កំពង់ស្ពឺៈនគរបាល​ស្រុក​គងពិសី​ នៅ​ថ្ងៃទី២០ មករា បាន​កំពុង​បន្ត​ឃ្លាំមើល​ជន​ដៃដល់​ម្នាក់​ ដែល​រង​របួស​ធ្ងន់​​កំពុង​ដេក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ បន្ទាប់ពី​បាន​ចាក់​បុរស​ជា​បងថ្លៃម្នាក់​ស្លាប់​ ក្រោយ​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​​កាលពី​ថ្ងៃទី១៩ មករា ក្នុង​ទំនាស់​គ្នា​ពេល​ផឹកស៊ី​ ប្រព្រឹត្ត​នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ ស្នំ​ក្រពើ ស្រុក គង​ពិសី។

លោក ឃឹម សុផាន់​រ៉ា អធិការ​នគរ​បាល​ស្រុក គង​ពិសី ឱ្យដឹង​នៅ​ថ្ងៃទី​២០ មករា ថា ជន​បង្ក​ឈ្មោះ​ង៉ែត សុខ​សាន្ត ភេទ ប្រុស អាយុ​២៩​ឆ្នាំ។ ចំណែក​ឯ​ជនរង​គ្រោះ​ឈ្មោះ វ៉ែន វ៉ាន់ ភេទ ប្រុស អាយុ ៤០​ឆ្នាំ ពួក​គេ​ជា​កសិករ​​រស់នៅ​ក្នុង​ភូមិ​ អណ្តូង​ច្រុះ​ឃុំ ស្នំ​ក្រពើ ។

លោក​ប្រាប់ថា​៖«រហូត​ដល់ថ្ងៃ​នេះ(ថ្ងៃទី​២០​មករា)​ជន​ដៃដល់​ កំពុង​ដេកពេទ្យ​សង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​ជនសង្ស័យ​ក៏​មិនអាច​រត់គេច​ខ្លួន​ទៅណា​រួច​ដែរ​ ព្រោះ​កម្លាំង​យើង ​ឃ្លាំមើល​គាត់។ ជនសង្ស័យ​ ត្រូវ​ជនរង​គ្រោះ​យក​ពូថៅ​កាប់​របួស​ធ្ងន់​ ហើយ​មិន​ដឹង​ថា ​មាន​ជីវិត​រស់​ឬ​យ៉ាង​ណា​ទេ​»។

លោក នៅ វណ្ណា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ ស្នំ​ក្រពើ បាន​រៀបរាប់​ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​នៅ​ថ្ងៃទី២០ មករា ថា រវាង​ជនរងគ្រោះ និង ជនសង្ស័យ​ជា​បង​ប្អូនថ្លៃ​នឹង​គ្នា​ ហើយក៏​មានផ្ទះ​នៅក្បែរ​គ្នា​ដែរ។

កាលពី​វេលា​ម៉ោង​ជាង​៩​យប់​ ថ្ងៃទី១៩ មករា​ គេ​បានឃើញ​អ្នក​ទាំង​២​នាក់​នាំគ្នា​ផឹកស្រា ហើយ​មួយសន្ទុះ​ក្រោយមក​ ក៏មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ ហើយ​ស្រាប់តែ​វាយតប់​គ្នា​តែ​ម្តង។

លោក​បន្តថា នៅពេល​នោះ គេ​បានឃើញ​ឈ្មោះ​ង៉ែត សុខសាន្ត កាន់​កូនកាំបិត​ចិតបន្លែ​ទៅ​ចាក់​ត្រូវ​បុរស​ឈ្មោះ​វ៉ែន វ៉ាន់ ១កាំបិត​ចំ​ដៃ និង​ក្រោម​ដោះ​ខាងស្តាំ១កាំបិត​លិច​ជ្រៅ។

រីឯ​ជនរង​គ្រោះ​ប្រហែលជា​នៅមាន​កម្លាំង​បាន​យក​ពូថៅ​កាប់​ជនបង្ក​ត្រូវ​ចំនួន៣កន្លែង​ត្រង់​ស្មាខាងស្តាំ ដៃ និង​ដងខ្លួន​ បណ្តាលឱ្យ​រងរ​បួស​ធ្ងន់​ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ។

លោក​បញ្ជាក់ថា៖«ជនល្មើស​ដែល​ចាក់​បងថ្លៃ​គាត់​ស្លាប់​ ក៏​របួសធ្ងន់​ដែរ​ ឥឡូវ​នៅ​ដេកពេទ្យ​លោក​សង្ឃ​(មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ)។​ ស្ថាន​ភាព​របួស​របស់​គាត់​ធ្ងន់​ដែរ​ហ្នឹង​ មិន​ដឹង​ថា​ ស្លាប់​ឬ​រស់​យ៉ាង​ណា​ទេ»។

លោក​បន្ថែមថា បទល្មើស​ឧក្រិដ្ឋ​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់​នេះ ​ប្រសិនបើ​ខាង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ស្លាប់​មិន​ប្តឹង​ក៏ដោយ ​ក៏ប៉ុន្តែ​បណ្តឹងអាជ្ញា ​វា​បាន​កើតឡើង​ ស្របពេល​ជាមួយគ្នា​នឹង​បទល្មើស​រួចទៅ​ហើយ។ ហេតុ​ដូច្នេះ​ជនសង្ស័យ​ឈ្មោះ​ង៉ែត សុខសាន្ត មិនអាច​គេច​ផុត​ពី​ច្បាប់​ឡើយ​ ប្រសិនបើ​គាត់​មិន​ស្លាប់​។ «ប៉ុន្តែ​ខាង​បង​ប្អូន​សព​បាន​ដាក់​ពាក្យ​បណ្តឹង​ហើយ»៕