ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូបដែលពួកគេរងគ្រោះ ដោយសារវិបត្តិនៃជំងឺកូវីដ ១៩ ក្រោយពីជំងឺនេះត្រូវបានគ្រប់គ្រងដោយប្រសិទ្ធភាព ហើយកម្មករជាង ៣២ ម៉ឺននាក់ក្នុងរោងចក្រជាង ៥៥០ ទទួលបានអត្ថប្រយោជន៍។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី ១៨ មករា បានឱ្យដឹងថា ការបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាស ភាគច្រើនបានចាប់ផ្តើមដំណើរការជាប្រក្រតីឡើងវិញ។
ក្រសួងបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ក្នុង ១ ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបគិតចាប់ពីខែមករា ឆ្នាំ ២០២២ តទៅ»។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានប្រកាសដែរថា សម្រាប់បងប្អូនកម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍ គឺនៅតែទទួលបានប្រាក់ឧបត្ថម្ភដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។
ក្រសួងបញ្ជាក់ថា៖ «ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាមខ្លឹមសារមាត្រា ៧១ និង ៧២ នៃច្បាប់ស្ដីពីការងារ ឬតាមការព្រមព្រៀងគ្នារវាងនិយោជក និងកម្មករនិយោជិត»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ មករាថា គិតចាប់ពីត្រីមាសទី ២ ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ រោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូបដែលបានព្យួរផ្នែកខ្លះនៃកិច្ចសន្យាការងារ មានចំនួន ៥៥២ រោងចក្រ។
លោកបានថ្លែងថា៖ «ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលព្យួរការងារ ដោយសារវិបត្តិកូវីដ ១៩ កន្លងមកនេះ គឺមានកម្មករនិយោជិតចំនួន ៣២៩ ៦៩៤ នាក់បានទទួលប្រាក់អត្ថប្រយោជន៍នេះ ខណៈរដ្ឋាភិបាលបានចំណាយប្រាក់ឧបត្ថម្ភសរុបចំនួន ៩២ ៤៩៥ ៤៩៥ ៨១០ រៀល (ស្មើជាង ២៣ លានដុល្លារ)»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា តាមការសង្កេតឃើញរបស់លោកក្នុងពេលនេះ ស្ថានភាពក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចាប់ផ្តើមមានដំណើរការល្អប្រសើរឡើងវិញហើយ ខណៈកម្មករក្នុងវិស័យនេះក៏ទទួលបានការងារធ្វើជាបណ្តើរៗឡើងវិញអស់ដែរ។
បើតាមលោក អាត់ ធន់ ការបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យនេះ គឺមិនទាស់ខុសអ្វីនោះទេ ប៉ុន្តែលោកគាំទ្រឱ្យក្រសួងការងារបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នេះបន្តទៀត ព្រោះស្ថានភាពបច្ចុប្បន្នរបស់កម្មករក្នុងវិស័យនេះ គឺនៅតែកំពុងជួបប្រទះនឹងការលំបាក។
លោកបញ្ជាក់ថា៖ «កម្មករនៅវិស័យទេសចរណ៍ និងភោជនីយដ្ឋានជាច្រើននៅបិទនៅឡើយទេ ដែលពួកគាត់អត់មានការងារធ្វើនៅឡើយ ហើយពួកគាត់ត្រូវការលុយ ដើម្បីយកទៅដោះស្រាយបញ្ហាបន្តិចបន្តួច។ អ៊ីចឹង បើសិនជាគាត់មិនអាចរកការងារថ្មីបានទេ គាត់មានការលំបាក»។
ចំពោះស្ថានភាពក្នុងពេលខាងមុខ លោក អាត់ ធន់ បង្ហាញក្តីបារម្ភថា ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ គឺអាចនៅតែជាបញ្ហា បើក្នុងករណីវីរុសប្រភេទថ្មីឆ្លងចូលសហគមន៍ ដែលអាចនឹងបន្តប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ជាពិសេសគឺវិស័យទេសចរណ៍ ដែលអាចនឹងត្រូវបន្តអូសបន្លាយពេលនៃការបិទអាជីវកម្មទាំងនេះ។
លោកបានថ្លែងថា៖ «ក្នុងរយៈពេលខ្លីនេះ វិស័យទេសចរណ៍មិនអាចដំណើរការបានស្រួលទេ ព្រោះវិស័យមួយចំនួនដែលយើងដឹង គឺបើកនៅខែ ៦ ក្នុងករណីគ្មានអូមីក្រុង។ តែបើករណីមានអូមីក្រុងកើតឡើងទៀត គឺមិនអាចដោះស្រាយក្នុងរយៈពេលខ្លីបានទេ ហើយអូមីក្រុងនេះ បើគ្រប់គ្រងមិនបាននឹងបន្តប៉ះពាល់ដល់វិស័យទេសចរណ៍»៕
វីដេអូ៖