កំពង់ស្ពឺៈ ​គ្រាប់​ប្រភេទ​ K57​ ចំនួន​ ២៤​ កេស និង​គ្រាប់​ DK82 ​មិល្លីម៉ែត្រ​ ៣០ ​គ្រាប់​ត្រូវ​ជំនាញ​អង្គការ​ហេឡូត្រាស់​រៀច​ចំ​កម្ទេចចោល​នៅ​ថ្ងៃទី​ ១៩ មករា​នេះ បន្ទាប់ពី​ពលរដ្ឋ​ប្រទះឃើញ​កប់​ក្នុង​ដី​នៅ​ភូមិ​ឈើទាលជ្រុំ ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

លោក ហួន នី ប្រធាន​ក្រុម​កម្ទេច​គ្រាប់មីន​មិនទាន់​ផ្ទុះ​នៃ​អង្គការ​ហេឡូត្រាស់​បាន​ប្រាប់​នៅ​ថ្ងៃទី​ ១៨ មករា ថា គ្រាប់​ប្រភេទ​ K57 ​ចំនួន​ ២៤ ​កេស និង​ DK82 ​មិល្លីម៉ែត្រ​ចំនួន​ ៣០ ​គ្រាប់​នឹងត្រូវ​ជំនាញ​របស់លោក​រៀបចំ​កម្ទេចចោល​នៅ​ថ្ងៃទី​ ១៩ ​មករា ក្នុង​តំបន់​គ្មាន​មនុស្ស​រស់នៅ​។

លោក​ថា​៖ «​រយៈពេល​ ២ ​ថ្ងៃ​ហើយ​ដែល​ក្រុមការងារ​យើង​ប្រមូល និង​រុករក​គ្រាប់​នេះហើយ​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ១៨ មករា​) ​យើង​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព​ដោយមាន​នគរបាល​ប៉ុស្តិ៍​យាមកាម​ត្រឹមត្រូវ​។ ​នៅ​ថ្ងៃស្អែក ​(​ថ្ងៃទី​ ១៩ មករា​) ​យើង​កម្ទេចចោល​ហើយ​»​។

លោក នៅ ណន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំងជោរ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ​មករា​ថា គ្រាប់​សំណល់​ពី​សង្គ្រាម​ទាំងនេះ​ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​អង្គការ​ហេឡូត្រាស់​ប្រមូល​រក្សាទុក បន្ទាប់ពី​ពលរដ្ឋ​ប្រទះឃើញ​កាលពី​ថ្ងៃទី​ ១៧ ​មករា​នៅ​​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ត្រពាំងជោរ​។ ​គ្រាប់​ទាំង​ ២​ ប្រភេទ​នេះ​មាន​ខ្លះ​នៅមាន​គុណភាព​ពី​ ២០ ​ទៅ​ ៥០​ ភាគរយ​ដែរ​។

លោក​ថា​៖ «​គ្រាប់​ K57​ ត្រូវ​ច្រែះ​ស៊ី​ខូច​អស់​គុណភាព​រលីង​ហើយ​។ ​ប៉ុន្តែ​គ្រាប់​ DK82 ​នៅមាន​គុណភាព​ពី​ ២០​ ទៅ​ ៥០ ​ភាគរយ​។ ​អាហ្នឹង​វា​អាច​ផ្ទុះ​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​បាន​»​។

លោក​បាន​ពន្យល់ថា គ្រាប់​ K57​ នេះ​មាន​ទំហំ​ធំ​ជាង​គ្រាប់​ AK​ បន្តិច ហើយ​ជា​គ្រាប់កាំភ្លើង​ស្វ័យប្រវត្តិ​ (​បាញ់រះ​)​។

ចំណែកឯ​គ្រាប់ ​DK82 ​វិញ​វា​មាន​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ និង​មាន​ទំហំ​ប៉ុន​កំភួនជើង​ប្រើ​សម្រាប់​បាញ់​រថក្រោះ​។

បើតាម​លោក នៅ ណន គ្រាប់​ទាំងនោះ​ត្រូវបាន​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ត្រពាំង​ជោរ​ប្រទះឃើញ​​ពេល​គាត់​កំពុង​ភ្ជួរ​រាស់​ដី​ធ្វើ​ចម្ការ​។ នៅ​តំបន់​ស្រុក​ឱរ៉ាល់​នោះ​សម្បូរ​ព្រៃ​ហើយ​ទាហាន​ខ្មែរក្រហម​បាន​យក​ទីតាំង​តំបន់​នោះ​ធ្វើជា​ជម្រក​លាក់ខ្លួន​ក្នុងអំឡុង​ឆ្នាំ​ ១៩៨៨ ​ប្លាយ​។ គ្រាប់​ទាំងនោះ​ជា​សំណល់​ពី​សម័យ​សង្គ្រាម​ប្រទាញប្រទង់​គ្នា​រវាង​រដ្ឋ​កម្ពុជា​ជាមួយ​ទាហាន​ខ្មែរ​-​ក្រហម​។

លោក​បន្ថែមថា ការប្រទះឃើញ​គ្រាប់​មិនមែន​ទើបតែ​លើក​នេះ​ទេ ពោលគឺ​​មាន​ជាច្រើនលើក​មកហើយ ជាពិសេស​ក្នុង​ឃុំ​ត្រពាំងជោរ​តែម្តង ប៉ុន្តែ​មិនមាន​ចំនួន​ច្រើន​ទេ ទើបតែ​លើក​នេះ​មាន​ចំនួន​ច្រើន​ខុសធម្មតា​ «​ប៉ុន្តែ​ទោះជា​តំបន់​មាន​សំណល់​គ្រាប់​ក្តី តែ​គ្មាន​មនុស្ស​រងរបួស ឬ​ស្លាប់​ដោយសារ​ផ្ទុះ​គ្រាប់​ទេ​»​។

លោក​បន្ថែមថា​៖ «​បញ្ហា​នេះ​យើង​តែងតែ​ផ្សព្វផ្សាយ​នៅតាម​ភូមិ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​យល់ដឹង​ពី​បញ្ហា​គ្រោះថ្នាក់​ ដោយសារ​គ្រាប់មីន​។ ​ដូច្នេះ​ពួកគាត់​មិន​ហ៊ាន​ប៉ះពាល់​ទេ​បើ​ឃើញ​គាត់​រាយការណ៍​មក​យើង​ភ្លាម​»៕