
កិច្ចប្រជុំនៃមន្ត្រីជំនាញរៀបចំប្លង់ប្រើប្រាស់ដីធ្លី។ រូបថត សហការី
រតនគិរីៈ អភិបាលខេត្តរតនគិរីបានជំរុញឱ្យអាជ្ញាធរស្រុកចំនួន ៣ សហការជាមួយមន្ត្រីជំនាញរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីឱ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋាន ដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុក និងខេត្តដើម្បីបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅសប្តាហ៍ក្រោយ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីថ្លែងនៅថ្ងៃទី ១៨ ខែមករាថា លោកបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំដែនដីថ្នាក់ខេត្ត ដើម្បីពិនិត្យសេចក្ដីព្រាងឯកសារប្លង់គោលប្រើប្រាស់ដីចំនួន ៣ ស្រុកគឺ ស្រុកតាវែង អណ្ដូងមាស និងស្រុកអូរយ៉ាដាវ កាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំនោះលោកបានជំរុញទៅអាជ្ញាធរស្រុកទាំង ៣ ពន្លឿនការចុះពិនិត្យផ្ទៀងផ្ទាត់ និងរៀបចំឯកសារ ធ្វើប្លង់គោលប្រើប្រាស់ដីឱ្យបានឆាប់ ដើម្បីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុក និងខេត្ត ធ្វើការបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅសប្តាហ៍ក្រោយ។
លោកថា កិច្ចការងារនេះអាជ្ញាធរស្រុកបានធ្វើការពិនិត្យនៅតាមគោលដៅរបស់ខ្លួនរួចហើយ ប៉ុន្តែនៅត្រូវការផ្ទៀងផ្ទាត់ច្រើនបន្ថែមទៀត ហេតុនេះអាជ្ញាធរស្រុកសុំពេលខ្លះដើម្បីធ្វើការពិនិត្យឡើងវិញ។ យ៉ាងណាលោកអភិបាលខេត្តបញ្ជាក់ថា រាល់ការចេញបណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងស្រុកនីមួយៗត្រូវអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លង់គោល ការប្រើប្រាស់ដីធ្លីក្នុងស្រុកទាំង ៣ ជាផ្លូវការ។
លោកថ្លែងថា៖ «៣ ស្រុកហ្នឹងយើងបានធ្វើហើយ ប៉ុន្តែនៅមានការផ្ទៀងផ្ទាត់ច្រើនទៀតហើយអាជ្ញាធរស្រុកនីមួយៗគាត់សុំពន្យារពេល ២-៣ ថ្ងៃ ដើម្បីយកទៅពិនិត្យឡើងវិញ អ៊ីចឹងទៅ ព្រោះមានការកែអីចុះឡើង ចុះឡើង ហើយមានការថែមនៅក្នុងកិច្ចប្រជុំដែលយើងបានជជែកគ្នាហ្នឹង អ៊ីចឹងទាល់តែអាទិត្យក្រោយបានយើងអាចប្រមូលឯកសារហ្នឹងបាន»។
លោកអភិបាលខេត្តប្រាប់ថា ការរៀបចំធ្វើប្លង់គោលសម្រាប់ ៣ ស្រុកនេះ គឺជាជំហានដំបូង ប៉ុន្តែជាជំហានបន្តបន្ទាប់ទៀតក៏នឹងបន្តធ្វើរហូតឱ្យបានគ្រប់ទូទាំងខេត្ត។ ការធ្វើប្លង់មេនេះគឺធ្វើឡើងតាមការណែនាំរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់ថានឹងត្រូវធ្វើអ្វីខ្លះក្នុងការប្រើប្រាស់ដីឱ្យមានភាពងាយស្រួលនៅពេលអនុវត្តកិច្ចការងារមិនមានការខុសឆ្គង។
លោកថ្លែងថា៖ «យើងសហការគ្នា គឺមន្ទីរដែនដី នគរូបនីយកម្មជាមួយអាជ្ញាធរស្រុកគេចុះទៅពិនិត្យមើលទាំងអស់គ្រប់ទីកន្លែងអ៊ីចឹងទៅ ហើយយើងកំណត់ទីតាំងអី ត្រូវធ្វើអី អ៊ីចឹងដែរ ឧបមាថា ទីប្រជុំជនត្រូវធ្វើផ្លូវពីណាទៅណា កសាងយ៉ាងម៉េច កន្លែងណាជាដីសម្រាប់កាត់ធ្វើទីចាក់សំរាម អ៊ីចឹងយើងរក្សាដីជារបស់រដ្ឋហ្នឹងយើងឃ្លុំ យើងចុះជាប្រព័ន្ធអីឱ្យហើយ»។
លោក ញ៉ែម សំអឿន បានគូសបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនោះលោកក៏បានជំរុញដល់ស្រុកទាំង ៣ ត្រូវរៀបចំគម្រោងអភិវឌ្ឍន៍ស្រុកឱ្យបានច្បាស់លាស់ ដែលក្នុងនោះ រួមមានការអភិរក្សវិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ និងអត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច ហេដ្ឋារចនាសម្ព័ន្ធ កិច្ចការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងត្រូវថែរក្សាការពារឱ្យបាននូវសម្បត្តិធម្មជាតិឱ្យបានគង់វង្ស។
លោកថ្លែងថា៖ «ត្រូវរក្សារមណីយដ្ឋានធម្មជាតិនានា ក៏ដូចជា ត្រូវរក្សាឱ្យបាននូវផ្លូវប្រវត្តិសាស្ដ្រ និងធនធានដែលនៅសល់ពីសម័យតស៊ូ ដែលឥស្សរជនខ្មែរពីមុនប្រើក្នុងសម័យសង្គ្រាមឱ្យបានល្អ ដើម្បីបង្កើតជាគោលដៅអេកូទេសចរណ៍មួយដ៏ទាក់ទាញទៅថ្ងៃខាងមុខ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ដខេត្តយើងបានកាន់តែច្រើន»។
ភ្នំពេញប៉ុស្តិ៍មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក លី ឧសភា ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់បានទេ កាលពីថ្ងៃទី ១៨ ខែមករា ២០២២ ប៉ុន្តែលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវថ្លែងថា កិច្ចការងារនេះអាជ្ញាធរស្រុកបានធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារបាន ៨០ ភាគរយហើយ និងកំពុងបន្តពិនិត្យបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ឯកសារ និងទីតាំងជាក់ស្តែង។ លោកថា៖ «គោលដៅអភិវឌ្ឍន៍សំខាន់ៗអាជ្ញាធរស្រុកយើងបានព្រាងទុកមានចំនួន ៧ កន្លែងនៅគ្រប់ឃុំ ដែលផ្តល់អាទិភាពទៅលើតំបន់ទេសចរណ៍ និងទីតាំងចាក់សំរាម ហើយយើងធ្វើផែនការទៅឆ្នាំ ២០៣៥ ឯណោះពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ យើងបានរៀបចំប្លង់គោលបានរួចរាល់ហើយ»៕