ក្រចេះ ក្រសួង​វប្ប​ធម៌​និង វិចិត្រសិល្បៈ បាន​ជំរុញ​ឲ្យ​មន្ទីរជំនាញ សហការ​ជាមួយ​រដ្ឋបាល​ខេត្តក្រចេះ រៀបចំ​ពាក្យបណ្តឹង​ប្រឆាំង​ក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឈូសឆាយ [​ដីព្រៃ​] បង្ក​ឲ្យ​ខូចខាត​ចម្លាក់​ថ្ម​ប្រាសាទបុរាណ​មួយកន្លែង​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំបូរ​។​

លោក អ៊ុក សុខា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២០ ខែមករា​ថា ក្រោយពី​មាន​ករណី​ឈូសឆាយ​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច​មិន​ប្រយ័ត្ន បណ្ដាល​ឲ្យ​ប៉ះពាល់​ប្រាសាទបុរាណ​ដ៏​ចំណាស់​មួយ​ឈ្មោះ​ប្រាសាទ​លាវ​ចោម ហៅ​ប្រាសាទ​ត្រាំ​ង​ក្របៅ នៅ​តំបន់​ព្រៃ​នៃ​ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ដោយ​ក្រុមហ៊ុន​Think Biotech (Cambodia) Co., Ltd​។​

លោក អះអាងថា ក្រសួង​វប្បធម៌ បាន​ណែនាំ​និង​ជំរុញ​ឲ្យ​មន្ទីរជំនាញ​សហការ​ជាមួយ​រដ្ឋបាល​ខេត្តក្រចេះ រៀបចំ​ពាក្យបណ្ដឹង​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន ខាងលើនេះ​ទៅ​តុលាការ ដើម្បី​ឲ្យ​ទទួលខុសត្រូវ ចំពោះ​ការបំផ្លិចបំផ្លាញ​ប្រាសាទបុរាណ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។​

លោក​ថ្លែងថា​៖«​ករណីនេះ​ក្រសួង​មិន​នៅ​ស្ងៀម​នោះទេ​។ យើង​ចាំបាច់​ត្រូវ​ប្ដឹង​ក្រុមហ៊ុន​Think Biotech(Cambodia) Co.; Ltd ទៅ​តុលាការ ដើម្បី​ឲ្យ​ទទួលខុសត្រូវ លើ​បញ្ហា​នេះ​។ នៅពេលនេះ មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ ខេត្តក្រចេះ កំពុង​សហការ​ជាមួយ​រដ្ឋបាល​ខេត្តក្រចេះ ធ្វើ​កិច្ចការ​នេះ​ទៅតាម​នីតិវិធី​ហើយ​»​។​

បើតាម​លោក សុខា ប្រាសាទ​លាវ​ចោម គឺជា​ប្រាសាទបុរាណ​ចំណាស់​បំផុត​មួយ​ដែល​បាន​សាងសង់​ក្នុង​សតវត្ស​ទី​៧ មុន​សម័យអង្គរ​។ ចម្លាក់​ថ្ម​ប្រាសាទបុរាណ​ជាច្រើន​បាន​ដួលរលំ និង​បាក់​ជា​បំណែកៗ បន្ទាប់ពី​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការងារ​កាប់​រាន​ព្រៃឈើ​បុក​ឲ្យ​ខូចខាត​កាលពីពេល​ថ្មីៗ​នេះ​។​

លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ ខេត្តក្រចេះ មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ នៅ​ថ្ងៃទី​២០ ខែមករា ជុំវិញ​ដំណើរការ​នីតិវិធី​នៃ​ការរៀបចំ​កសាង​សំណុំរឿង [​ពាក្យបណ្ដឹង​] ប្រឆាំង​និង​ក្រុមហ៊ុន​Think Biotech ដែល​ធ្វើ​ឲ្យ​ខូចខាត​ប្រាសាទ​ដ៏​ចំណាស់​នេះ​។​

យ៉ាងណាក៏ដោយ លោក​ប៉ែន លីន​ណាត អភិបាលរង​ខេត្តក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកជំនាញ​ផ្នែក​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពុងធ្វើការ​ជាមួយ​តំណាង​ក្រុមហ៊ុន​លើ​ការខូចខាត​ដែល​បានកើត​ឡើង និង​ថ្លៃដើម​ដែល​ត្រូវ​ចំណាយ​។​

លោក​បាន​បន្ថែមថា​៖ «​ការពិភាក្សា​កំពុងដំណើរការ​ដោយ​មិនទាន់​រកឃើញ​ដំណោះស្រាយ​នៅឡើយ​ទេ​»​។​

យ៉ាងណាក៏ដោយ លោក លី​ណាត មិនបាន​ប្រាប់​លម្អិត​អំពី​ការខូចខាត​និង​ការងារ​បច្ចេកទេស​ដែល​ពាក់ព័ន្ធ​នោះទេ ដោយ​លោក​ថ្លែងថា នៅពេលនេះ បំណែក​ចម្លាក់​ថ្ម​ប្រាសាទ បាន​ប្រមូល​យកទៅ​រក្សាទុក​យ៉ាង​មាន​សុវត្ថិភាព​នៅឯ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ ហើយ​ក្រុមការងារ កំពុង​ជំរុញ​ឲ្យ​ភាគី​ហ៊ុន​រៀបចំ​បោះបង្គោល​កំណត់​ព្រំប្រទល់​នៃ​ទីតាំង​ដីព្រៃ ដែលមាន​ប្រាសាទ​នេះ​។​

លោក Lu Chu Chang ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Think Biotech (Cambodia) Co.; Ltd មិនអាច​ទាក់ទង​ស្នើសុំ​ការអធិប្បាយ ជុំវិញ​ករណីនេះ បានទេ​នៅ​ថ្ងៃទី​២០ ខែមករា​។​

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តក្រចេះ ក្រុមហ៊ុន​Think Biotech(Cambodia) Co.; Ltd​ដែល​ទទួលបាន​អាជ្ញា​បណ្ណ វិនិយោគ​អភិវឌ្ឍន៍​រោងចក្រ​ឧស្សាហកម្ម កែច្នៃ​ផលិតផល​ព្រៃឈើ ឬ​ស្ថានីយ​ស្តារ​ព្រៃឈើ​លើ​ផ្ទៃដី​ជាង ៣​ម៉ឺន​ហិកតា​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ហើយ​ដី​មួយផ្នែក​គឺ​ស្ថិតនៅក្នុង​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​៕​

វីដេអូ៖