
ទិដ្ឋភាពព្រៃសហគមន៍វាលអូរក្ដីក្នុងខេត្តកំពង់ធំកាលពីចុងឆ្នាំមុន។ រូបថត សហគមន៍វាលអូរក្ដី
ភ្នំពេញៈ ក្រសួងកសិកម្ម-រុក្ខាប្រមាញ់ និងនេសាទបានប្រកាសទទួលស្គាល់ព្រៃសហគមន៍ថ្មីចំនួន ៧ បន្ថែមទៀតកាលពីឆ្នាំ ២០២១ កន្លងមក ដែលធ្វើឱ្យព្រៃសហគមន៍នៅទូទាំងប្រទេសកម្ពុជាសរុបមានចំនួន ៥៣៦ ដែលគ្របដណ្តប់លើផ្ទៃដីជាង ៤ សែនហិកតា។
របាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្រសួងបានចេញសេចក្តីប្រកាសស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ចំនួន ៧ កន្លែង ដែលមានផ្ទៃដីសរុបទំហំជាង ៣ ៦៧៣ ហិកតាកាលពីឆ្នាំ ២០២១។ សេចក្តីប្រកាសទទួលស្គាល់បានបញ្ជាក់ថា ការបង្កើតជាតំបន់ព្រៃសហគមន៍ទាំងនេះ គឺធ្វើឡើងដើម្បីគ្រប់គ្រង ប្រើប្រាស់ ការពារ ថែរក្សា អភិរក្ស និងអភិវឌ្ឍព្រៃសហគមន៍ឱ្យមាននិរន្តរភាព,ប្រើប្រាស់ផល អនុផលព្រៃឈើជាលក្ខណៈប្រពៃណីសម្រាប់ការរស់នៅ ទំនៀមទម្លាប់ និងជំនឿសាសនា,ទាញយកផលអនុផលព្រៃឈើ ស្របតាមសក្តានុពល និងលទ្ធភាពធនធានព្រៃសហគមន៍ និងដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
លោក ឡុង រត្តនៈកុមារ អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៩ ខែមករាថា ព្រៃសហគមន៍ដែលក្រសួងចេញប្រកាសទទួលស្គាល់ត្រឹមឆ្នាំ ២០២១ សរុបមានចំនួន ៥៣៦ ដែលមានទំហំផ្ទៃដីសរុបចំនួន ៤៤៩ ៤៧៥ ហិកតា នៅទូទាំងប្រទេស។
លោកបានថ្លែងថា គម្រោងបង្កើតព្រៃសហគមន៍ថ្មីមានជាហូរហែរហូតមក ប៉ុន្តែវាក៏អាស្រ័យលើស្ថានភាពជាក់ស្តែងដែរ ដូចជារយៈពេល ២ ឆ្នាំកន្លងមកនេះ បញ្ហារាតត្បាតនៃជំងឺកូវីដ ១៩ ក៏បានធ្វើឱ្យរាំងស្ទះដល់ដំណើរការបង្កើតផងដែរ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងឆ្នាំ ២០២២ យើងនឹងរៀបចំសម្រុកការងារនេះឡើងវិញដើម្បីយើងចេញប្រកាសទទួលស្គាល់ព្រៃសហគមន៍ថ្មីៗទៀត»។
លោកបានបន្ថែមថា កន្លងមកអត់មានការលុបព្រៃសហគមន៍ដែលត្រូវបានទទួលស្គាល់រួចហើយវិញនោះទេ។ ប៉ុន្តែមានតែតំបន់ព្រៃខ្លះដែលត្រូវប្តូរឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវិញដោយស្វ័យប្រវត្តិ នៅពេលដែលរដ្ឋាភិបាលចេញអនុក្រឹត្យដើម្បីបង្កើតតំបន់នោះទៅជាតំបន់ព្រៃការពារ ឬឧទ្យានជាតិជាដើម។
ការគ្រប់គ្រងព្រៃសហគមន៍ក៏បាននិងកំពុងជួបប្រទះការលំបាកផងដែរ ដោយសារតែការទន្ទ្រានយកដីធ្លីខុសច្បាប់។
លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានកត់សម្គាល់ថា បទល្មើសរំលោភយកដីព្រៃកើតមានគ្រប់រដូវដោយមិនគិតថា ជារដូវប្រាំង ឬរដូវវស្សានោះទេ។ ប៉ុន្តែបើបទល្មើសកាប់ឈើខុសច្បាប់ ភាគច្រើនវាកើតឡើងក្នុងរដូវប្រាំង។
លោកបានមានប្រសាសន៍ថា៖ «ធម្មតាវាពិបាកហើយ ពេលមានអ្នកទន្ទ្រាន។ ប៉ុន្តែយើងដឹងតែអនុវត្តច្បាប់ទេ។ យើងប្រឹងប្រែងណាស់...ឥឡូវយើងធ្វើក្តៅហើយ។ អ្នកទាំងនោះមិនទៅណាទេ។ រឿង [បទល្មើស] ដីព្រៃគ្មានគិតខែទេ។ វាបន់ឱ្យតែភ្លៀងមក សមត្ថកិច្ចយើងទៅមិនដល់ហ្នឹង គេស្រួលធ្វើឯខាងក្នុងវិញ»។
របាយការណ៍ប្រចាំឆ្នាំដដែលក៏បានឱ្យដឹងផងដែរថា សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃដែលទទួលបានពីរដ្ឋបាលព្រៃឈើមូលដ្ឋាន និងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើសរុបមានចំនួន ៧៧៧ ករណី។ វត្ថុតាងនៃបទល្មើសព្រៃឈើបានចាប់ឃាត់ និងដកហូតមានឈើអារចំនួន ១ ១៩២ ម៉ែត្រគុប, ឈើមូលជ្រុងចំនួន ៣២ ម៉ែត្រគុប,ឈើអារគ្រញូង ០,៤៩៥ ម៉ែត្រគុប និង ៨៦០ គីឡូក្រាមនិងផ្ទៃដីព្រៃឈើបានកាប់រានទំហំ ៣ ៥៦៥ ហិកតា។
ក្រសួងក៏បានឱ្យដឹងផងដែរថា ក្រុមការងារក៏បានចុះផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ៦ កន្លែងដែរ។ ក្នុងនោះរួមមានសហគមន៍ព្រៃឈើជារៅ សហគមន៍ព្រៃឈើត្រពាំងត្រាច សហគមន៍ព្រៃឈើអណ្តូងច្រុះ សហគមន៍ព្រៃឈើភូមិប្រស្និប សហគមន៍ព្រៃឈើភូមិសាអង និងសហគមន៍ព្រៃឈើភូមិត្រពាំងអម្ពិលក្នុងខេត្តកំពង់ឆ្នាំង។ ក្រៅពីនោះ ក្រសួងក៏បានផ្តល់បណ្ណសម្គាល់សិទ្ធិប្រើប្រាស់រណារយន្តសរុបចំនួន ១១០ គ្រឿង និងយានយន្តចំនួន ១៤៥ គ្រឿងជូនក្រុមហ៊ុនចំនួន ៩ និងអ្នកស្នើសុំចំនួនម្នាក់ផងដែរ។
ដោយឡែក ចំពោះការងារដាំដើមឈើវិញ ក្រសួងបានដាំឈើជាចម្ការថ្មីលើផ្ទៃដីទំហំ ៧ ៥៩៩ហិកតា។ ក្នុងនោះដាំឈើដោយរដ្ឋមានទំហំ ១៤០ ហិកតា និងដាំឈើដោយក្រុមហ៊ុនឯកជនដៃគូសហការ និងបុគ្គលឯកជនលក្ខណៈគ្រួសារទំហំ ៧ ៤៥៩ ហិកតា។ លើសពីនោះក៏បានបណ្តុះកូនឈើគ្រប់ប្រភេទសរុបចំនួន ៥៧២ ៥២៩ ដើម,បានចែកចាយកូនឈើសម្រាប់ដាំអាស្រ័យផលសរុបចំនួន ៣៧៣ ៧៤៦ ដើម, បានជីកប្រឡាយការពារចម្ការគ្រញូងនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអន្លង់ថ្ម ខេត្តកំពង់ធំ ប្រវែង ៨ ០០០ ម៉ែត្រ។ បន្ថែមពីនោះក៏បានបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសែនមនោរម្យនៅក្នុងខេត្តមណ្ឌលគិរីលើផ្ទៃដីទំហំជាង ១០០ ហិកតា និងចុះសិក្សាទីតាំងបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើលើផ្ទៃដីជាង ២២ ៣០៨ ហិកតានៅខេត្តប៉ៃលិន កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ហើយក៏បាននិងកំពុងថែទាំចម្ការឈើសរុបទំហំ ៨២២ ហិកតា៕