
លោក កឹម សុខា ពេលធ្វើដំណើរចេញពីតុលាការ។ ហុង មិនា
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងក្រោមបទចោទ «សន្ទិដ្ឋភាពជាមួយបរទេស» ឬ «ឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» ដែលត្រូវបានដំណើរការពេញ ១ ព្រឹកនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះ បានបន្តលើកពេលទៅថ្ងៃទី ២៥ ខែមករា ២០២២។ ប៉ុន្តែសហមេធាវីរបស់លោក កឹម សុខា បាន សម្តែងការមិនពេញចិត្តចំពោះការបន្តពន្យារពេលនេះ ក្រោយពីបញ្ចប់សវនាការ។
លោក កឹម សុខា បានធ្វើដំណើរតាមរថយន្តដោយភាពស្ងប់ស្ងាត់ និងស្នាមញញឹមពេលចូល និងពេលចេញពីអង្គសវនាការ ដោយមិនធ្វើអត្ថាធិប្បាយអ្វីឡើយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។
សវានាការនេះត្រូវបានធ្វើឡើងក្រោមសមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក សេង លាង និងលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា។ ចំណែក តំណាងអយ្យការអមសវនាការមានលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រឡាបញ្ជីសវនាការ លោក ជ័យ វាសនា។ សវនាការនេះត្រូវបានបើកជាសាធារណៈដោយមានការអនុញ្ញាតឱ្យចូលរួមស្តាប់នៅក្នុងខាងក្នុងពីសំណាក់មន្ត្រីស្ថានទូត អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានមួយចំនួន ប៉ុន្តែត្រូវបានអនុវត្តទៅតាមវិធានការសុខាភិបាល។
នៅឯខាងក្រៅនៃសាលាដំបូងរាជធានីភ្នំពេញវិញ គេសង្កេតឃើញ អ្នកសារព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិចូលរួមយកព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនក៏បានចូលរួមសង្កេត និងឃ្លាំមើលផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់សវនាការនៅពេលនេះ មិនមានការបិទផ្លូវពីសំណាក់កងកម្លាំងចម្រុះរាជរដ្ឋាភិបាល ព្រោះមិនសូវមានអ្នកគាំទ្ររបស់លោក កឹម សុខា មកចូលរួមច្រើនដូចកាលពីលើកមុននោះទេ។
ក្រោយបញ្ចប់សវនាការពេញ ១ ព្រឹកនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះ លោក គី តិច មេធាវីតំណាងរបស់រាជរដ្ឋាភិបាលថ្លែងប្រាប់អ្នកសារព័ត៌មានថា សវនាការជំនុំជម្រះករណី លោក កឹម សុខា នេះ ដែលត្រូវធ្វើឡើងនៅពេលនេះ គឺជាថ្ងៃចាប់ផ្តើមដំណើរការឡើងវិញ ក្រោយពីអាក់ខានមួយរយៈកន្លងមក ដោយសារតែជំងឺកូវីដ ១៩។
លោក គី តិច បានថ្លែងដោយបានកត់សម្គាល់ចំពោះការលើកឡើងរបស់លោក កឹម សុខា ដែលជាជនជាប់ចោទនៅក្នុងសវនាការថា បានទទួលស្គាល់ចំពោះការខកខាននៃការរៀបចំសវនាការកាលពីកន្លងមក ដោយសារតែបញ្ហាជំងឺកូវីដ ព្រោះជំងឺនេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺនៅទូទាំងពិភពលោកដែលធ្វើឱ្យមានការរាំងស្ទះគ្រប់ប្រភេទ និងគ្រប់វិស័យ ដែលនេះក៏មិនមែនតែកម្ពុជា និងក៏មិនមែនតែសវនាការជនជាប់ចោទ កឹម សុខា ផងដែរ។
លោកបន្តថា មិនតែប៉ុណ្ណោះលោក កឹម សុខា បានថ្លែងគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញវិធានការ និងខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជា រួមទាំងទប់ស្កាត់បាននូវការរីករាលក្នុងលក្ខណៈទ្រង់ទ្រាយធំ និងមានលទ្ធភាពឱ្យលោក កឹម សុខា ចូលរួមសវនាការរបស់លោកនៅពេលនេះទៀត។
លោកថា ជាមួយគ្នានេះតំណាងអយ្យការក៏បានឆ្លើយតប ចំពោះការចង់បានរបស់សហមេធាវី លោក កឹម សុខា ឱ្យមានការដាក់កាលវិភាគ ឬកម្មវិធីសវនាការឱ្យបានលឿន ដើម្បីឱ្យបានឆាប់ចប់។
លោក គី តិច ថ្លែងថា៖ «ពេលនោះ តំណាងអយ្យការបានបំភ្លឺ និងបញ្ជាក់វិញថា ករណីបញ្ចប់លឿន វាមានមធ្យោបាយច្រើន ដែលត្រូវបញ្ចប់ ប៉ុន្តែការបញ្ចប់នោះត្រូវតែអនុវត្តទៅតាមច្បាប់ ទី ១ ការបញ្ចប់ បើសិនជាជនជាប់ចោទទទួលមរណភាព ទី ២ គឺការចប់ដោយមានសាលក្រមសាលដីកាស្ថាពរតាមរយៈការជំនុំជម្រះ។ ទី ៣ ចប់លឿនដែរ ប្រសិនបើជនជាប់ចោទទទួលស្គាល់ការពិត ទទួលស្គាល់កំហុស និងទទួលស្គាល់ទង្វើដែលគាត់បានធ្វើខុសទៅនឹងច្បាប់ និងបានសារភាពទទួលយកនូវទោសកំហុសទាំងអស់នោះក៏ឆាប់ចប់ដែរ»។
បើតាមលោក គី តិច នៅក្នុងសវនាការនៅថ្ងៃទី ១៩ ខែមករា នេះ ក្រុមប្រឹក្សាជំនុំជម្រះក៏បានសម្រេចចាក់វីដេអូឡើងវិញ តាមសំណើរបស់មេធាវីតាមបណ្តឹងរបស់រាជរដ្ឋាភិបាល ដែលវីដេអូនេះគឺជាដើមចម ជាភ័ស្តុតាងនៅក្នុងសំណុំរឿងរបស់លោក កឹម សុខា ប៉ុន្តែចាក់បានតែបន្តិចនឹងបន្តលើកទៅចាក់នៅថ្ងៃអង្គារ នៅសប្តាហ៍ក្រោយ។
លោក ចាន់ ចេន សហមេធាវីការពារក្តីឱ្យលោក កឹម សុខា បានថ្លែងឱ្យដឹងដែរថា ជំនុំជម្រះនៅពេលនេះ មិនទាន់បញ្ចប់នៅឡើយទេ ព្រោះវាកំពុងស្ថិតនៅក្នុងទម្រង់នីតិវិធី ប៉ុន្តែក្រុមសហមេធាវី ក៏ដូចជាកូនក្តីរបស់លោក គឺលោក កឹម សុខា ស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះ ដំណើរការសវនាការនេះឱ្យបានលឿន និងឆាប់រហ័ស ព្រោះក្នុងរយៈពេលនៃការចាប់ខ្លួនរបស់កូនក្តីរបស់លោកតាំងពី ២០១៧ បានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ដល់ការអនុវត្តសិទ្ធិ ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
លោកថ្លែងថា៖ «អ៊ីចឹង ទាំងសហមេធាវី និងកូនក្តីរបស់ខ្ញុំចង់ឱ្យដំណើរការនីតិវិធី ដើរឱ្យលឿន ប្រកបដោយយុត្តិធម៌ដែលយើងអាចទទួលយកបាន ប៉ុន្តែការកំណត់ចុងក្រោយនេះ បន្ទាប់ពីការកាត់ព្រឹកនេះគឺនឹងការចាប់ផ្តើមបន្តទៀត នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៨ ព្រឹក សប្តាហ៍ក្រោយឃើញថា គម្លាតនៃការរង់ចាំរបស់យើងយូរហើយ បែរទៅជាកម្មវិធីដំណើរការនីតិវិធីសវនាការមិនលឿនដូចអ្វីដែលយើងចង់បានទេ»។
ពាក់ព័ន្ធនឹងការចាក់វីដេអូលោកក៏ស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះចាក់ឱ្យបានពេញ មិនអាចកាត់ជាកង់ៗ និងខ្លី យកមកចាក់នោះទេ ព្រោះបើតាមពិនិត្យមើលខ្សែវីដេអូ មិនមែនជាការ «ឃុបឃិតជាមួយបរទេស» ឬ «ប្រើប្រាស់អំពើហិង្សា» ឬទៅ «ផ្តួលរំលំរដ្ឋាភិបាល» ទេ។ កូនក្តីរបស់លោក គ្រាន់តែទៅអរគុណបងប្អូនប្រជាពលរដ្ឋនៅអូស្ត្រាលី ដែលតែងតែជួយតាមរយៈគាត់ជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងប្រទេសកម្ពុជា។
លោក ចាន់ ចេន អះអាងថា បើសិនជាលោក កឹម សុខា ក្បត់ជាតិនោះ ប្រជាពលរដ្ឋខ្មែរ ឬថ្នាក់ដឹកនាំរដ្ឋនៅបន្តរាប់អានគ្នា ដោយនៅតែបន្តហៅឯកឧត្តម កឹម សុខា ជា «ឯកឧត្តម» ដដែលទេ។
លោកថ្លែងថា៖ «បើសិនជាកូនក្តីរបស់ខ្ញុំ ត្រូវរ៉ូវជាមួយបរទេស (តាមបទចោទ) អង្គទូត រដ្ឋមន្ត្រីការបរទេស គេមិនមកជួបគាត់ទេ ហើយរដ្ឋាភិបាលក៏មិនឱ្យជួបដែរ»។
បើតាមលោក ចាន់ ចេន ដោយឡែក ចំពោះកាចោទថា «ផ្តួលរំលំរដ្ឋាភិបាល» ក្នុងរយៈពេល ៤ ឆ្នាំនេះ លោក កឹម សុខា មិនដែលបានអំពាវនាវឱ្យអ្នកគាំទ្រ ឬកងកម្លាំងប្រដាប់អាវុធបះបោរទេ ផ្ទុយទៅវិញ លោក កឹម សុខា តែងតែជួយពលរដ្ឋ និងរដ្ឋាភិបាលទៅវិញទេ ពាក់ព័ន្ធនឹងបញ្ហាកូវីដ ដូច្នេះតាមរយៈការអះអាងនេះ លោក កឹម សុខា នឹងរួចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់។
អតីតព្រះរាជលេខាផ្ទាល់របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានចូលរួមសង្កេតការណ៍នៅខាងក្រៅអង្គសវនាការ មានព្រះរាជបន្ទូលដោយយល់ឃើញថា ចំពោះដំណើរការសវនាការជំនុំជម្រះក្តីរបស់លោក កឹម សុខា ឡើងវិញនេះ រាជរដ្ឋាភិបាលចង់បន្ធូរបរិយាកាសនយោបាយមុនការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២ និងរៀបចំការបោះឆ្នោត សកលឆ្នាំ ២០២៣ ខាងមុខ។
ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា៖ «នេះ គឺជាក្តីសង្ឃឹមដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ទូទាំងប្រទេសមិនប្រកាន់បក្សណា បក្សណីទេ ដោយធ្វើយ៉ាងម៉េចឱ្យតែមានការបន្ធូបរិយាកាសនយោបាយបាន យើងអាចដើរទៅមុខបាន យើងអាចនឹងចូលរួមការបោះឆ្នោតទាំងអស់គ្នា ការបោះឆ្នោតមួយសេរី និងយុត្តិធម៌ ដែលនេះជាសញ្ញាដែលយើងខ្ញុំចង់ឃើញ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូដែលបានចូលរួមនៅក្នុងបន្ទប់សវនាការដោយផ្ទាល់បានថ្លែងថា ចំពោះសវនាការលោក កឹម សុខា ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះ គ្រប់ភាគីមានសភាពតឹងតែងដាក់គ្នាខ្លះ ប៉ុន្តែបើពិនិត្យមើលទៅលើនីតិវិធីនេះ គឺបានបង្ហាញពីការបើកឱកាសឱ្យគ្រប់ភាគីលើកឡើងពីការកត់សម្គាល់របស់ខ្លួនរៀងៗខ្លួន និងលើកឡើងពីបញ្ហានីតិវិធីមួយចំនួនផងដែរ។
លោកថ្លែង៖ «ជាមួយគ្នានេះ ឯកឧត្តម កឹម សុខា ក៏បានលើកឡើងពីការកត់សម្គាល់របស់ខ្លួនដែរ។ អ៊ីចឹង! បើពិនិត្យលើនីតិវិធី វាមិនមានអ្វីដែលគួរឱ្យកត់សម្គាល់ទេ ពីព្រោះការផ្តល់ឱកាសសម្រាប់ឱ្យគ្រប់ភាគីមានគ្រប់គ្នា។ ម្យ៉ាងទៀត និយាយទៅសវនាការព្រឹកមិញនេះ មិនទាន់ឈានដល់ការជជែកដេញដោលទេ»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ នៅគេហដ្ឋានរបស់លោកដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងត្រូវបានបញ្ជូនទៅដាក់នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំដោយចោទពីបទ «សន្ទិដ្ឋភាពជាមួយបរទេស» ឬ «ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» ដោយគិតមកដល់ពេលនេះ គឺមានរយៈពេល ៤ ឆ្នាំ។
លោក កឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ទី ១. មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទី ២. មិនត្រូវធ្វើសកម្មភាពនយោបាយ និងទី ៣. ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕
វីដេអូ៖