
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នៅខេត្តក្រចេះថ្ងៃទី ១៧ មករា ឆ្នាំនេះ។ រូបថត ប៉ូលិស
ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្ស ១០១ នាក់បានស្លាប់ និង ២៣៧ នាក់ទៀតបានរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ១៨៥ លើក គិតចាប់តាំងពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៧ មករា ឆ្នាំ ២០២២។ នេះបើតាមលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ)។
លោកស្រី មឹន មាណវី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន (គសចគ) បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែមករាថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កំពុងតែកើតឡើងគួរឱ្យព្រួយបារម្ភយ៉ាងក្រៃលែង នៅពេលដែលជំងឺកូវីដ ១៩ ទាំងករណីឆ្លង ជាពិសេសអ្នកស្លាប់ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាពជាមួយនឹងការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋធ្វើឱ្យករណីឆ្លងស្ថិតនៅកម្រិតទាបបំផុត ប៉ុន្តែបែរជាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានញឹកញាប់។ ជាក់ស្តែងគិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃ ១៧ ខែមករា ឆ្នាំ ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៨៥ លើកបណ្តាលឱ្យមានអ្នកស្លាប់ ១០១ នាក់ [ក្នុងនោះអ្នកជិះម៉ូតូស្លាប់ ៨១ នាក់ អ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៤៩ នាក់] រីឯអ្នករបួសធ្ងន់មាន ១៥៦ នាក់ និងអ្នករបួសស្រាលមាន ៨១ នាក់។
លោកស្រីថ្លែងថា៖ «ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខ្ញុំសូមអំពាវនាវ និងសូមសំពះអង្វរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាប្រុងប្រយ័ត្ន ដោយគោរពតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍គឺមិនបើកលើសល្បឿនកំណត់ មិនពិសាគ្រឿងស្រវឹងបើនឹងត្រូវបើកបរ គោរពសិទ្ធិអាទិភាព មិនបត់ ឬវ៉ាជែងទាំងប្រថុយប្រថាន ត្រូវប្រកាន់ស្តាំជានិច្ច គោរពគន្លងចរាចរណ៍ និងសូមពាក់មួកសុវត្ថិភាពទាំងអស់គ្នាពេលជិះម៉ូតូជាដើម»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីថ្លែងនៅថ្ងៃទី ១៧ ខែមករាថា លោកមិនទាន់បានពិនិត្យតាមដានករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំនេះទេ ប៉ុន្តែជារួមលោកកត់សម្គាល់ឃើញថា នៅពេលចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញធម្មតា ឃើញថា ចំនួនអ្នករងគ្រោះទាំងស្លាប់ និងរបួសក្នុងរបាយការណ៍ប្រចាំថ្ងៃមានច្រើន ជាពិសេសនៅពេលចូលឆ្នាំសកលតែម្តង។
លោកនាយកអង្គការមូលនិធិបង្ការរបួសអាស៊ីលើកឡើងថា ដើម្បីកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យមកគោរពច្បាប់ចរាចរណ៍គឺត្រូវការមានវិធានការចំនួន ២ ទី ១ គឺអប់រំផ្សព្វផ្សាយដែលត្រូវបញ្ជ្រាបការអប់រំនៅតាមសាលារៀនពីបឋមសិក្សារហូតដល់វិទ្យាល័យ និងទី ២ គឺការអនុវត្តច្បាប់។
លោក បញ្ញា ប្រាប់ថា កន្លងមក អង្គការរបស់លោកបានអប់រំផ្សព្វផ្សាយច្រើនដល់ប្រជាពលរដ្ឋក្រុមគោលដៅ។ ជាមួយគ្នានោះ ក្រុមអង្គការសង្គមស៊ីវិលក៏បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធដាក់ការអនុវត្តច្បាប់ជាអាទិភាពបំផុត ព្រោះនៅពេលអាជ្ញាធររឹតបន្ដឹងការអនុវត្តច្បាប់គឺចំនួនអ្នកស្លាប់អ្នករបួសមានការថយចុះច្រើន បើប្រៀបធៀបនៅក្នុងបណ្តាឆ្នាំកន្លងទៅ។ ឧទាហរណ៍ដូចជា ឆ្នាំ ២០១៩ ធៀបនឹងឆ្នាំ ២០២០ ដែល ២០១៩ មានគ្រោះថ្នាក់រហូតដល់ជាង ២ ១៣០ នាក់ ចំណែកឆ្នាំ ២០២០ មានតែជាង ១ ៦៤០ នាក់ប៉ុណ្ណោះ។
លោកថ្លែងថា៖ «ដោយសារឥឡូវនេះ គឺកៀកពេលចូលឆ្នាំប្រពៃណីជនជាតិចិនដែលនឹងមកដល់នៅចុងខែមករានេះអ៊ីចឹងសុំឱ្យអាជ្ញាធរធ្វើការពង្រឹងការអនុវត្តច្បាប់ ទោះបីក្នុងអំឡុងពេលហ្នឹងក៏ដោយ និងសុំឱ្យប្រជាពលរដ្ឋយើងកុំគិតថា ការរឹតបន្តឹងការអនុវត្តច្បាប់ជាការចង់បានប្រយោជន៍អ្វីនោះត្រូវមើលឃើញថា អាហ្នឹងជាការបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើង»។
លោកស្រី មឹន មាណវី បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់មិនត្រូវបានបន្ធូរបន្ថយឡើយ ប៉ុន្តែទោះបីជាស្ថាប័នរាជរដ្ឋាភិបាលបានខិតខំទាំងការរឹតបន្តឹងការអនុវត្តច្បាប់ ព្រមទាំងអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមាន។ លោកស្រីថា បើមិនមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ដែលជាអ្នកប្រើប្រាស់ផ្លូវជាចាំបាច់នោះទេ គឺមិនអាចមានស្ថាប័ន ១ ឬ ២ ឬច្រើនជាងនេះ ទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានឡើយ។
បើតាមលោកស្រី មឹន ណាវី ការគោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់អាយុជីវិតខ្លួនឯងផ្ទាល់ និងគ្រួសារ រួមទាំងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដើម្បីរួមគ្នារស់នៅដោយសុខដុម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរក្សាអាយុជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងការលើកស្ទួយកិត្យានុភាពជាតិឱ្យស្មើមុខស្មើមាត់នៅក្នុងសកលលោកដូចបច្ចុប្បន្ន។
លោកស្រីថ្លែងថា៖ «សូមមេត្តាចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវគ្រប់ពេលវេលា គ្រប់ទីកន្លែង និងអាចចូលរួមតាមកម្មវិធីតេឡេក្រាមឈ្មោះ «សុវត្ថិភាពចរាចរណ៍យើង» ដោយស្មារតីស្ថាបនា និងសាមគ្គីឯកភាពជាតិ»៕