ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី ​១៩ មករា បានប្រកាស​សាលដីកា​សម្រេច​បង្វិល​សំណុំរឿង​បណ្តឹង​មោឃភាព​នីតិវិធី​របស់​អតីត​ឧត្តមសេនីយ៍ទោ​យោធា​ផ្កាយ​ ២ ​ម្នាក់​ទៅ​​សាលាឧទ្ធរណ៍​ឱ្យធ្វើ​ការ​ជំនុំជម្រះ​ឡើងវិញ​ពាក់ព័ន្ធ​បទចោទ​ប្រើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​បរិហារកេរ្តិ៍​ជា​សាធារណៈ បន្ទាប់ពី​បាន​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១២ មករា ឆ្នាំ ២០២២​។

លោក​ចៅក្រម និល ណុន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​ក្នុង​បន្ទប់​សវនាការ​នៅ​ចំពោះមុខ​ជន​ត្រូវ​ចោទ​នៅ​ថ្ងៃទី​ ១៩ មករា​ថា សំណុំ​រឿងនេះ​មាន​ជន​ជាប់ចោទ​ឈ្មោះ សូយ ចាន់សឿន ភេទ អាយុ​ ៤៨​ឆ្នាំ​។ តុលាការ​កំពូល​បាន​បើកសវនាការ​កាលពី​ថ្ងៃ​ទី​ ១២ ​មករា​ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា ក្រោយពី​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ និង​ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ សូយ ចាន់សឿន និង​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​ជា​ឯកច្ឆន្ទ​ថា​៖ «​បណ្តឹង​សារទុក្ខ​របស់​ជននេះ តុលាការ​កំពូល​បដិសេធ​ចោល និង​បង្វិល​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ ដើម្បី​ជំនុំជម្រះ​ឡើងវិញ​។ ការបង្វិល​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​វិញ​នេះ ដោយសារ​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​នៃ​ការសម្រេច​សេចក្តី​»​។

បើតាម លោក ឈឺន សុខា ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ​បាន​ថ្លែង​នៅក្នុង​សវនាការ​កាលពី​ថ្ងៃទី​ ១២ មករា​ថា កូនក្តី​របស់លោក​ឈ្មោះ សូយ ចាន់សឿន បាន​ទិញ​ដី​ទំហំ​ ៤​ ហិកតា​ចូលគ្នា​ជាមួយ​ឈ្មោះ ស៊ុន ប៊ុនឡា នៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ប៉ុន្តែ​ក្រោយមក​ឈ្មោះ ស៊ុន ប៊ុនឡា បាន​មានទំនាស់​ជាមួយ​ឈ្មោះ​ កើត ខេង ពាក់ព័ន្ធ​ដី​ខាងលើនេះ​។

លោក​បន្តថា ក្នុង​ទំនាស់​នោះ​ឈ្មោះ កើត ខេង បាន​ប្តឹង​កូនក្តី​របស់​លោក​ដែរ ទៅ​សាលាដំបូង​ខេត្តកណ្តាល​ពាក់ព័ន្ធ​សំណុំរឿង​រដ្ឋប្បវេណី​ហើយ​ឈ្មោះ កើត ខេង ​ក៏បាន​ប្តឹង​កូនក្តី​របស់លោក​មក​សាលាដំបូង​រាជធានី-ភ្នំពេញ​ជា​រឿង​ព្រហ្មទណ្ឌ​មួយទៀត​ក្នុង​សំណុំរឿង​តែមួយ​ដូចគ្នា​។ បន្ទាប់មក​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ប្រើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ ដោយ​សុចរិត និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។

លោក​ថ្លែងប្រាប់​ចៅក្រម​ថា​៖ «​រឿងក្តី​មួយ​តែមាន​បណ្តឹង​ដល់​ទៅ ​២​។ ហេតុនេះហើយ​ទើប​កូនក្តី​របស់ខ្ញុំ​ប្តឹង​មោឃភាព​ទៅនឹង​ដីកា​សម្រេច​នេះ​។ ខ្ញុំ​ស្នើ​សុំឱ្យ​តុលាការ​ពិចារណា​លើ​ការប្តឹង​មោឃភាព​នីតិវិធី​របស់​កូនក្តី​ខ្ញុំ​ផង​ ព្រោះ​សភា​ព្រហ្មទណ្ឌ​ឧទ្ធរណ៍​ភ្នំពេញ​ក៏​តម្កល់​សាលដីកា​តាម​សាលក្រម​ដែរ​នៅ​ថ្ងៃ​ ១៦​ សីហា​ឆ្នាំ​ ២០២១»​។

គួរ​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ សូយ ចាន់សឿន មាន​តួនាទី​ជា​នាយរង​ទីចាត់ការ​អភិវឌ្ឍន៍​អគ្គបញ្ជាការដ្ឋាន​នៃ​ក្រសួងការពារជាតិ​។ ជន​រូបនេះ ត្រូវ​រង​បណ្តឹង ១ ​ករណី​ទៀត ដោយសារ​មិត្តស្រី​របស់ខ្លួន​ឈ្មោះ ឌួង ម៉ាលីស ប្តឹង​តុលាការខេត្ត​កំពង់ស្ពឺ​ពាក់ព័ន្ធ​វាយ​ស្ត្រី​រងគ្រោះ នៅក្នុង​រថយន្ត​ពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល​រហូតដល់​ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ កាលពី​ថ្ងៃទី​ ២២ មករា ឆ្នាំ ២០២១​។

ជន​ត្រូវ​ចោទ សូយ ចាន់សឿន ត្រូវ​នគរបាល​ខេត្តកំពង់ស្ពឺ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៣០ កក្កដា ឆ្នាំ​ ២០២១​ ហើយ​ត្រូវបាន​តុលាការ​ខេត្ត​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​តាម​មាត្រា​ ២១៨ និង​មាត្រា​ ២៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​រូបនេះ​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​៕