
អ្នកគ្រូ និងសិស្សនៅក្នុងថ្នាក់រៀនមួយ នៅសាលាបឋមសិក្សាចតុមុខកាលពីថ្ងៃទី ១១ មករា។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាណែនាំដល់គ្រប់មន្ទីរអប់រំ រាជធានី ខេត្តការិយាល័យអប់រំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនឱ្យពង្រឹងវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឆ្នាំ ២០២១-២០២២ នេះ និងជំរុញឱ្យបង្កើតគណៈកម្មការសុខភាពសិក្សាចំណុះឱ្យមន្ទីរអប់រំរាជធានី-ខេត្តផងដែរ។
សេចក្ដីណែនាំចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន នៅថ្ងៃទី ១៨ ខែមករាបញ្ជាក់ថា សេចក្ដីណែនាំនេះ គឺដើម្បីឱ្យដំណើរការបង្រៀន និងរៀនក្នុងឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសុខភាព ស្របតាមទស្សនទាន «គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ» និងក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសវីរុសប្រភេទដែលតា និងវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។
ក្រសួងអប់រំបញ្ជាក់ថា គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនត្រូវធ្វើនូវការងារចាំបាច់មួយចំនួនបន្ថែមលើវិធានការនានាដែលបានដាក់ចេញកន្លងមក។ ក្រសួងបានណែនាំឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ ១៩ ចុះថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០ ជាពិសេសត្រូវអនុវត្តអភិក្រម «៣ការពារ» និង «៣កុំ»។
ក្រសួងអប់រំ បានជំរុញឱ្យបង្កើតគណៈកម្មការសុខភាពសិក្សាចំណុះឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ផ្នែកសុខភាពសិក្សានៃការិយាល័យអប់រំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈកម្មការសុខភាពសិក្សាតាមគ្រឹះស្ថានសិក្សា ដើម្បីជាយន្តការសម្របសម្រួលលើកកម្ពស់ការងារ សុខភាពសិក្សា ជាពិសេសផ្តោតការយកចិត្តទុកដាក់ជាអាទិភាពដល់អាយុជីវិតបុគ្គលិកអប់រំ និងអ្នកសិក្សា និងចូលរួមដឹកនាំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិក អប់រំ និងអ្នកសិក្សា។
ក្រសួងក៏បានណែនាំឱ្យសហការសម្របសម្រួលជាមួយគណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តវិធានការសុវត្ថិភាព សុខភាព និងធ្វើការសម្រេចចិត្តផ្អាក ឬបើកដំណើរការថ្នាក់រៀន ឬសាលារៀន ក្នុងករណីមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដោយដាក់ចេញនូវវិធានការឆ្លើយតបទន់ភ្លន់ បត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ថ្នាក់រៀន ឬសាលារៀននីមួយៗ។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ ខេត្ដកោះកុងបានឱ្យដឹងថា អ្វីដែលជាសេចក្ដីណែនាំរបស់ក្រសួង មន្ទីរអប់រំ បានធ្វើការផ្សព្វផ្សាយទៅតាមការិយាល័យអប់រំស្រុក និងតាមបណ្តាសាលារៀនផងដែរ។ លោកថ្លែងថា៖ «យើងអនុវត្ដទៅតាមគោលការណ៍ណែនាំរបស់ក្រសួងផង និងយើងពង្រឹងនូវការអនុវត្ដជាក់ស្ដែងរបស់យើងក្នុងការអនុវត្ដការពង្រឹងវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរនៅថ្ងៃទី ១៩ មករា ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយទៀត ស្តីពីការពង្រឹងវិធានការសុវត្ថិភាពសុខភាពនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ ការរាតត្បាតយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនប្រភេទដែលតា ឬ អូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
ក្រសួងអប់រំបានណែនាំដល់មន្ទីរអប់រំរាជធានីភ្នំពេញការិយាល័យអប់រំនៃរដ្ឋបាលខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនឱ្យពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារឱ្យបានខ្ជាប់ខ្ជួន និងការរក្សាគម្លាត សុវត្ថិភាពឱ្យបានម៉ឺងម៉ាត់។ ត្រួតពិនិត្យសុខភាព និងអាការរបស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្សឱ្យបានជាប្រចាំ ក្នុងករណីមានកម្ដៅលើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឱ្យឈប់សម្រាករហូតបានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សាដោយផ្ទាល់នៅគ្រឹះស្ថានសិក្សាវិញ។
ក្រសួងបានណែនាំឱ្យអនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ (សិស្សមិនលើសពី ២០ នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែលមានចំណុះសិស្សច្រើនរួមជាមួយនឹងការបង្រៀន និងរៀនតាមអនឡាញ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានថ្លែងថា ការណែនាំរបស់ក្រសួងអប់រំនេះ ដោយសារមួយរយៈនេះមានគ្រឹះស្ថានសិក្សាមួយចំនួនមានអ្នកឆ្លងជំងឺកូវីដ ១៩ ជាពិសេសប្រភេទមេរោគបំប្លែងថ្មីអូមីក្រុង។ លោកថ្លែង៖ «យើងក៏បានណែនាំពង្រឹងវិធានការ ការពារ របស់ក្រសួងដែលបានណែនាំទៅលើវិធានការការពាររបស់ក្រសួងអប់រំ ដែលបានណែនាំតាំងពីដំណាក់កាលកូវីដ ១៩ ដំបូង ដែលក្នុងនោះគ្រូ និងសិស្សត្រូវតែអនុវត្ដកាតព្វកិច្ចពាក់ម៉ាស់។ យើងពិនិត្យមើលរយៈកាលកន្លងមក គ្រូ និងសិស្សអនុវត្ដបានល្អណាស់លើកាតព្វកិច្ចនេះ»។
លោក គង់ សំនៀង អគ្គនាយករងនៃ Westline Education Group បានឱ្យដឹងថា ដោយសារគ្រឹះស្ថានសិក្សាឯកជនបានចាប់ផ្ដើមបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ មុនគ្រឹះស្ថានសិក្សារបស់រដ្ឋ ដូច្នេះគ្រឹះស្ថានសិក្សាឯកជនបានចាប់ផ្ដើមអនុវត្ដរួចរាល់ហើយលើសេចក្ដីណែនាំរបស់ក្រសួងអប់រំ ក៏ដូចជាមន្ទីរអប់រំ ក្នុងការអនុវត្ដការពង្រឹងវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សានេះ។
លោកថ្លែងថា៖ «ខ្ញុំនៅតែនិយាយដដែល គឺយើងព្យាយាមអនុវត្ដវិធានការ ៣កុំ៣ការពារ និងលើកទឹកចិត្ដឱ្យសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទៅចាក់វ៉ាក់សាំង។ អ្វីដែលយើងធ្វើហើយមានប្រសិទ្ធភាពនោះ គឺការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញ-ទៅមករវាងអាណាព្យាបាលសិស្ស ឬក៏បុគ្គលិកសិក្សាក្នុងករណីដែលមានសង្ស័យឆ្លងនូវមេរោគកូវីដ ១៩។ នៅពេលផ្ដល់ព័ត៌មានបានភ្លាមយើងនឹងអាចចាត់វិធានការបានទាន់ពេលវេលា»៕