ភ្នំពេញៈ កម្ពុជា​បញ្ជាក់​ជាថ្មី​ថា «​មិត្តភាព​ដែកថែប​» ​រវាង​កម្ពុជា និង​ចិន គ្មាន​នរណា​អាច​បំបែក​បាន​នោះទេ ព្រោះ​​មិត្តភាព​នេះ​បាន​ឆ្លងកាត់​ការសាកល្បង និង​ការលំបាក​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ទាំង​ ២​ បាន​ពង្រឹង​នូវ​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទៀតផង​។

លោក​ ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ថ្លែង​ក្នុង​កិច្ចសន្ទនា​លើក​ទី​ ២ ស្តីពី​ការផ្លាស់ប្តូរ និង​ការស្វែងយល់​ពី​អរិយធម៌​រវាង​ប្រទេស​ចិន និង​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ ខែមករា ថា​៖ «​ក្នុងនាម​ជា​ប្រទេសជិតខាង និង​ជា​ដៃគូ​ជិតស្និទ្ធ កម្ពុជា និង​ចិន​បាន​បង្កើត​និង​ថែរក្សា​ចំណងមិត្តភាព​ដែកថែប ដែល​មិនអាច​បំបែក​បាន​ដែល​ឆ្លងកាត់​ការសាកល្បង និង​ការលំបាក​ផ្សេងៗ​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​»​។

លោក​បន្តថា​៖ «​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ ២ បង្កើតបានជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៃ​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​កម្ពុជា និង​ចិន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន​ត្រូវបាន​ពង្រឹង​លើ​គ្រប់​វិស័យ​»​។ តាមរយៈ​សុន្ទរកថា ដែល​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃទី​ ១៩ ខែមករា​លោក​ ប៊ិន ឈិន ដែលជា​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​ដែរនោះ រំឭកថា ប្រទេស​កម្ពុជា និង​ចិន​មាន​ប្រវត្តិ​ទំនាក់​ទំនង​ជាមួយ​គ្នា​ជា​យូរលង់​ណាស់​មកហើយ​។ ប្រទេស​ទាំង ​២ មាន​វប្បធម៌ និង​អរិយធម៌​ស្រដៀង​គ្នា ហើយ​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​គ្នា ដោយ​មេត្រីភាព​រវាង​ប្រទេស​ទាំង​ ២ មាន​ប្រវត្តិ​ជាង​ ១ ០០០ ​ឆ្នាំ​មកហើយ​។ លោក​បាន​លើក​ជា​ភ័ស្តុតាង​ថា ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​បានបង្ហាញ​ពី​ទិដ្ឋភាព​ដ៏​រស់រវើក​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ពាណិជ្ជករ​ចិន និង​ប្រជាជន​កម្ពុជា​កាលពី​សម័យ​បុរាណ​។ ចាប់តាំងពី​ឆ្នាំ​ ១៩៥៨ មក ទំនាក់ទំនង​កម្ពុជា​-​ចិន គឺជា​ «​បងប្អូន​ល្អ​ជា​អ្នកជិតខាង​ល្អ និង​ជា​ដៃគូ​ល្អ​»​។ ជានិច្ចកាល​កម្ពុជា និង​ចិន​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​មាន​កិច្ចសហការ​ល្អ​។ លោក ​ប៊ិន ឈិន លើកឡើង​នូវ​កំណាព្យ​បុរាណ​ចិន​ ១ ​ឃ្លា​ដែល​ពោលថា «​ភ្នំ​ទាំងឡាយ​ទោះ​នៅ​ឆ្ងាយ​ពីគ្នា តែ​ស្រស់បំព្រង​ក្រោម​ដំណក់ទឹក​ភ្លៀង​រួមគ្នា ដូច្នេះ​យើង​នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​យ៉ាងម៉េច​កើត បើ​យើង​ទទួល​ពន្លឺ​ព្រះ​ចន្ទ​តែ​ ១?»​។

លោក​បាន​ធៀប​ន័យ​កំណាព្យ​នេះ​ថា​៖ «​ដូចគ្នា​នឹង​ប្រជាជន​កម្ពុជា​តែង​និយាយថា យើង​ត្រូវ​រួម​វាសនា​ជាមួយគ្នា ព្រោះ​យើង​រស់​ក្រោម​ដំបូល​មេឃ​តែ​ ១ ស្រូបយក​ខ្យល់​អុកស៊ីហ្ស៊ែន​ពី​លម្ហអាកាស​តែ​ ១ និង​ផឹកទឹក​ទន្លេ​មេគង្គ ជាមួយគ្នា​»​។

ពាក់ព័ន្ធ​នឹង​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង ដែល​ប្រទេស​ចិន​ជា​ម្ចាស់ផ្ទះ​លោក​ ប៊ិន ឈិន ប្រកាសថា កម្ពុជា បាននិង​កំពុង​ការពារ​ស្មារតី​អូឡាំពិក រក្សា​ភាព​បរិសុទ្ធ​នៃ​ចលនា​អូឡាំពិក គាំទ្រ​ការរួបរួម និង​មិត្តភាព ហើយ​ប្រឆាំងនឹង​ចលនា​បំបែកបំបាក់​ និង​និន្នាការ​ប្រឆាំង​ស្មារតី​អូឡាំពិក​។

លោក​ថ្លែងថា​៖ «​យើង​នឹង​បន្ត​ប្រឆាំង​រាល់​ទម្រង់​នៃ​នយោបាយនីយកម្ម​អូឡាំពិក និង​នយោបាយនីយកម្ម​កីឡា ហើយ​យើង​ទន្ទឹងរង់ចាំ​ជោគជ័យ​ទាំងស្រុង​នៃ​កីឡា​អូឡាំពិក​»​។

លោក ហេង គីមគង់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៩​ មករា​ថា វា​ពិតជា​ល្អ​ណាស់ ដែល​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ប្រទេស​ចិន ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការរះឡើង​របស់​ប្រទេស​ចិន​។ លោក​ថ្លែងថា​៖ «​ទោះបីជា​យ៉ាងណា​ក៏ដោយ​ក្នុង​ពេល​ជាមួយគ្នានេះ កម្ពុជា​ចាំបាច់​ត្រូវ​ធានាថា ការ​ចងសម្ព័ន្ធ​ភាពជិតស្និទ្ធ​របស់ខ្លួន​ជាមួយ​ប្រទេស​ចិន​នឹងមិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​ផ្សេងទៀត នៅក្នុង​តំបន់ និង​ប្រទេស​ដែលជា​តួអង្គ​សំខាន់​នៅក្នុង​ឥណ្ឌូប៉ាស៊ីហ្វិក ដូចជា​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក​»​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​លទ្ធិប្រជាធិបតេយ្យ​វិញ​លោក​ ប៊ិន ឈិន លើកឡើងថា គ្មាន​ប្រទេស​ណាមួយ​មាន​កម្មសិទ្ធិ​ផ្តាច់មុខ​លើ​លក្ខណវិនិច្ឆ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះទេ ហើយក៏​មិនអាច​កម្រិត​សិទ្ធិ​របស់​ប្រជាជន​ក្នុងការ​ស្វែងរក និង​ការជ្រើសរើស​គំរូ​ប្រជាធិបតេយ្យ​នោះដែរ​។ ការវិនិច្ឆ័យ​ថា តើ​ប្រទេសមួយ​មាន​ប្រជាធិបតេយ្យ​ឬ​អត់ គួរ​ធ្វើឡើង​ដោយ​ប្រជាជន​នៃ​ប្រទេស​នោះ មិនមែន​ដោយ​មនុស្ស​ ១ ​ក្តាប់​តូច​ណា​នោះទេ​៕