ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនឯកភាពផ្តល់ថវិកាជំនួយឥតសំណងចំនួន ៧២៨ ៥០១ ដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន ៣ ស្ថិតក្នុងខេត្ដក្រចេះ កំពង់ចាម និងបាត់ដំបងលើការពង្រឹងប្រព័ន្ធវេជ្ជសាស្ដ្រដើម្បីអនុវត្តការវះកាត់កុមារ ការពង្រឹងការថែទាំ សុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារនិងការកែលម្អ បរិស្ថានសិក្សាតាមរយៈការសាងសង់សាលាបឋមសិក្សា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ១៩ មករា រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ៧២៨ ៥០១ ដុល្លារអាមេរិកដល់អង្គភាពទទួលជំនួយចំនួន ៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៩ មករា ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គការទទួលជំនួយទាំង ៣ សម្រាប់អនុវត្តគម្រោង។
សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្នុងនោះគម្រោងទី ១ គឺសម្រាប់សល្យសាស្ត្រកុមារប្រចាំខេត្តក្រចេះ (ឆ្នាំទី ៣) ដែលមានថវិកាជំនួយ ១២៥ ០១២ ដុល្លារអាមេរិក។ អង្គភាពទទួលជំនួយ គឺអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ FIDR។
ក្នុងគម្រោងនេះ អង្គការមានគោលបំណងពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ តាមរយៈការបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីកែលម្អ គុណភាពនៃការអនុវត្តការវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ពង្រឹងបណ្តាញដឹកជញ្ជូនអ្នកជំងឺក្នុងខេត្តក្រចេះ និងបង្កើនការយល់ដឹងអំពីការថែទាំវេជ្ជសាស្ត្រក្នុងសហគមន៍។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកពេទ្យដែលនឹងត្រូវបានបណ្តុះបណ្តាលដោយគម្រោងក៏ដូចជាប្រជាជនដែលត្រូវការការព្យាបាលវេជ្ជសាស្ត្រនៅក្នុងខេត្តក្រចេះ»។
គម្រោងទី ២ គឺពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ៣) ថវិកាចំនួន ២០០ ៩០៦ ដុល្លារអាមេរិក ដែលមានអង្គភាពទទួលជំនួយ គឺអង្គការមូលនិធិជប៉ុន (PHJ)។ ក្នុងគម្រោងនេះ អង្គការមានគោលបំណងកាត់បន្ថយអត្រាមរណភាពកុមារអាយុក្រោម ៥ ឆ្នាំ និងលើកកម្ពស់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ។ ដើម្បីសម្រេចគោលដៅនេះ អង្គការ PHJ នឹងបន្តសកម្មភាពរបស់ខ្លួនគាំទ្រដល់ការបណ្តុះបណ្តាលចំណេះដឹងដល់បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តសុខាភិបាល ក៏ដូចជាការពង្រីកបណ្តាញរបស់ខ្លួនជាមួយអ្នកភូមិក្នុងសហគមន៍។
«អង្គការ PHJ ក៏នឹងផ្តល់ការអប់រំផ្នែកអាហារូបត្ថម្ភជាមួយនឹងការបណ្តុះបណ្តាលផ្នែកធ្វើម្ហូបដើម្បីបង្កើនចំណេះដឹងរបស់អ្នកភូមិដែលមានកូនតូចៗ។ តាមរយៈគម្រោងនេះ កុមារអាយុក្រោម ៥ ឆ្នាំ ចំនួន ៤ ៦៦៩ នាក់នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រឹងចំណេះដឹងរបស់ឪពុកម្តាយពួកគេ ដែលនាំឱ្យពួកគេលូតលាស់ដោយមានសុខភាពល្អទៅអនាគត»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
គម្រោងទី ៣ ធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សា តាមរយៈការសាងសង់អគារសិក្សា នៅសាលាបឋមសិក្សា ក្នុងខេត្តបាត់ដំបង(ថវិកាចំនួន ៤០២ ៥៨៣ ដុល្លារអាមេរិក)។ អង្គភាពទទួលជំនួយ គឺអង្គការសន្តិស្ម័គ្រចិត្ត (SVA)។ ក្នុងគម្រោងនេះ អង្គការនឹងសាងសង់អគារសិក្សា ដែលរួមមានបន្ទប់បណ្ណាល័យ បង្គន់អនាម័យ និងកន្លែងលាងដៃនៅសាលាបឋមសិក្សាចំនួន ៣ ក្នុងខេត្តបាត់ដំបង ដើម្បីកែលម្អបរិស្ថានសិក្សា និងអនាម័យ។
«គម្រោងនេះនឹងគាំទ្រដល់ការបើកសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព និងអាចឱ្យសិស្សានុសិស្សត្រឡប់ចូលរៀនវិញដោយរលូន ក្រោយការបញ្ចប់នៃការបិទសាលារៀនអស់រយៈពេលជាយូរ។ តាមរយៈគម្រោងនេះ សិស្សានុសិស្ស និងគ្រូចំនួន ១ ១៤០ នាក់នៅសាលារៀនគោលដៅទាំងនោះនឹងអាចសិក្សាក្នុងបរិស្ថានដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន និងទទួលបានការអប់រំប្រកបដោយគុណភាពប្រសើរជាងមុន»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ ថាលោកសង្កេតឃើញនាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដែលរួមមានវិស័យសុខាភិបាល និងបរិស្ថានអប់រំ។
លោកថ្លែងថា៖ «រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់កម្ចីហិរញ្ញប្បទានយេន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងការស្តារផ្លូវជាតិលេខ ៥ ក៏ដូចជាសម្រាប់ការគាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ ១៩ ជាមួយនឹងទឹកប្រាក់ចំនួន ២០ ពាន់លានយេនបន្ថែមទៀត»។
លោកបញ្ជាក់ថា ការគាំទ្រទ្រង់ទ្រាយធំបែបនេះទំនងជាទទួលបានការចាប់អារម្មណ៍ច្រើនពីប្រព័ន្ធផ្សព្វផ្សាយនានា។ ប៉ុន្តែទន្ទឹមនឹងនេះរដ្ឋាភិបាលជប៉ុនចាត់ទុកថា វាមានសារៈសំខាន់ស្មើគ្នាក្នុងការផ្តល់ការគាំទ្រនៅតាមតំបន់ជនបទ ដោយធ្វើការជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ តាមរយៈការប្រើប្រាស់ជំនួយឥតសំណងគូសាណូណិ និងជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
លោកបញ្ជាក់ថា៖ «ទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ កំពុងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោកយ៉ាងណាក៏ដោយ ប្រទេសជប៉ុននឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈមនានា»។
បើតាមសេចក្ដីប្រកាសព័ត៌មាន កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤៥ លានដុល្លារអាមេរិកដល់គម្រោងចំនួន ១៣៨ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាព បោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕