ភ្នំពេញៈ កម្ពុជា​គ្រោង​នឹង​បញ្ជូន​កងទ័ព​មួក​ខៀវ​ចំនួន​ ៤០៣ ​នាក់​ទៅកាន់​សាធារណរដ្ឋ​លីបង់ និង​អាហ្វ្រិក​កណ្តាល នៅ​ខែកុម្ភៈ​ខាងមុខនេះ ដើម្បី​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​មន្ត្រី​នាំពាក្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​កាលពី​រសៀល​ថ្ងៃ​អង្គារ​។

លោកស្រី កុសល ម៉ាលីដា អ្នកនាំពាក្យ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​នឹងត្រូវ​បំពេញបេសកកម្ម​ប្ដូរវេន​នៅ​ប្រទេស​លីបង់ និង​អាហ្វ្រិក​កណ្ដាល​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ នាពេល​ខាង​មុខ​ទាំង​ ៤០៣​ នាក់​នេះ គឺ​មកពី​អង្គភាព​ចំនួន ​២ រួមមាន អង្គភាព​កងវិស្វកម្ម​ពហុជំនាញ​លេខ​ ៨២៩ និង​កងវិស្វកម្ម​សំណង់​លេខ​ ៤៣២ ក្នុងនោះ​មាន​កងកម្លាំង​ជា​ស្ត្រី​ចំនួន ៥២ ​នាក់​។

លោកស្រី ម៉ាលីនដា បាន​បញ្ជាក់ថា​៖ «​បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ១៨៤ ​នាក់​នឹងត្រូវ​ហោះហើរ​ទៅកាន់​ប្រទេស​លីបង់​នៅ​ដើម​សប្ដាហ៍​ទី​ ១ នៃ​ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ខាងមុខនេះ ហើយ​នៅ​ដើម​សប្ដាហ៍​ទី ​៣ ខែកុម្ភៈ កងកម្លាំង​មួក​ខៀវ​របស់​យើង​ចំនួន​ ២១៩ ​នាក់​ទៀត​នឹង​ចាកចេញ​ទៅ​កាន់​អាហ្វ្រិក​កណ្ដាល​»​។

បើតាម​លោកស្រី ម៉ាលីនដា កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ត្រូវបំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក​កណ្ដាល ក្រោម​​ឆត្រ​អង្គការ​សហប្រជាជាតិ​នា​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​មាន​ចំនួន​ត្រឹមតែ​ ២០៤​ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ អង្គការ​សហប្រជាជាតិ​បាន​ស្នើសុំ​កម្លាំង​ចំនួន​ ១៥​ នាក់​បន្ថែមទៀត ជាពិសេស​កម្លាំង​ស្ត្រី ដែលជា​កងកម្លាំង​មួក​ខៀវ​ដែល​ត្រូវបំពេញ​បេសកកម្ម រក្សា​សន្តិភាព​នៅ​អាហ្វ្រិក​កណ្ដាល​ឆ្នាំនេះ​កើនឡើង ដល់​ ២១៩ ​នាក់​។

លោកស្រី​បាន​ប្រាប់​ឱ្យដឹង​ទៀតថា​៖ «​កិច្ចការងារ​ជា​កាតព្វកិច្ច​ដែល​កងកម្លាំង​មួកខៀវ​កម្ពុជា​យើង​ត្រូវបំពេញ​ក្នុង​បេសកកម្ម​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​លីបង់ និង​អាហ្វ្រិក​កណ្ដាល​នាពេល​ខាងមុខនេះ គឺជា​កិច្ចការ​ពហុជំនាញ​ដែល​ក្នុងនោះ​បូក​បញ្ចូល ទាំង​កិច្ចការ​បោសសម្អាត​មីន និង​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​»​។

លោកស្រី​បាន​បន្តថា ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងនោះ កាលពី​ព្រឹក​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២២ លោក សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​​បាន​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កងវិស្វកម្ម-​ពហុជំនាញ​លេខ​ ៨២៩ ដែល​កំពុង​ហ្វឹកហ្វឺន​បន្ថែម​លើ​មុខ​ជំនាញ​ឯកទេស ដើម្បី​ត្រៀម​ចេញទៅ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ខេត្ត​កំពង់ស្ពឺ​។ បច្ចុប្បន្ន​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុជាតិ ខេត្តកំពង់ស្ពឺ បានធ្វើការ​បណ្ដុះបណ្ដាល​ដល់​កងកម្លាំង​ត្រៀម​ប្តូរ​វេន​ចេញ​បំពេញ​បេសកកម្ម​នៅ​សាធាណរដ្ឋ​លីបង់​ និង​អាហ្វ្រិក​កណ្តាល​តាម​កម្មវិធី​ជាក់ស្តែង​លើ​ជំនាញ​វិស្វកម្ម មាន​សំណង់​ផ្ដេក និង​បញ្ឈរ ផ្នែក​សុខាភិបាល​ជំនាញ​បច្ចេកទេស​បើកបរ​រថយន្ត គ្រឿងចក្រ រថយន្ត​ពន្លត់​អគ្គិភ័យ និង​ជួសជុល​គ្រឿងយន្ត​កម្រិត​ស្រាល​ជំនាញ​បោសសម្អាត​មីន​ដោយ​ដៃ ដោយ​គ្រឿងចក្រ​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ (EOD, IEDS) ​និង​ក្បួន​យុទ្ធវិធី​ទ័ព​។ នេះ​បើតាម​សម្ដី លោក ហួត គឹមសាន អគ្គនាយករង និង​ជា​នាយក​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុជាតិ​។

លោក ហួត គឹមសាន បាន​បញ្ជាក់ថា​៖ «​សិក្ខាកាម​ដែល​កំពុង​សិក្សា និង​ហ្វឹកហ្វឺន​នូវ​គ្រប់​ជំនាញ​ខាងលើ​នឹងត្រូវ​ត្រៀម​ប្តូរ​វេន​ចេញ​បំពេញ​បេសកកម្ម​របស់​ អ.ស.ប នៅ​សាធារណរដ្ឋ​លីបង់ និង​អាហ្វ្រិក​កណ្តាល នាពេល​ឆាប់ៗ​ខាងមុខនេះ​មាន​សិក្ខាកាម​សរុប​ចំនួន ៤០៣ ​នាក់​»​។

ប្រតិបត្តិការ​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ គឺជា​គោលការណ៍​សកល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​តាមរយៈ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការជួយ​ដល់​បណ្តា​ប្រទេស​ដែល​រង​ការហែកហួរ​ដោយសារ​ភ្លើងសង្គ្រាម​ ​និង​ចូលរួម​ជាមួយ​សាមី​ប្រទេស​ក្នុង​ការ​ស្តារនីតិសម្បទា​សន្តិភាព ស្ថិរភាព និង​ការ​អភិ​ឌ្ឍ ស្របតាម​គោលការណ៍​អង្គការ​សហប្រជាជាតិ ដើម្បី​កសាង​មាគ៌ា​ឆ្ពោះទៅកាន់​ពិភពលោក​មួយ​ដែលមាន​សន្តិភាព និង​វឌ្ឍនភាព​។

គិត​ចាប់តាំងពី​ឆ្នាំ ​២០០៦ រហូត​មកទល់​ពេលនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាង ៧ ០០០ ​នាក់​ទៅ​បំពេញ​បេសកកម្ម​មនុស្សធម៌​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​ចំនួន​ ៩ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ លីបង់ ស៊ីរី ម៉ាលី អាហ្វ្រិក​កណ្តាល សាយប្រឺស និង​យេម៉ែន​។

បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​រក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កងទ័ព​មួកខៀវ​កម្ពុជា​ជិត ៨០០ ​នាក់​ក្នុងនោះ​មាន​នារី​ជិត​ ៨០ ​នាក់ បាននិង​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​លីបង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕