ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី ​១៨ មករា​បាន​លើក​បណ្តឹង​ឧទ្ធរណ៍​របស់​ស្ត្រី​ជាប់ចោទ​ម្នាក់​ក្នុងចំណោម​ ៣​ នាក់មក​ជំនុំជម្រះ បន្ទាប់ពី​ស្ត្រី​រូបនេះ​មិន​សុខចិត្ត​នឹង​តុលាការ​ថ្នាក់ក្រោម ដែល​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១៦​ ឆ្នាំ​ពាក់ព័ន្ធ​ករណី​បម្រុង​នាំ​នារីៗ​អាយុ​ចន្លោះ​ពី​ ១៦​ ដល់​ ១៩ ឆ្នាំ ចំនួន​ ៧​ នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​ ២០១៦ នៅ​រាជធានី​ភ្នំពេញ​។

លោក​ចៅក្រម ភូ ពៅស៊ុន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​សមាសភាព​លោក​ចៅក្រម​ ៣ ​រូប បាន​អាន​អង្គហេតុ​នៅ​ចំពោះមុខ​ជនជាប់ចោទ និង​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ជាប់ចោទ​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ១៨ មករា​ថា ក្នុង​សំណុំ​រឿងនេះ មាន​ជនជាប់ចោទ​ ៣ ​នាក់ តែ​ស្ត្រី​ជាប់ចោទ ឈ្មោះ អ៊ុំ រ៉ាដែន អាយុ​ ៣៥ ​ឆ្នាំ ប្តឹង​ឧទ្ធរណ៍​តែ​ម្នាក់​គាត់​ទេ​។

តាម​អង្គហេតុ​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​បង្ហាញថា កាលពី​ដើមខែ​មិថុនា ឆ្នាំ​ ២០១៦​ ស្ត្រី​ឈ្មោះ​ ចាន់ សុឃីម បាន​លួងលោម​នារី​ក្មេងៗ​ចំនួន​ ៧​ នាក់ ដែល​រស់នៅក្នុង​ឃុំ​ផាត់សណ្តាយ ខេត្តកំពង់ធំ ដោយ​ប្រាប់​ពួកនាង​ថា មាន​គេ​រើស​ស្ត្រី​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​សាំងហ្គាពួរ​បាន​ប្រាក់ខែ​ច្រើន​។

ក្រោយពី​លួងលោម​បាន​សម្រេច​ហើយ​នៅ​ថ្ងៃទី​ ១៤ មិថុនា ឆ្នាំ​ ២០១៦ ស្ត្រី​ឈ្មោះ ចាន់ សុឃីម បាន​នាំ​នារី​ទាំង​ ៧​ នាក់​មក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅផ្ទះ​របស់​ស្ត្រី​ជាប់ចោទ​ឈ្មោះ អ៊ុំ រ៉ាដា នៅក្នុង​សង្កាត់-​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ពេល​ពួកនារី​ទាំង ​៧​ នាក់​កំពុងស្នាក់នៅ​រាជធានី​ភ្នំពេញ​នោះ ស្ត្រី​ជាប់ចោទ ​អ៊ុំ រ៉ាដា បាន​និយាយប្រាប់​នារី​ទាំង​ ៧​នាក់​នោះ​ថា ពួកនាង​មិនត្រូវ​បាន​យកទៅ​ធ្វើការ​នៅ​ប្រទេស​សាំងហ្គាពួរ​ទេ តែ​យកទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​។

អំឡុងពេល​នោះដែរ​ស្ត្រី​ឈ្មោះ ​សំ យ៉ុង ដែលជា​បក្ខពួក​របស់​ស្ត្រី​ឈ្មោះ ​អ៊ុំ រ៉ាដា បាន​ទៅ​រត់ការ​ដោយ​និយាយ​ភូតកុហក​អាជ្ញាធរ​សង្កាត់​ចោមចៅ​ឱ្យ​កែសម្រួល​ឈ្មោះ អាយុ​នារីៗ​ទាំងនោះ ដើម្បី​បាន​ទៅធ្វើ​លិខិត​ឆ្លងដែន​ស្របច្បាប់​។

ប៉ុន្តែ​រឿងនេះ​ ត្រូវ​បែកការណ៍ ព្រោះ​ត្រូវបាន​អាជ្ញាធរ​សង្កាត់​ចោមចៅ​ប្តឹង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ហើយ​បាន​ឃាត់ខ្លួន​ជនល្មើស​ទាំង ​៣ ​នាក់ និង​បាន​រំដោះ​នារី​ទាំង ​៧ ​នាក់​នៅ​ថ្ងៃទី​ ១៣ កក្កដា ឆ្នាំ​ ២០១៦​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ ២០១៩ សម្រេច​ផ្តន្ទាទោស ស្ត្រី​ឈ្មោះ អ៊ុំ រ៉ាដា និង​ឈ្មោះ​ ចាន់ សុឃីម ដាក់ពន្ធនាគារ​ម្នាក់​ ១៦​ ឆ្នាំ ចោទ​ពីបទ​នាំចេញ​ដោយ​មិន​ស្របច្បាប់ សម្រាប់​នាំ​ឆ្លងដែន​តាម​មាត្រា​ ១១ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ចំពោះ​ឈ្មោះ ​សំ យ៉ុង ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១​ ឆ្នាំ​ចោទ​ពីបទ​ផ្តល់​ឯកសារ​ក្លែង​។ ដោយ​មិន​សុខ​ចិត្តនឹង​សាលក្រម​ខាងលើ​ស្ត្រី​ជាប់ចោទ​ឈ្មោះ​ អ៊ុំ រ៉ាដា បាន​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បន្តទៀត​។

ស្ត្រី​ជាប់ចោទ​ អ៊ុំ រ៉ាដា បាន​និយាយប្រាប់​ចៅក្រម​ក្នុង​អង្គសវនាការ​នៅ​ថ្ងៃទី ​១៨​ មករា ថា គាត់​ប្តឹង​ឧទ្ធរណ៍​ពេលនេះ​មិនមែន​ជំទាស់​ទៅនឹង​ទង្វើ​របស់ខ្លួន​ទេ តែ​ជំទាស់​នឹង​ទណ្ឌកម្ម​ទោស​ច្រើន​ឆ្នាំ​ពេក​។ ម្យ៉ាង​គាត់​ក៏មាន​បញ្ហា​គ្មាន​អ្នក​ថែទាំ​ចិញ្ចឹម​កូន​ ៣ ​នាក់ ដោយសារ​គ្មាន​អ្នក​មើលថែ​។ ស្ត្រី​ជាប់​ចោទថា​៖ «​ខ្ញុំ​សូម​តុលាការ​បន្ថយទោស​ខ្ញុំ​ផង ដើម្បី​ឆាប់​បាន​ចេញទៅ​មើលថែ​កូនៗ ដែល​ទើប​មាន​អាយុ​ ១៣ ​ឆ្នាំ អាយុ ១២ ​ឆ្នាំ និង​អាយុ​ ៧​ ឆ្នាំ​។ ពីមុន​ពួកគេ​មាន​ឪពុក​ខ្ញុំ​មើលថែ ឥឡូវ​គាត់​ត្រូវស្លាប់​ដោយ​ជំងឺ​កូវីដ​បាន​ ៣ ​ខែ​មកហើយ​»​។

លោក​ អ៊ឹម សុផាន តំណាង​មហាអយ្យការ​សន្និដ្ឋាន​ក្នុង​អង្គ​សវនាការ​នៅ​ថ្ងៃទី​ ១៨ មករា​ថា ជនជាប់ចោទ​បាន​សារភាព​ពី​ការប្រព្រឹត្ត​របស់ខ្លួន ហើយ​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ ១៦ ​ឆ្នាំ​។ អំពើ​របស់​ស្ត្រី​ជាប់ចោទ​បើតាម​ច្បាប់​ត្រូវ​ផ្តន្ទាទោស​ពី​ ១៥ ​ឆ្នាំទៅ ​២០ ​ឆ្នាំ ករណី​ជនរងគ្រោះ​ជា​អនីតិជន​។

លោក​ថា​៖ «​ការដែល​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ ១៦​ ឆ្នាំ​ដល់​ស្ត្រី​ជាប់ចោទ​គឺ​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់​ហើយ​ ប៉ុន្តែ​ជនជាប់ចោទ​គួរ​ទទួល​បានការ​សម្រាលទោស​ខ្លះ ព្រោះ​បទល្មើស​នៅ​មិនទាន់​សម្រេច​»​។

លោក​ ឡាយ ឡងឌី ជា​មេធាវី​ការពារ​ក្តី​ឱ្យ​ស្ត្រី​ជាប់ចោទ អ៊ុំ រ៉ាដា បានធ្វើ​សេចក្តី​សន្និដ្ឋាន​ថា លោក​ឯកភាព​ចំពោះ​ការសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​។ «​កូនក្តី​របស់ខ្ញុំ​នៅ​គ្រប់​ដំណាក់កាល​គឺ​គាត់​បាន​សារភាព​រហូតមក​។ ហេតុដូច្នេះ ខ្ញុំ​សូម​តុលាការ​មេត្តា​បន្ថយទោស​ដល់​គាត់​ផង​»​។

ក្រោយ​ប្រើពេល​ជំនុំជម្រះ​ជិត​ ១​ ម៉ោង​មក លោក​ចៅក្រម​ ភូ ពៅស៊ុន បាន​ថ្លែងថា សាលដីកា​នេះ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ២៨ មករា​៕