ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ភាគី​ពាក់ព័ន្ធ​មួយ​​ចំនួន​បានរៀបចំ​នូវ​សិក្ខាសាលា​មួយ ដើម្បី​ពិភាក្សា​យោបល់​ទាក់ទង​នឹង​បញ្ហា​ប្រឈម​នៃ​គ្រោះថ្នាក់​ការងារ​ក្នុង​វិស័យ​សំណង់​ និង​វិសាលភាព​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យនេះ​។

សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ត្រូវបាន​​រៀបចំឡើង​នា​ថ្ងៃទី​ ១៩ ​ខែមករា​ឆ្នាំ​ ២០២២ ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​មួយចំនួន​រួមមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO), ​សមាគម​អ្នក​សាងសង់​កម្ពុជា​ (CCA), ​សហព័ន្ធ​វិស័យ​សំណង់​អន្តរជាតិ ​(BWI) ​និង​សហព័ន្ធ​សហជីព​កម្មករសំណង់​ និង​ព្រៃឈើ​កម្ពុជា​ (BWTUC)​។

យោងតាម​ការលើកឡើង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា ការពិគ្រោះ​យោបល់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន​ ៦​ ចំណុច​ដើម្បី​បង្កើន​ការយកចិត្ត​ទុកដាក់​លើ​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់​។

ក្រសួង​បាន​បញ្ជាក់ថា «​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការអនុវត្ត​ស្តង់ដា​សុខភាព​ និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​។ ​ការពង្រីក​វិសាលភាព​បេទ្បា​ជាតិ​សន្តិសុខ​សង្គម (​ប.ស.ស​) គ្របដណ្តប់​ឱ្យបាន​ពេញលេញ​សម្រាប់​វិស័យ​សំណង់​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​»​។

ប្រភព​ដដែល​បាន​បន្តថា ការពិគ្រោះ​យោបល់​ដើម្បី​ស្វែងរក​ និង​កំណត់​នូវ​បញ្ហា​ប្រឈម​ជា​អាទិភាព​ និង​សុំ​កិច្ចសហការ​ដើម្បី​ជំរុញ​ឱ្យ​ការអនុវត្ត​មាន​ប្រសិទ្ធភាព​ក្នុង​ការលើកកម្ពស់​សុវត្ថិភាព​ការងារ​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​សំណង់​។

ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​សារធាតុ​អាសបេស្តូស​ឱ្យបាន​ទូលំទូលាយ និង​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​នេះ​នៅពេល​អនាគត​ និង​បង្កើន​ទំនាក់ទំនង​វិជ្ជាជីវៈ​ និង​កិច្ចសហប្រត្តិបត្តិការ​ក្នុង​គោលបំណង​ជំរុញ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​សម្រាប់​ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​និយោជិត​នៅក្នុង​វិស័យ​សំណង់​ឱ្យមាន​ភាពល្អប្រសើរ​ទ្បើង​។

នាឱកាស​នោះ​ផងដែរ លោក ស៊ុំ សោភ័ណ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានលើកឡើង​ថា​ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​ ២០១៩-២០២៣ ក្រសួង​កំពុង​ជំរុញ​ការផ្តោត​ការយកចិត្ត​ទុកដាក់​បន្ត​ទៀត​ទៅលើ​វិស័យ​សន្តិសុខ​សង្គម​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​កំពុង​បន្ត​ជំរុញ​ការអភិវឌ្ឍ​របប​សន្តិសុខ​សង្គម​ដល់​កម្មករនិយោជិត​ និង​មន្ត្រី​សាធារណៈ​អតីត​​មន្ត្រីរាជការ និង​អតីត​យុទ្ធជន​ដោយ​បន្ត​​ការពង្រឹង​ និង​ពង្រីក​ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ ការបន្ត​ពង្រឹង និង​ពង្រីក​ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ការ​ជំរុញ​ការរៀបចំ​និង​ដាក់ឱ្យ​ដំណើរការ​របប​ប្រាក់​សោធន​»​។

រដ្ឋលេខាធិការ​រូបនេះ​បានបញ្ជាក់​ទៀតថា ក្រសួង​ក៏​ពង្រឹង​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​លើ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​ការអភិវឌ្ឍ​សមត្ថភាព​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការផ្តល់​សេវា សំដៅ​លើកកម្ពស់​សុខុមាល​ភាព និង​សាមគ្គីភាព​សង្គម ព្រមទាំង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជា​អតិបរមា​ផងដែរ​។

ជាមួយ​គ្នា​នោះ លោក ស៊ុំ សោភ័ណ ក៏បានផ្តល់​ជា​អនុសាសន៍​មួយចំនួន​ផងដែរ ដោយបាន​ជំរុញ​ឱ្យ​ការពិភាក្សា​នេះ​ត្រូវផ្តោត​ឱ្យមាន​កិច្ចសហការ​​ជាមួយ​ក្រសួង​ការងារ​ដែលមាន​​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​អនុវត្ត​លើ​អនាម័យ​ការងារ និង​សុវត្ថិភាព​ការងារ​។

លោក​ថា ការពិភាក្សា​ត្រូវ​​ផ្តោត​ឱ្យមាន​កិច្ចសហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ពី​យន្តការ​កិច្ចសហការ​ពាក់ព័ន្ធ​ការ​អនុញ្ញាត​សិទ្ធិ​សាងសង់ ចាំបាច់​ត្រូវមាន​បញ្ជាក់​អំពី​ការទិញ​ធានារ៉ាប់រង ពិសេស​គ្រោះថ្នាក់​ការងារ​ស្របតាម​ច្បាប់​ស្តីពី​សំណង់​។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​កម្មករសំណង់​និង​ព្រៃឈើ​កម្ពុជា ​(BWTUC) ​លោក យ៉ាន់ ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្មករ​និយោជិត​ក្នុង​វិស័យ​សំណង់​នៅតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ការងារ​ដដែល ប៉ុន្តែ​ជា​គ្រោះថ្នាក់​ស្រាល​ ឬ​តូចៗ​ប៉ុណ្ណោះ​ដែល​កើតឡើង​សឹងតែ​ជាប្រចាំ​តែម្តង​។

លោក​បាន​ថ្លែងថា​៖ «​យើង​ឃើញថា គ្រោះថ្នាក់​ការងារ​ធំៗ​​មិនមាន​កើតឡើង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដូចជា ការបាក់រលំ​អគារ​ជាដើម ប៉ុន្តែ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ និង​តាមផ្លូវ​ធ្វើដំណើរ​ទៅធ្វើការ​នៅតែ​កើតមានឡើង​ដដែល​»​។

គ្រោះថ្នាក់​ការងារ​ដែល​កម្មករនិយោជិត​តែងតែ​ជួបប្រទះ​នោះ​មានដូចជា ធ្លាក់​ពីលើ​ទីខ្ពស់ ឆក់​ខ្សែភ្លើង ការធ្លាក់​វត្ថុ​ផ្សេងៗ​លើ​ និង​ការ​មុត​ដៃជើង​។

ទាក់ទង​នឹង​ការទទួលបាន​នូវ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស) សម្រាប់​កម្មករនិយោជិត លោក យ៉ាន់ធី បាន​ប្រាប់ថា មាន​កម្មករ​តិចតួច​ប៉ុណ្ណោះ​ដែល​ទទួលបាន​នូវ​កិច្ច​គាំពារ​សង្គម ហើយ​ខាង​សហជីព​របស់លោក​ក៏​​បានស្នើ​ទៅ​ ប.ស.ស ដើម្បី​ស្នើសុំ​នូវ​បណ្ណ​មូលនិធី​សមធម៌​ដល់​កម្មករសំណង់ ដែល​មិនទាន់​ទទួលបាន​កាលពី​ចុងឆ្នាំ​ ២០២១ ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជាការ​ឆ្លើយតប​ពី​ ប.ស.ស. គឺ​ពួកគាត់​មិនអាច​ទទួល​បានទេ​ដោយ​តម្រូវឱ្យមាន​លក្ខខណ្ឌ​មួយចំនួន​ដូចជា លិខិតបញ្ជាក់​មុខរបរ​ពី​ឃុំ​-​សង្កាត់ ដែល​នេះហើយ​ជា​ឧបសគ្គ​សម្រាប់​ពួកគាត់​​ដោយសារ​ពួកគាត់​ធ្វើការ​ចល័ត​ពី​ ១ ​កន្លែង​ទៅ ​១ ​កន្លែង​»​។

បើ​យោងតាម​របាយការណ៍​​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យដឹង​​ថា បច្ចុប្បន្ននេះ កម្មករ​និយោជិត​ផ្នែក​សំណង់​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ប្រមាណ​ពី​ ២០ ​ទៅ​ ២៥ ​ម៉ឺន​នាក់​៕

វីដេអូ៖