បាត់ដំបងៈ តុលាការខេត្ត​បាត់ដំបង​បានសម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ប្រជាពលរដ្ឋ​ ៣ ​នាក់​ពាក់ព័ន្ធ​នឹង​ការចូល​កាន់កាប់​ដី​ក្នុង​ដែន​ព្រៃ​លិចទឹក​ក្នុង​តំបន់​ ៣ នៃ​បឹង​ទន្លេសាប ខណៈ​រដ្ឋបាល​ខេត្តកំពង់ធំ​ថា​នឹង​ស្រាវជ្រាវ​ករណី​ដែលមាន​ការចោទប្រកាន់​អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ថា បាន​កាន់កាប់​ដី​ជាង​ ១០០ ​ហិកតា តែ​មិន​ព្រម​ប្រគល់ជូន​រដ្ឋ​វិញ​។

កាលពី​ថ្ងៃទី ​១៤ មករា ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​បាន​បញ្ជូន​សំណុំរឿង និង​ជនសង្ស័យ​ចំនួន​ ៣​ នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ចូលកាន់​កាប់​ដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ ៣ នៅ​ចំណុច​ក្រពើ​ស្គម ភូមិ​ព្រៃចាស់ ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង​។

លោកស្រី ជា ច័ន្ទរស្មី ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ មករា​ថា បន្ទាប់ពី​ទទួលបាន​សំណុំ​រឿង និង​ជនសង្ស័យ​ទាំង ​៣ ​នាក់​នេះ តុលាការ​ក៏បាន​សម្រេច​​ចោទប្រកាន់ និង​ឃុំខ្លួន​ពួកគេ​បណ្តោះអាសន្ន​ពីបទ​កាប់ឆ្ការ​​ព្រៃ​ខុសច្បាប់​ក្នុង​តំបន់​លិច​ទឹក​។

លោកស្រី​បាន​បន្តថា ជន​ទាំង ​៣​ នេះ​កំពុងស្ថិត​ក្នុង​ពន្ធនាគារ​ខេត្ត ដើម្បី​រង់ចាំ​នីតិវិធី​ច្បាប់​បន្ត ប៉ុន្តែ​លោកស្រី​ថា មិនអាច​បញ្ជាក់​អ្វី​បាន​ក្រៅពីនេះ​ទេ​។

លោកស្រី បាន​បញ្ជាក់ថា​៖ «​សំណុំ​រឿងនេះ​កំពុងស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ដូច្នេះ​ខ្ញុំ​​មិនអាច​បកស្រាយ​អ្វី​បាន​ច្រើនជាង​នេះ​ទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការ​ស៊ើបអង្កេត​របស់​ចៅក្រម​»​។

កាលពី​ថ្ងៃទី​ ១៧ មករា លោក ជួង សុភា ​នាយ​ខណ្ឌ​រដ្ឋបាលជលផល​ខេត្តបាត់ដំបង​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​ ៣ ​នាក់​នេះ​គឺមាន​ឈ្មោះ​ សេក សុគុន​, សេក លាងហៃ និង សេក ​សុនាង ​ដោយ​ពួកគេ​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ ៣ ក្នុង​ម្នាក់ៗ​ ៣០​ ហិកតា​នៅ​ចំណុច​ក្រពើ​ស្គម ។ ​លោក​បាន​ឱ្យដឹងទៀតថា ការឆ្លើយ​សារភាព​នេះ​ក្រោយពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​កោះហៅ​មនុស្ស​ចំនួន​ ១២​ នាក់ តែ​ម្នាក់ ឈ្មោះ ម៉ៅ ​ឆឺត ​មិនបាន​ចូលខ្លួន​មក​បំភ្លឺ​ទេ​។ ​នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រោយការ​សាកសួរ​មានតែ​ជនសង្ស័យ​ ៣ ​នាក់​ខាងលើ​ប៉ុណ្ណោះ​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្តល្មើស​នឹង​បញ្ញត្តិ​ច្បាប់​ស្តីពី​ជលផល​ឆ្នាំ​ ២០០៦ ពីបទ​ “​កាប់ឆ្ការ​ឈូសឆាយ​ព្រៃ លិច​ទឹក​ ឬ​ហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ក្រពើ​ស្គម ភូមិ​ព្រៃចាស់ ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង​តាំងពី​អំឡុង​ឆ្នាំ​ ២០០៦ រហូតមកដល់​បច្ចុប្បន្ន​»​។

ដោយឡែក​ជនសង្ស័យ​ចំនួន​ ៨ ​នាក់​ទៀត​មានឈ្មោះ ជុំ ដេ, តោ លាងឆេង,​គ្រុឌ ​ឡាប​, សេក​ ​លាងអេងពតមន្ថា​, សេង សូង​, យន់ យ៉ុង​, សូង ពិសិដ្ឋ បាន​ឆ្លើយថា ខ្លួន​ពុំមាន​ដី​នៅ​​ក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់​ ៣ ទេ ហើយ​ក្រោយ​រកឃើញ​មិនមាន​ជាប់​ពាក់ព័ន្ធ មន្ត្រីជលផល​ក៏​​បាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ​នេះ​បើតាម​ការអះអាង​របស់​លោក ជួង សុភា​។

បើតាម​របាយការណ៍​របស់​គណ:កម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ ឬ​ទន្ទ្រាន​ដី​ព្រៃលិច​ទឹក​នៅ​តំបន់​ ៣ ខេត្ត បាត់ដំបង​មានការ​រុករាន​ដីព្រៃ​លិច​ទឹក​ ៤ ​ស្រុក​សរុប​ជាង ​១២ ២២៥ ​ហិកតា នៅ​ទីតាំង​ចំនួន​ ២៩ ក្នុងនោះ​មាននៅ​ស្រុក​មោងឫស្សី ស្រុក​ឯកភ្នំ ស្រុក​ថ្មគោល និង​ស្រុក​សង្កែ​។

ពាក់ព័ន្ធ​បទល្មើស​ព្រៃ​លិច​ទឹក​​ក្នុង​តំបន់​បឹង​ទន្លេសាប​នេះ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៨ មករា​ថា ក្រុម​ការងារ​នឹង​ស្រាវជ្រាវ​ពី​ករណី​ចោទប្រកាន់​មកលើ​អនុប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្ត​កំពង់ធំ​ថា​បាន​កាន់កាប់​ដី​ជាង​ ១០០​ ហិកតា តែ​មិន​ព្រម​ប្រគល់​ជូន​រដ្ឋ​វិញ​។

លោក​បាន​បន្តថា ក្នុង​ដំណាក់កាល​នេះ​ទោះ​មិន​មានការ​ប្រគល់​ដោយ​ស្ម័គ្រចិត្ត​ក៏​ដី​ដែល​ស្ថិតក្នុង​តំបន់​ ៣​ នៃ​បឹង​ទន្លេសាប​ត្រូវ​ដកហូត​មកវិញ​ទាំងអស់ ហើយ​ករណី​ចោទប្រកាន់​មកលើ​អនុប្រធាន​នេះ លោក​នឹង​ពិនិត្យ​បន្ថែមទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​យើង​កំពុង​វាស់ និង​ស្រាវជ្រាវ​ហើយ​។ ​យើង​មិនទាន់​ដឹង​ច្បាស់​ទេ យើង​កំពុង​ស្រាវ​-​ជ្រាវ​ដី​ទាំង​អស់ហើយ​។ មិន​

​សំខាន់​ទេ​រឿងនេះ ព្រោះ​កន្លងមក យើង​បាន​ដកហូត​ជា​ហូរហែ​មកហើយ ទោះ​គាត់​ប្រគល់​មិន​ប្រគល់ គឺ​យើង​ដក​ទាំងអស់​ឱ្យតែ​ស្ថិតក្នុង​តំបន់​ ៣​ដែល​គាត់​បាន​ប្រើប្រាស់​ជ្រុល​កន្លងមក​»​។

កាលពី​ថ្មីៗ​នេះ​លោក ស៊ូ ចន្ទ្រី អនុប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តកំពង់ធំ ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ថា បាន​ទន្ទ្រាន ឈូសឆាយ​កាន់កាប់ ដីព្រៃ​លិច​ទឹក​តំបន់​ ៣ បឹង​ទន្លេសាប​នៅ​ចំណុច​ទ្រនំ​សេក ក្នុង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ចំនួន ​១០៦ ​ហិកតា​។

លោក ស៊ូ ចន្ទ្រី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ដែល​រង​ការ​ចោទ​ប្រកាន់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ មករា​ថា ដី​ទាំងនេះ​គឺជា​ដី​ដែល​លោក​បាន​ទិញ​បន្ត​ពី​ពលរដ្ឋ​អាស្រ័យ​ផល​តៗ​គ្នា​តាំងពី​ក្រោយ​ឆ្នាំ​ ១៩៨០ ​ដោយ​​លោក​មិនបាន​កាប់​ទន្ទ្រាន​ដូច​ការចោទប្រកាន់​នោះទេ​។ ​ជាមួយ​គ្នានេះ លោក​ក៏បាន​បដិសេធ​ និង​បាន​អះអាងថា លោក​បានប្រគល់​ដី​នេះ​ជូន​រដ្ឋ​វិញ​ហើយ​តាំងពី​រដ្ឋាភិបាល​ប្រកាស​ដកហូត​ពីដំបូង​ម្ល៉េះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ឯណា​ទៅបាន​ឈូសឆាយ​កាប់​រាន​ដីព្រៃ​អី​ទៀត ក្រោយ​មាន​ការប្រគល់​ឱ្យទៅ​សម្តេច ខ្ញុំ​បានប្រគល់​អស់ហើយ​តើ​។

ប៉ុន្តែ​កាសែត​គេ​ចេះតែ​ចុះផ្សាយ​ចោទប្រកាន់​ខ្ញុំ​រហូត ខ្ញុំ​ប្រគល់ឱ្យ​រដ្ឋ​វិញ​មាន​ទាំង​លិខិតស្នាម​អី​ទៀត គ្រាន់តែ​ខ្ញុំ​មិនបាន​ផ្សព្វផ្សាយ​»​។

បើតាម​អភិបាលខេត្ត​កំពង់ធំ លោក ងួន រតនៈ គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែមករា មាន​ពលរដ្ឋ​ជាង ២ ០០០ ​គ្រួសារ បាន​ស្ម័គ្រចិត្ត​ប្រគល់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ​៣ ​ជុំវិញ​បឹង​ទន្លេសាប​ជាង​ ១​ ម៉ឺន​ហិកតា ខណៈ​ការដាំដុះ​ព្រៃ​លិច​ទឹក​នេះ​ជំនួស​វិញ​នៅក្នុង​តំបន់​ទាំងនោះ​គឺ​ធ្វើបាន​ជាង​ ៤០ ​គីឡូម៉ែត្រ ៕