ភ្នំពេញៈ លោក​ អានុឡាក់ គិធិឃួន (Anoulak Kittikhoun) ​បាន​ចូលកាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៃ​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេមេគង្គ​ (MRC) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ ហើយ​លោក​ក៏​នឹង​ដឹកនាំ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​នៅ​រាជធានី​ភ្នំពេញ​ក្នុង​អាណត្តិ​ ៣ ​ឆ្នាំ​របស់លោក​ចាប់ពី​ឆ្នាំ​ ២០២២-២០២៤ ផងដែរ​។

មាន​សញ្ជាតិ​ឡាវ លោក​ អានុឡាក់ ដែល​បាន​ចូលកាន់​តំណែង​នេះ​នា​ថ្ងៃទី​ ១៧ ខែមករា គឺជា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ ដែលមាន​បទពិសោធ​ និង​ជំនាញ​ផ្នែក​កិច្ចការ​ទន្លេមេគង្គ​។ លោក​មាន​បទពិសោធ​ ២០ ​ឆ្នាំ​ក្នុងតួនាទី ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​នៅ​លេខាធិការដ្ឋាន​ MRC អង្គការ​សហប្រជាជាតិ​ (UN) ​និង​អង្គភាព​ពាក់ព័ន្ធ​នានា រួមមាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​ក្នុង​ផ្នែក​អាស៊ី និង​ប៉ាស៊ីហ្វិក​។ លោក​ជា​បុគ្គលិក​អន្តរជាតិ​ដំបូង​គេ​មកពី​ប្រទេស​ឡាវ​ដែល​បាន​ទៅ​បម្រើការ​នៅ​ទីស្នាក់ការ​កណ្តាល​របស់ UN​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន MRC បញ្ជាក់​នា​ថ្ងៃទី ​១៧ មករា ថា លោក គឺជា នាយក​ប្រតិបត្តិ​ទី​ ១ ​មកពី​ប្រទេស​ឡាវ​ក្នុង​ប្រវត្តិសាស្ត្រ​ ២៥​ ឆ្នាំ​របស់ MRC​។ ការតែងតាំង​រូបលោក​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមប្រឹក្សា​ថ្នាក់​រដ្ឋមន្ត្រី​របស់​ MRC កាលពី​ខែវិច្ឆិកា ឆ្នាំ ​២០២១ បន្ទាប់ពី​គណៈកម្មាធិការ​ចម្រុះ ​MRC សម្រេច ជ្រើសរើស​លោក​ជា​ឯកច្ឆន្ទ​។

ក្រុមប្រឹក្សា​ថ្នាក់​រដ្ឋមន្ត្រី គឺជា​ស្ថាប័ន​អភិបាលកិច្ច​ខ្ពស់បំផុត​នៃ​អង្គការ​នេះ ដោយមាន​សមាជិកភាព​ជា​រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក​ និង​បរិស្ថាន​មកពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន លោក​ អានុឡាក់ ដែលជា​នាយក​ប្រតិបត្តិ​ថ្មី​ទី ​៣ និង​វ័យក្មេង​បំផុត​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​កិតិ្តយស​យ៉ាងខ្លាំង​ចំពោះមុខ​តំណែង​ដ៏ខ្ពង់ខ្ពស់​នេះ​។ ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខនេះ ខ្ញុំ​នឹង​ជួយ​សម្រួល​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​តាម​ដង​ទន្លេមេគង្គ​លើ​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​អាង​ទន្លេមេគង្គ​ និង​កាលានុវត្តន៍​ផ្សេងៗ បន្ត​លើកកម្ពស់ MRC ជា​អង្គការ​អាង​ទន្លេ​កម្រិត​ពិភពលោក ព្រមទាំង​ថែរក្សា​ និង​បង្កើត​ដៃគូ​ថ្មីៗ​គាំពារ​ដល់​កិច្ចប្រឹងប្រែង​ទាំង​ ២ ​ខាងលើនេះ​»​។

ក្នុង​អាណត្តិ​របស់ខ្លួន​លោកនាយក​ប្រតិបត្តិ​ថ្មី​រូបនេះ​ប្តេជ្ញា​គ្រប់គ្រង​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​ឆ្នាំ​ ២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ MRC ឆ្នាំ​ ២០២១-២០២៥ ខណៈ​អាង​នេះ​ប្រឈម​នឹង​បញ្ហា ដែល​មិន​ធ្លាប់​កើតមាន ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ និង​លំហូរ​ទឹក​មិន​ទៀងទាត់​។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា មុខតំណែង​ចុងក្រោយ​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ និង​ភាពជា​ដៃគូ របស់ MRC ចាប់ពី​ឆ្នាំ​ ២០១៦ រហូតដល់​ការតែងតាំង​ជា​នាយក​ប្រតិបត្តិ​ធ្វើឱ្យ​លោក​ឈរ​យ៉ាងរឹងមាំ​ក្នុងតួនាទី​ថ្មី​នេះ​ ដើម្បី​ជួយ​ឱ្យមាន​ការចូលរួម​កាន់​តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ជា​សមាជិក MRC ដៃគូ​សន្ទនា ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។

ចាប់ពី​ឆ្នាំ ​២០១២-២០១៦ លោក​ អានុឡាក់ ​បាន​បម្រើការ​ជា​ប្រធាន​ក្រុម​នៃ​អតីត​កម្មវិធី​ផែនការអភិវឌ្ឍន៍​អាង​ទន្លេ​នៅ​លេខាធិការដ្ឋាន MRC ដោយ​ដឹកនាំ​បុគ្គលិក​ជំនាញ​មកពី​ប្រទេស ជា​សមាជិក ក៏ដូចជា​បុគ្គលិក​រដ្ឋបាល និង​ទីប្រឹក្សា​អន្តរជាតិ​ដែល​បាន​អនុវត្ត​កម្មវិធី​ក្នុង​ថវិកា​ប្រមាណ​ ១៤​ លាន​ដុល្លារ​អាមេរិក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​កិច្ចការ​របស់លោក ត្រូវបាន​ទទួលស្គាល់​ដោយ​ពានរង្វាន់​ជា​សកល និង​ការដឹកនាំ​ថ្នាក់​តំបន់ ឬ​ការជ្រើសរើស​ជាច្រើន​ទៀត រួមមាន​វេទិកា​សេដ្ឋកិច្ច​សកល​ និង​ក្រសួងការបរទេស​បារាំង​»​។

លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី ប្រទេស​អូស្ត្រាលី ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​បណ្ឌិត​ផ្នែក​អភិវឌ្ឍន៍​នយោបាយ និង​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ស៊ី​ធី​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

លោក​ក៏​ជា​សហនិពន្ធ​សៀវភៅ​ចំនួន​ ២​ ក្បាល​អំពី​អង្គការ​អាង​ទន្លេ​នៅក្នុង​កិច្ចការទូត​ទឹក ​(River Basin Organizations in Water Diplomacy) និង​ប្រទេស​តូច ការទូត​ទូលំទូលាយ (Small Countries, Big Diplomacy) ​ក៏ដូចជា​អត្ថបទ​ជាច្រើន ស្តីពី​ការទូត​ទឹក​និង​ទំនាក់ទំនង​អន្តរជាតិ​ពី​ទន្លេមេគង្គ​អាស៊ាន និង កិច្ចការ​អង្គការ​សហប្រជាជាតិ​។

លោក​ អានុឡាក់ ​បាន​រៀប​អាពាហ៍​ពិពាហ៍ មានកូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ លោក​បន្ត​តំណែង​ពី​នាយក​ប្រតិបត្តិ​ទី ​២ ដែល​មកពី​ប្រទេស​សមាជិក​ MRC ដូចគ្នា គឺ​លោក​ អាន ពេជ្រហត្ថដា សញ្ជាតិ​ខ្មែរ ដែល​បានបញ្ចប់​អាណត្តិ​កាលពី​សប្តាហ៍​មុន​។

លោក​ សូ សុភ័ទ្ទ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​-​កម្ពុជា​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​ពីថ្ងៃ​ទី​ ១៨​មករា​៕