ភ្នំពេញៈ រុស្ស៊ី​ផ្តល់​ថវិកា​ចំនួន ​២,៨ លាន​ដុល្លារ​អាមេរិក ​ដែល​ជា​ផ្នែកមួយ​ នៃ​ការរួមចំណែក ​ដល់​មូលនិធិ​ របស់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ សម្រាប់​ជាការចំណាយ​ដល់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្បៀងអាហារ​ នៅ​សាលារៀន​ ប្រកប​ដោយ​និរន្តរភាព​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ​បញ្ជាក់ ​នា​ថ្ងៃទី១៩ ​មករា ​ថា​៖«យោង​ទៅតាម​សេចក្តី​សម្រេច ​របស់​រដ្ឋាភិ​បាល ​នៃ​សហព័ន្ធ​រុស្ស៊ី ​ចុះ​ថ្ងៃទី២៥ ​ខែធ្នូ ​ឆ្នាំ២០២១ ​នៅ​ចុង​ឆ្នាំ២០២១ ​សហព័ន្ធ​រុស្ស៊ី​បានផ្តល់​ថវិកា​ចំនួន​២,៨លាន​ដុល្លារ​អាមេរិក ​ជាផ្នែក​មួយ​ នៃ​ការរួមចំណែក​គោលដៅ ​ដល់​មូលនិធិ ​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន ​ដល់​ការចំណាយ​ទាក់ទង​នឹង​ការអនុវត្ត​គម្រោង ​ដែល​មាន​គោលបំណង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្បៀងអាហារ ​នៅ​សាលារៀន​ប្រកប​ដោយ​និរន្តរភាព ​នៅ​ក្នុង​រាជាណាចក្រ​កម្ពុជា»។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា ​វិធានការ​នេះ ​សំដៅ​លើ​ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ ​ជាផលប្រយោជន៍​នៃ​ការស្តារ​ឡើង​វិញ ​ក្រោយ​ជំងឺ​កូវីដ១៩ ​និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

កាល​ពី​ថ្ងៃ​ទី១៥ ​ខែតុលា ​ឆ្នាំ២០២១ ​ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា ​រួមជាមួយ​ក្រុមហ៊ុន​រុស្ស៊ី ​Bio Building Co. ​ក្រុមហ៊ុន​កម្ពុជា​ Leasure Asia Corporation eBiodis SGU Import Export Co. Ltd. ​ព្រម​ទាំង​សាកលវិទ្យាល័យ​អង្គរ ​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-រុស្ស៊ី ​បានរៀបចំ​សកម្មភាព​មនុស្សធម៌ ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

ក្នុង​ពិធី​នោះ​លោក​អាណាតូលី ​បូរ៉ូវីក ​(Anatoly Borovik) ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ​បានប្រគល់​ជូន​លោក​ងី ម៉េង ​នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ​នូវ​ឧបករណ៍​ប្រមូលផ្តុំ​អុកស៊ីហ្ស៊ែន ​ថ្នាំ​សម្លាប់​មេរោគ​អេឡិចត្រូលីត​ eBiodis​៥២០លីត្រ ​ ថ្នាំ​សម្លាប់​មេរោគ​អាល់កុល​៨៧០លីត្រ ​ម៉ាស់​៦០០ប្រអប់​ វីតាមីន​១០ប្រអប់ ​ឧបករណ៍​វាស់​ជាតិស្ករ​ក្នុង​ឈាម ​និង​ម៉ាស៊ីន​បាញ់​ថ្នាំ។

កាល​ពី​ខែធ្នូ ​ឆ្នាំ២០២១ ​លោក​អាណាតូលី ​បូរ៉ូវីក ​បាន​ជួប​ជាមួយ​លោកស្រី ​Alissar Chaker ​តំណាង​អចិន្ត្រៃយ៍​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​នៅ​ឯស្ថាន​ទូតរុស្ស៊ី។ ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ ភាគី​ទាំង២​បាន​ពិភាក្សា​អំពី​គម្រោង​សង្គម​និង​មនុស្សធម៌ ​ដែលត្រូវ​បាន​អនុវត្ត​នៅ​កម្ពុជា ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ​រួមទាំង​គម្រោង​ដែលបាន​ធ្វើឡើង​ក្រោម​ការគាំទ្រ​របស់​រុស្ស៊ី។

កាល​ពី​ខែធ្នូ​ ឆ្នាំ២០២១​ដដែល​នេះ ​លោក ​Nikolai Patrushev ​លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដោយ​បាន​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​អំពី​ផែនការ​បន្ថែម​ទៀត​ សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​កម្ពុជា​-រុស្ស៊ី ​ក្នុង​វិស័យ​នយោបាយ ​ពាណិជ្ជកម្ម​-សេដ្ឋកិច្ច ​វិទ្យាសាស្ត្រ​-បច្ចេកទេស ​និង​មនុស្សធម៌ ​ព្រមទាំង​លើ​បញ្ហា​សន្តិសុខ។

ក្នុង​កិច្ចប្រជុំ​កំពូល​រុស្ស៊ី-​អាស៊ាន​ កាលពី​ចុង​ខែតុលា ​ឆ្នាំ២០២១ ​មេដឹកនាំ​អាស៊ាន​ បានពិចារណា ​លើ​មធ្យោបាយ​ពង្រីក​ទំនាក់​ទំនង​ក្នុង​វិស័យ​នយោបាយ ​សេដ្ឋកិច្ច ​និង​មនុស្សធម៌ ​ព្រមទាំង​បានផ្លាស់ប្តូរ​ទស្សនៈ​អំពី​ស្ថានភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​បានពិភាក្សា​អំពី​បញ្ហា ​នៃ​ការងើប​ឡើងវិញ​ នៃ​សេដ្ឋកិច្ច​ ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ និង​ការពុះពារ ​លើ​ផល​វិបាក​នៃ​ជំងឺ​កូវីដ១៩។

រុស្ស៊ី​ធ្លាប់​ប្រកាស​ថា ​ប្រទេស​នេះ​តែងតែ​នៅតែ​ជាមិត្ដ​ដ៏ជិតស្និទ្ធ ​និង​ជាដៃគូ​គួរឱ្យ​ទុកចិត្ត​របស់​កម្ពុជា ​ដែល​ប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី ​និង​កិច្ចសហ​ប្រតិបត្តិការ ​ព្រមទាំង​ការពារ​សន្តិភាព​ស្ថិរភាព ​និង​វិបុលភាព​របស់​ប្រជាជន​កម្ពុជា៕