ្ងៃ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី ​៤ មនុស្ស​ជិត​ ១០ ​ម៉ឺន​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​នេះ​។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស លោកស្រី​ ឱ វណ្ណឌីន បាន​លើក​ឡើង​ថា បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ឱ្យមាន​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​។ ទីតាំង​ដែល​ប្រជាពលរដ្ឋ​អាច​ចាក់​វ៉ាក់សាំង​ដូស​ទី ​៤​ បាន មានដូចជា មន្ទីរពេទ្យ​កាល់ម៉ែត មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​ព្រះកុសុមៈ ក៏ដូចជា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត និង​មណ្ឌល​សុខភាព​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សង្កេត​ឃើញថា ប្រជាពលរដ្ឋ​យើង​ជាច្រើន​មានការ​សប្បាយរីករាយ​ក្នុងការ​មក​ទទួលយក​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​ ៤ ​នេះ​។ ខ្ញុំ​ជឿថា ពួកគាត់​មានការ​យល់ច្បាស់ ហើយ​គាត់​យល់​ពី​តម្រូវការ​នៃ​ការចាក់​ដូស​ទី​ ៤ ​នេះ​»​។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា ក្រៅពី​ក្រុម​គោលដៅ​ដែល​ក្រសួង​បានកំណត់ សម្រាប់​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​នេះ ក៏មាន​លោកតា លោកយាយ ដែលមាន​វ័យ​ចំណាស់ ក៏​មក​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​ផងដែរ​។

ការរាតត្បាត​ និង​ការវាយលុក​នៃ​វីរុស​កូវីដ​ ១៩ មិនទាន់​ចប់​នៅ​ឡើយ​ទេ ហើយ​វីរុស​នេះ​មានលទ្ធភាព​បំប្លែង​ខ្លួន​ថ្មីៗ​ទៀត​។ លោកស្រី​ ឱ វណ្ណឌីន នៅតែ​បន្តធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​នូវ​ការចម្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ ហើយ​ត្រូវ​ពង្រឹង​នូវ​វិធានការ​ការពារ ដោយ​មិនត្រូវ​ភ្លេចខ្លួន ឬ​សន្តិភាព​និយម​ជាមួយនឹង​វីរុស​កូវីដ​ ១៩ ​នោះឡើយ​។

លោកស្រី​ថ្លែងថា​៖ «​ដើម្បីឱ្យ​ការរស់នៅ​ធម្មតា ក្នុង​ប្រក្រតីភាព​ថ្មី​របស់​យើង​មាន​និរន្តរភាព​ត​ទៅមុខទៀត ហើយ​បងប្អូន​មិន​ចង់​បក​មក​ឆ្លងកាត់​ឡើងវិញ​នូវ​របៀបរបប​នៃ​ការបិទខ្ទប់ ឬ​ការហាម​ប្រាម ហាមឃាត់​មិនឱ្យ​មានការ​ធ្វើដំណើរ និង​ការជួប​ជុំគ្នា យើង​ត្រូវ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​នូវ​វីរុស​កូវីដ ​១៩»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែមករា ឆ្នាំ​ ២០២២ ប្រជាពលរដ្ឋ​ចំនួន​ជាង​ ៤,៦ ​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៣ និង​ជិត​ ១០ ​ម៉ឺន​នាក់​បាន​ទទួល​ការចាក់​ដូស​ទី​ ៤​។

ដោយឡែក ក្រសួងការពារជាតិ បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ​១៩ ​ដូស​ទី​ ៤ ​ជូន​យោធិន និង​គ្រួសារ​នា​ថ្ងៃទី​ ១៧ មករា នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហើយក៏​ជា​ថ្ងៃ បើកចាក់​ផង​ និង​សាកល្បង​ផង​។

លោក​ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៃ​ក្រសួងការពារជាតិ​បាន​ឱ្យដឹងថា គោល​គំនិត​បើកចាក់​លើក​ដំបូង​ និង​បើកចាក់​ផង សាកល្បង​ផង​នេះ គឺ​ដើម្បីឱ្យ​គ្រប់​បណ្តា​អង្គភាព​ទាំងអស់​មក​មើល​ដើម្បី​រៀនសូត្រ​តាម​ពី​ការចាក់​នេះ​។

លោក​ថ្លែងថា​៖ «​យើង​បើក​ការចាក់​សាកល្បង​នេះដែរ ដោយ​សារ​ការចាក់​វ៉ាក់សាំង​ប្រភេទ​ Pfizer វា​ខុសប្លែក​ពី​ការចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​។ ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម​មាន​របៀប​ថែទាំ ងាយ​ស្រួល​ជាង វ៉ាក់សាំង ​Pfizer»​។

លោក​ ឥត សារ៉ាត់ បញ្ជាក់ថា​៖ «​ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម យើង​យក​ថ្នាំ​ទៅ​ចាក់​មនុស្ស ប៉ុន្តែ​បើ​ចាក់ Pfizer គឺ​យក​មនុស្ស​ទៅ​ចាក់​វ៉ាក់សាំង​វិញ ព្រោះ​វា​ត្រូវមាន​លក្ខណៈ​ថែទាំ​លក្ខណៈ​នៃ​ការ​ចាក់ឱ្យ​ត្រឹមត្រូវ​តាម​បច្ចេក​ទេស​ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​»​។

ដោយ​ទទួលបាន​បទបញ្ជា​ពី​រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ក្រសួង​ការពារ​ជាតិ ធ្វើការ​ចាក់ឱ្យ​មន្ត្រី​ជួរមុខ​ក្នុងនោះ​ក៏មាន​កងយោធពល​ខេរភូមិន្ទ យោធិន និង​គ្រួសារ អតីតយុទ្ធជន ដែល​សរុប​ទាំងអស់​ជាង​ ៣១ ​ម៉ឺន​នាក់​។ នេះ​បើតាម​លោក ​ឥត សារ៉ាត់​។

លោក​បន្តថា បន្ទាប់ពី​ការចាក់​សាកល្បង​នេះហើយ ក្រុមការងារ​ចាក់​វ៉ាក់សាំង​នឹង​ចាប់ផ្តើម​ពង្រីក​ចាក់​ទៅដល់​ទីតាំង​ផ្សេងៗ​ទៀត​ក្នុង​កងយោធពល​ខេមរភូមិន្ទ ក្នុង​ក្រសួង​ការពារជាតិ អគ្គបញ្ជាការ​កងទ័ព​ជើងគោក ជើង​ទឹក ជើង​អាកាស អាវុធហត្ថ និង​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​នឹង​ពង្រីក​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក​ ឥត សារ៉ាត់ បន្ថែមថា បើ​តំបន់​ណា ឬ​ទីតាំង​ណា​ដែល​គ្មាន​លក្ខណៈ​ថែទាំ​ឱ្យបាន​តាម​លក្ខណ​បច្ចេកទេស​តាម​វ៉ាក់សាំង​ទេ​ត្រូវ​ប្រមូលផ្តុំ​កងទ័ព​ និង​គ្រួសារ​មក​នៅ​កន្លែង​ណា​ដែល​ជិត​បំផុត មាន​លក្ខណៈ​ថែទាំ​តាម​លក្ខណ​បច្ចេកទេស​គឺ​ចាក់​នៅ​ទីនោះ​តែម្តង​៕

វីដេអូ៖