ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គ.វ.ក-១៩)​ នៅតែ​បន្ត​ជំរុញឱ្យមាន​ការនាំយក​វ៉ាក់សាំង​កូវីដ​ទៅ​ចាក់​ជូន​ពលរដ្ឋ​នៅតាម​គេហដ្ឋាន ឬ​ទីតាំង​ដែល​លំបាក​ទទួល​វ៉ាក់សាំង ប៉ុន្តែ​មន្ត្រី​នៃ​ គ.វ.ក-១៩ ក៏​​ស្នើឱ្យ​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​​វ៉ាក់សាំង​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ផងដែរ ដើម្បី​ចៀសវាង​ការខូចខាត​វ៉ាក់សាំង​។

នេះ​ជាការ​លើកឡើង​ពី​សំណាក់​​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​​ និង​ជា​ប្រធាន​ គ.វ.ក-១៩ ​ក្នុង​​ពេល​លោកស្រី​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្តតាកែវ​កាលពី​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២២​។

លោកស្រី​បាន​ថ្លែង​​ថា លោកស្រី​បាន​ណែនាំ​រួចហើយ ដោយ​សុំឱ្យ​រដ្ឋបាលខេត្ត​ក៏ដូចជា មន្ទីរ​សុខាភិបាល​ខេត្ត​ទាំងអស់ យកចិត្ត​ទុកដាក់​ក្នុង​​ការ​ស្ពាយ​វ៉ាក់សាំង​ទៅ​ចាក់​ជូន​ពលរដ្ឋ​ដល់ផ្ទះ​សម្រាប់​អ្នក​ដែល​គាត់​ខ្វះ​លទ្ធភាព​ធ្វើដំណើរ​មកកាន់​កន្លែង​ចាក់​វ៉ាក់សាំង​។

លោកស្រី មានប្រសាសន៍​​ថា​៖ «​ការងារ​ជំរុញ​ឱ្យមាន​ការចាក់​នៅតាម​ទីតាំង​នីមួយៗ​នេះ យើង​នឹងមាន​ការរៀបចំ​ជា​បន្តបន្ទាប់​ទៀត អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង ប៉ុន្តែ​អ្វី​ដែលជា​ចំណុច​សំខាន់​អ្នក​ដែល​មិនមាន​លទ្ធភាព​មក​ទទួល​យក​​វ៉ាក់សាំង គឺ​យើង​បាន​ជំរុញ​រួចហើយ ដោយ​ការនាំ​វ៉ាក់សាំង​ទៅ​ចាក់​ឱ្យដល់​ពួកគាត់​តែម្តង ដែល​ការងារ​នេះ យើង​បានធ្វើ​តាំងពី​ឆ្នាំមុន​មក​ម៉្លេះ​»​។

លោកស្រី​បាន​បន្តថា ការចាក់​វ៉ាក់សាំង​នេះ​នឹងមាន​ល្បឿន​​លឿន​អាស្រ័យ​លើ​ការ​កៀរគរ​ពលរដ្ឋ​ឱ្យមក​ចាក់ ហើយ​ខាង​ក្រុមការងារ​នៃ​ គ.វ.ក-១៩ នឹង​ពិនិត្យ​ទៅតាម​រដ្ឋបាលខេត្ត​នីមួយៗ​លើ​ការងារ​នេះ​។

លោកស្រី​បញ្ជាក់​ទៀតថា​៖ «​ប្រសិនបើ​ការ​កៀរគរ​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង​នេះ​មានការ​លំបាក​យើង​នឹងធ្វើ​ការពិនិត្យ​តាម​លទ្ធភាព​ជាក់ស្តែង​ទៅតាម​ភូមិ​ ឬ​ឃុំ​ដោយ​អាច​ប្រមូល​ផ្តុំ​មនុស្ស​មកចាក់​តែម្តង​។ យើង​ត្រូវ​ដឹងថា វ៉ាក់សាំង​នៅ​​ពេល​យកទៅ​ចាក់ នៅពេល​ដែល​បើក​ហើយ យើង​មិនអាច​យកមក​វិញ​បានទេ ហើយ​វ៉ាក់សាំង​មួយចំនួន ១​ ដប​អាច​ចាក់​មនុស្ស​បាន ​៦​ នាក់ ​ឬ​ ១០ ​នាក់ ហើយ​មាន​វ៉ាក់សាំង​ ១​ ទៀត​ ១ ​ដប​ចាក់​បាន​រហូត​ ២៨ ​នាក់​»​។

ចំណុច​នេះ គ.វ.ក-១៩ ​បាន​ណែនាំ​ច្បាស់លាស់​ហើយ​ទៅដល់​រដ្ឋបាលខេត្ត ជាពិសេស​អ្នកជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត អ្នកទទួលខុសត្រូវ​លើ​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​ត្រឹមត្រូវ​តាម​បច្ចេកទេស​ផង និង​ចៀសវាង​ការខាតបង់​វ៉ាក់សាំង​ផង​។

នៅពេល​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ក្នុង​ខេត្តតាកែវ​នេះដែរ លោកស្រី ​ឱ វណ្ណឌីន ក៏បាន​ជំរុញ​ឱ្យ​រដ្ឋបាលខេត្ត​ធ្វើការ​ជាមួយ​ខាង​រោងចក្រ​ក្នុង​ការរៀបចំ​ការ​ចាក់​វ៉ាក់សាំង​ជូន​កម្មករ​នៅតាម​រោងចក្រ​តែម្តង​។

លោកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​បានស្នើ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ដើម្បី​រៀបចំ​ក្រុមគ្រូពេទ្យ​ដើម្បី​ចូលទៅ​ចាក់​នៅតាម​រោងចក្រ​តែម្តង​ដែល​នេះ​ជាការ​បោះជំហាន ​១ ​ទៀត​ក្នុងការ​គ្របដណ្តប់​ឱ្យបាន​ទូលំទូលាយ​»​។

យ៉ាងណាមិញ រដ្ឋបាល​ក្រុង​ដូន​កែវ ខេត្តតាកែវ ក៏បាន​រៀបចំ​ក្រុមការងារ​ដើម្បី​ចុះ​ចាក់​វ៉ាក់សាំង​ដល់​សាលារៀន​ផងដែរ ដែល​សិស្ស​ត្រូវ​ដល់​វេន​ចាក់​ដូស​​ជំរុញ​ ឬ​ដូស​ទី​ ៣​។ ​ចំណុច​នេះ លោកស្រី ឱ វណ្ណឌីន រំពឹងទុក​ថា ជាការ​បង្កើនបាន​នូវ​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​នេះ​។

ដោយឡែក ក្នុង​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែមករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​គាំទ្រ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អេស្ប៉ាញ​ដែល​បាន​អំពាវនាវ​ឱ្យមាន​ការទទួល​ស្គាល់​ថា ជំងឺ​កូវីដ​ ១៩​ ជា​ជំងឺ​ផ្តាសាយ​ធម្មតា​។

លោក​ថា​៖ «​ខ្ញុំ​ហាក់​មាន​និន្នាការ​គាំទ្រ​ជាមួយនឹង​ដំណើរ​វិវឌ្ឍ​ដើម្បី​រស់នៅ​ជាមួយ​កូវីដ ​១៩ ប៉ុន្តែ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន ត្រូវតែ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​ការពារ​នូវ​ជំងឺ​នេះ បើទោះបីជា​ចាត់ទុក​វា​គ្រាន់តែ​ជា​ប្រភេទ​ជំងឺ​ផ្តាសាយ​ធម្មតា​ក៏ដោយ​»​។

លោក​ ហ៊ុន សែន បាន​បន្តថា ការចាក់​វ៉ាក់សាំង កិច្ចការពារ​ខ្លួន​ដូចដែល​គ្រប់គ្នា​កំពុងតែ​ធ្វើ ដូចជា ពាក់​ម៉ាស់ លាងដៃ និង​រក្សា​គម្លាត​ជាការ​រស់នៅក្នុង​បរិបទ​ថ្មី​។

តាម​របាយការណ៍​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែមករា បាន​ឱ្យដឹងថា ប្រជាពលរដ្ឋ​ជិត​ ៤ ​លាន​នាក់​បាន​ទទួល​នូវ​ការចាក់​ដូស​ទី​ ៣ ឬ​​ដូស​ជំរុញ ខណៈដែល​ប្រជាពលរដ្ឋ​ជាង​ ១២​ ម៉ឺន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៤៕