ភ្នំពេញៈ ​ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​នៃ​ក្រសួងយុត្តិធម៌​បាន​បើក​កិច្ចប្រជុំ លើកដំបូង​ពិនិត្យ​លើ​ការស្នើសុំ​នានា​របស់​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា និង​ពិនិត្យ​លើ​លទ្ធភាព​ក្នុងការ​លើកសំណើ​គម្រោង​មួយចំនួន ដែល​ចាំបាច់​ដាក់​ទៅ​លេខាធិការដ្ឋាន​អាស៊ាន ខណៈ​ប្រទេស​កម្ពុជា កំពុង​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ​២០២២ ​នេះ​។

បើតាម​ក្រសួងយុត្តិធម៌ កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​កាលពី​ថ្ងៃទី​ ១៨ ខែមករា ក្រុមការងារ​បាន​ពិនិត្យ និង​រៀបចំ​របៀបរបប​ការងារ ការបែងចែក​ភារកិច្ច និង​ការទទួល​ខុសត្រូវ និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រុមការងារ​។

ក្នុង​នោះ​ក្រុមការងារ​បាន​ពិនិត្យ​លើ​យន្តការ​ការងារ​ដែលមាន​ស្រាប់ និង​រៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​នៃ​ក្រសួងយុត្តិធម៌​។ ពិនិត្យ​លើ​សំណើសុំ​នានា​របស់​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​ឆ្លើយតបបាន​រហ័ស និង​ទាន់​ពេលវេលា និង​ព្រមទាំង​ពិនិត្យ​លើ​លទ្ធភាព​ក្នុងការ​លើកសំណើ​គម្រោង​មួយចំនួន​ដែល​ចាំបាច់​របស់​ក្រសួងយុត្តិធម៌​ដាក់ជូន​លេខាធិការដ្ឋាន​អាស៊ាន​ក្នុង​ដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ឧត្តម​មន្ត្រី​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​នៃ​ក្រសួងយុត្តិធម៌​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១៩ មករា​ថា ក្រុមការងារ​ឧត្តមមន្ត្រី​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​នេះ គឺ​បង្កើតឡើង​ដើម្បី​ពង្រឹង​នូវ​កិច្ចសហប្រតិបត្ដិការ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ដទៃទៀត​ក្នុង​តំបន់​ទៅលើ​វិស័យ​ច្បាប់ និង​យុត្ដិធម៌ ជាពិសេស​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ក្នុងការ​អនុវត្ដ​ច្បាប់ និង​កិច្ចសហប្រតិបត្ដិការ​រវាង​តុលាការ​នៅក្នុង​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​។

ការបង្កើត​ក្រុមការងារ​នេះ​ក៏​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ឆ្នាំ​ ២០២២ ​នេះ ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ហើយ​កម្ពុជា​ត្រូវ​ដឹកនាំ​កិច្ចការ​អាស៊ាន​នេះ​នៅលើ​គ្រប់​វិស័យ​ក្នុងនោះ​មាន​វិស័យ​ច្រើន​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្ដិការ​ក្នុង​តំបន់ ហើយ​ក៏មាន​កិច្ចសហប្រតិបត្ដិ​ការ​ក្នុង​វិស័យ​ច្បាប់ និង​យុត្ដិធម៌​ផងដែរ​។ លោក​បន្តថា​៖ «​ក្នុងនោះ​ក៏មាន​កិច្ចប្រជុំ​ឧត្ដមមន្ដ្រី​វិស័យ​ច្បាប់ និង​យុត្ដិធម៌ កិច្ចប្រជុំ​រដ្ឋមន្ដ្រី​វិស័យ​ច្បាប់ និង​យុត្តិធម៌ និង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌​នេះ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​»​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​នៅក្នុង​កិច្ច​ប្រជុំ​នេះ​យើង​បានធ្វើការ​ពិនិត្យថា តើ​អ្វីដែល​យើង​បានធ្វើ​នាពេល​កន្លងមក​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌ ដែលជា​កិច្ចសហប្រតិបត្ដិការ​នៅក្នុង​តំបន់ ហើយ​អ្វីដែល​យើង​មិនទាន់​បានធ្វើ និង​អ្វីដែល​យើង​មាន​គម្រោង​នឹង​ធ្វើទៅ​ថ្ងៃ​ខាងមុខ​ពាក់ព័ន្ធ​ដល់​កិច្ចសហប្រតិបត្ដិការ​ក្នុង​តំបន់​លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​នេះ​»​។

បើតាម​លោក ជិន ម៉ាលីន កិច្ចប្រជុំ​នេះ​ក៏បាន​លើកឡើង​ផងដែរ​ថា តើ​ក្នុងពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ កម្ពុជា​មាន​កម្មវិធី​អ្វីដែល​អាច​ស្នើ​ហើយ​ធ្វើការ​ដឹកនាំ​។ អាចមាន​គម្រោង ឬមួយ​កម្មវិធី​កិច្ចសហប្រតិបត្ដិការ​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌​អ្វីខ្លះ ដែល​កម្ពុជា​អាច​ស្នើ​ហើយ​ដឹកនាំ​ការងារ​នោះ​តែម្ដង​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​កិច្ចប្រជុំ​នេះ យើង​ពិនិត្យមើល​ទៅលើ​អ្វីដែល​បានធ្វើ​នាពេល​កន្លងមក​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ច្បាប់ និង​យុត្តិធម៌​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ពាក់ព័ន្ធ​ទៅនឹង​អ្វីដែល​យើង​មិនទាន់​បានធ្វើ និង​អ្វីដែល​យើង​ត្រូវធ្វើ​ជាពិសេស​គម្រោង និង​កម្មវិធី​អ្វីខ្លះ ដែល​មាន​សារៈសំខាន់ សម្រាប់​វិស័យ​ច្បាប់ និង​យុត្តិធម៌​កម្ពុជា​ដែល​យើង​អាច​ស្នើឡើង និង​រៀបចំ​តែម្ដង​»​។

លោក កើត រិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២១ បាន​បង្កើត​ក្រុមការងារ​ឧត្តម​មន្ត្រី​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​នៃ​ក្រសួងយុត្តិធម៌ ដែលមាន​លោក ជិន ម៉ាលីន ជា​ប្រធាន​ក្រុមការងារ​រួម​នឹង​មន្ដ្រី​ចំណុះ​ក្រសួង​ចំនួន​ ១២ ​រូប​ទៀត​ជា​អនុប្រធាន និង​សមាជិក​។ ក្រុមការងារ​នេះ​មាន​ភារកិច្ច សម្របសម្រួល​កិច្ចការ​អាស៊ាន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ និង​យុត្តិធម៌​។ សម្របសម្រួល និង​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន-កម្ពុជា និង​លេខាធិការដ្ឋាន​អាស៊ាន​​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ និង​យុត្តិធម៌​។ សម្របសម្រួល និង​សហការ​ជាមួយ​​អង្គភាព​ជំនាញ​របស់​ក្រសួងយុត្តិធម៌​លើ​ការរៀបចំ​ឯកសារ​ច្បាប់ និង​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​កម្មវិធី​សហប្រតិបត្តិការ​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​៕