ភ្នំពេញៈ ក្រសួងយុត្តិធម៌​បង្កើត​ក្រុមការងារ​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ដែលមាន​សមាជិក​ជិត​ ៣០ ​រូប ដើម្បី​ប្រមូល​ និង​ចងក្រង​ទិន្នន័យ ក៏ដូចជា​​ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​ច្បាប់​ប្រឆាំង​បទល្មើស ស្រប​ទៅតាម​ស្ថាប័ន​អន្តរជាតិ​។

សេចក្តី​សម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​របស់​ក្រសួង​យុត្តិធម៌​ចុះ​ថ្ងៃទី​ ១៨ មករា បានឱ្យដឹងថា ក្រុមការងារ​នេះ​មាន​សមាសភាព​ ២៨ ​រូប ដែល​សុទ្ធសឹង​ជា​អ្នកច្បាប់​ដឹកនាំ​ដោយ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​ធ្វើ​សេនាធិការ​របស់​ក្រសួង​នេះ​ដោយផ្ទាល់​។

សេចក្តី​សម្រេច​បានឱ្យដឹង​ទៀតថា ក្រុមការងារ​នេះ​មាន​ភារកិច្ច​ក្នុង​ការដឹកនាំ​តាមដាន ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​​ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្តីពី​ការ​​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​យុត្តិធម៌​។

ក្រុមការងារ​នេះ​ក៏មាន​ភារកិច្ច​ក្នុង​ការ​រៀបចំ​តារាង​ស្ថិតិ​ដើម្បី​ប្រមូល​ទិន្នន័យ​ពី​ការស៊ើបអង្កេត ការចោទប្រកាន់ ការ​ស៊ើបសួរ ការផ្តន្ទាទោស និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់ រួមទាំង​ការប្រមូល និង​ចងក្រង​ទិន្នន័យ​សំអាង​នៃ​បទល្មើស និង​បទល្មើស​សម្អាត​ប្រាក់​ ដើម្បី​ជំរុញ​ និង​ពង្រឹង​ការស៊ើបអង្កេត ការចោទប្រកាន់ ការ​ស៊ើបសួរ និង​ការផ្ដន្ទាទោស​បទល្មើស​សម្អាត​ប្រាក់​ផងដែរ​។

បន្ថែម​ពីនេះ សេចក្តី​សម្រេច​​បាន​បន្តថា «​ក្រុមការងារ​នេះ មាន​ភារកិច្ច​ជំរុញ​ការរៀបចំ​ករណី​សិក្សា​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​ទៅតាម​ដំណាក់កាល​នៃ​ការស៊ើបអង្កេត ការចោទប្រកាន់ ការ​ស៊ើបសួរ និង​ការផ្តន្ទាទោស​។ ជំរុញ​ការប្រមូល និង​ចងក្រង​ទិន្នន័យ ការចាប់យក ការ​បង្កក និង​ការ​រឹបអូស​ផល​នៃ​បទល្មើស ឧបករណ៍ មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស និង​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ស្មើ​»​។

ជាមួយ​នឹង​ភារកិច្ច​ទាំងនេះ ក្រុមការងារ​របស់​ក្រសួង​យុត្តិធម៌​នេះ​ក៏​ត្រូវធ្វើ​បច្ចុប្បន្នភាព​ពី​ការអនុវត្ត​ផែនការ​សកម្មភាព​​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រៀងរាល់​ ៤ ​ខែម្តង​ និង​ប្រចាំឆ្នាំ​ទៀតផង​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​ក្រម​ការងារ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ពីថ្ងៃ​ទី​ ១៩ មករា​ថា ការបង្កើត​ក្រុមការងារ​នេះ​ឡើង​គឺ​សម្រាប់​បម្រើ​​ឱ្យ​វិស័យ​យុត្តិធម៌ ដែល​ពាក់ព័ន្ធ​នឹង​វិធានការ​ច្បាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​នីតិវិធី​របស់​តុលាការ ការសម្រេច​ក្តី ការប្រមូល​ព័ត៌មាន​​ទិន្នន័យ​ជុំវិញ​បទល្មើស​ទាំងនេះ​។

លោក​បន្តថា យន្តការ​នេះ​ក៏​ជា​យន្តការ​ផ្ទៃក្នុង​របស់​ក្រសួង​យុត្តិធម៌​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព​ក្នុង​ការប្រយុទ្ធប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហា​ប្រល័យ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបង្កើត​ក្រុមការងារ​នេះ​ឡើង​​គឺ​ធ្វើយ៉ាងណា​ដើម្បី​ធានា​ឱ្យ​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ឱ្យ​កាន់តែ​​មាន​ប្រសិទ្ធភាព​។ ក្រុមការងារ​គឺ​ធ្វើ​ការងារ​តែ​ក្នុង​វិស័យ​យុត្តិធម៌ ព្រោះ​ការងារ​ទាំងនេះ​ពាក់ព័ន្ធ​ច្រើន​វិស័យ​ទៅតាម​សមត្ថកិច្ច​របស់​ស្ថាប័ន​នីមួយៗ​»​។

យ៉ាងណាក្ដី លោក ជិន ម៉ាលីន មិនអាច​ប្រាប់​បានទេ ចំពោះ​តួលេខ​នៃ​បទល្មើស​នេះ​ដែល​តុលាការ​បាន​ចាត់ការ​កន្លងមក ដោយ​សំអាងថា កិច្ចការងារ​នេះ គឺ​មិនអាច​បង្ហាញ​ជា​សាធារណៈ​បានទេ គឺ​ប្រើប្រាស់ និង​ផ្តល់ជូន​សម្រាប់តែ​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ប៉ុណ្ណោះ​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​​បានបង្ហាញ​ការយល់ឃើញថា ការបង្កើត​ក្រុមការងារ​នេះ​អាចជា​ការឆ្លើយតប​មួយ​ទៅនឹង​អនុសាសន៍​របស់​ស្ថាប័ន ឬ​យន្តការ​អន្តរជាតិ ដែល​កម្ពុជា​មាន​ការតាំងចិត្ត​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​។

លោក​បន្តថា កន្លងមក​កម្ពុជា​ត្រូវបាន​អន្តរជាតិ​ចាត់ទុកជា​កន្លែង​មួយ​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការលាង​លុយ​កង្វក់​ ឬក៏​លំហូរ​នៃ​សាច់ប្រាក់​ខុសច្បាប់ ខណៈ​កម្ពុជា​នៅមាន​កង្វះខាត​ផ្នែក​គតិយុត្ត និង​យន្តការ​អនុវត្ត​នៅឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជំហាន​របស់​ក្រសួងយុត្តិធម៌​នេះ គឺជា​ដំណើរ​ដែល​យើង​ស្វាគមន៍ ដែល​យើង​ចាប់ផ្តើម​ទៅដល់​ការរៀបចំ​យន្តការ​ជាក់លាក់​ឈានទៅដល់​ការត្រួតពិនិត្យ​តាមដាន​អនុវត្ត​ច្បាប់​ដែល​យើង​មាន​។ ​គ្រាន់តែ​យើង​លើកទឹកចិត្ត​នៅពេល​មាន​យន្តការ​ទាំងនេះហើយ​គឺ​សុំ​លើកទឹកចិត្ត​ឱ្យមាន​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​និ ង​កុំឱ្យ​មានការ​រើសអើង ដោយ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា​។ ជាពិសេស​គឺ​ធ្វើ​កិច្ចការ​ជា​ប្រព័ន្ធ​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​វិស័យ​ធនាគារ ដែលជា​មធ្យោបាយ​មួយ​ក្នុងការ​វេរ​សាច់ប្រាក់​»​។

លោក ប៉ិច បិសី បានបង្ហាញ​ក្តីបារម្ភ​ថា ក្នុងករណី​កម្ពុជា​មិន​អាច​ទប់ស្កាត់​បទល្មើស​ទាំងនេះ​បាន នោះ​កម្ពុជា​អាច​នឹង​ប្រឈម​​ការបាត់បង់​អ្នកវិនិយោគ ដោយសារ​តែ​អ្នកវិនិយោគ​អាច​នឹង​ខ្លាចរអា ហើយ​បើកាលណា​កម្ពុជា​មាន​លំហូរ​លុយកខ្វក់​កាន់តែច្រើន នោះ​ក៏​អាច​បង្កឱ្យមាន​បទល្មើស​នៅក្នុង​ប្រទេស​កាន់តែច្រើន​ផងដែរ​៕

វីដេអូ៖