
គ្រូកំពុងបង្រៀនសិស្សនៅបឋមសិក្សាព្រែកលៀប កាលពីឆ្នាំ ២០២១។ ហុង មិនា
ភ្នំពេញៈ ធនាគារពិភពលោក (WB) បានអនុម័តជំនួយហិរញ្ញប្បទានសរុបចំនួន ៦៩,២៥ លានដុល្លារអាមេរិក ក្នុងនោះមានអំណោយពីអង្គការភាពជាដៃគូសកល ដើម្បីការអប់រំ (Global Partnership for Education/GPE) ផងដែរ ដើម្បីជួយកម្ពុជាក្នុងការធ្វើឱ្យកាន់តែប្រសើរនូវលទ្ធភាពប្រកបដោយសមធម៌ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងក្នុងការឆ្លើយតបឱ្យបានរហ័សទៅនឹងវិបត្តិនានាដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ WB កាលពីថ្ងៃទី ១៨ ខែមករាឱ្យដឹងថា កញ្ចប់មូលនិធិថ្មីនេះរួមមានទឹកប្រាក់ ចំនួន ៦០ លានដុល្លារដែលធនាគារពិភពលោកនឹងផ្តល់ជាឥណទានតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/IDA) និង ៩,២៥ លានដុល្លារទៀតជាជំនួយឥតសំណងពីអង្គការភាពជាដៃគូសកលដើម្បីការអប់រំ។
ហិរញ្ញប្បទាននេះនឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ General Education Improvement Project (GEIP) ដែលមានរយៈពេល ៥ ឆ្នាំជាមួយគោលបំណងជួយកម្ពុជាក្នុងការឈានទៅសម្រេចចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនៃការអប់រំ ឆ្នាំ ២០១៩-២០២៣ ។ «ចក្ខុវិស័យនោះគឺឆ្ពោះទៅបង្កើត និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងសីលធម៌ល្អ ដើម្បីអភិវឌ្ឍឱ្យបានសង្គមមួយដែលមានចំណេះដឹងជាមូលដ្ឋាន»។
សេចក្ដីប្រកាសព័ត៌មានបន្តថា ដើម្បីឈានទៅសម្រេចកម្មវត្ថុនេះរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្ដលៃលករកដំណោះស្រាយដល់បញ្ហាប្រឈមធំ ២ គឺការរៀនចេះរបស់សិស្សនៅមានកម្រិតទាប និងវិសមធម៌ក្នុងលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋានក្នុងនោះរួមមានការអប់រំសម្រាប់ក្មេងតូច ការអប់រំកម្រិតបឋម និងការអប់រំកម្រិតមធ្យមសិក្សាចំណេះទូទៅ។
លោកស្រី ម៉ារីយ៉ាម សាលីម តំណាង WB ប្រចាំកម្ពុជាថ្លែងថា កម្ពុជាពិតជាបានសម្រេចសមិទ្ធផលធំៗច្រើននៅក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែបញ្ហានៅបន្តមាននៅឡើយពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ ជាពិសេសសម្រាប់កុមារច្រើនក្រុម មានដូចជា កុមាររស់នៅតាមតំបន់ដាច់ស្រយាលកុមារក្នុងគ្រួសារក្រីក្រ ឬក្នុងបណ្តាសហគមន៍ជនជាតិភាគតិច និងកុមារមានពិការភាព។ ជាងនេះទៀតលទ្ធផលនៃការរៀនចេះរបស់សិស្សបានរងការប៉ះទង្គិចយ៉ាងខ្លាំងនៅពេលដែលសាលារៀនត្រូវបានបិទទ្វារយ៉ាងយូរ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ។ «យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងរកដំណោះស្រាយដល់បញ្ហាប្រឈមទាំងនេះ និងស្តារការអប់រំឱ្យកាន់តែមានភាពប្រសើរឡើងវិញថែមទៀត»។
លោកស្រី អាលីស អលប្រាយ នាយិកាប្រតិបត្តិនៃអង្គការភាពជាដៃគូសកល ដើម្បីការអប់រំ ថ្លែងថា ការផ្តល់ជំនួយហិរញ្ញវត្ថុនេះ គឺចំពេលដ៏សំខាន់ក្នុងខណៈដែលវីរុសកូវីដ ១៩ បំប្លែងថ្មីកំពុងបង្កផលប៉ះពាល់កាន់តែអាក្រក់លើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក។
លោកស្រីសង្ឃឹមថា៖ «ជំនួយទាំងនេះនឹងជួយកម្ពុជាឱ្យបន្តពង្រីកលទ្ធភាពក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និងធានាយ៉ាងណាឱ្យកុមារក្នុងក្រុមងាយរងគ្រោះបំផុត បានចូលសាលារៀន និងទទួលចំណេះដឹងផង»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា ថ្លែងថា៖ «ក្រសួងអប់រំ ស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការពីសំណាក់ក្រសួង-ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ (រួមមានធនាគារពិភពលោក) វិស័យឯកជនបុគ្គលិកអប់រំ មាតាបិតា និងអាជ្ញាធរមូលដ្ឋានក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងការពង្រឹងសុវត្ថិភាពសុខភាពសិក្សាសម្រាប់ការបង្រៀន និងរៀនមុននិងក្នុងបរិបទកូវីដ ១៩»៕