ភ្នំពេញៈ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ​ចេញ​ដីកា​ប្រកាស​បដិសេធ ​និង​ដកហូត​ដី​ព្រៃឈើ ​ដែលជា​ដីព្រៃ​របស់​រដ្ឋ ​ហើយ​ត្រូវបាន​ទទួល​រង​នូវការ​កាប់​គាស់ ​រុករាន​ ទន្ទ្រាន​យក​ ដើម្បី​វាតយក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​លើ​ទីតាំង​ចំនួន​ ២ កន្លែង​ ដែល​មាន​ផ្ទៃដី​សរុប ​៧៨៤ ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឱរ៉ាល់ ​ត្រង់​ចំណុច​ភូមិត្រាង​ និង​ភូមិ​ចំបក់ ​ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់​ស្ពឺ។

សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា ​ដោយ​លោក​ វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ នៅ​ថ្ងៃទី២០ ​ខែមករា ​បញ្ជាក់ថា ​ការបដិសេធ ​និង​ដក​ហូត​ដី​ព្រៃឈើ​ដែល​ទទួលរង​នូវ​ការកាប់​គាស់ ​រុករាន ​ទន្ទ្រាន​យកដី​ព្រៃ​របស់​រដ្ឋ​ដើម្បី​វាតយក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​ត្រូវបាន​កំណត់​រយៈ​ពេល​ ៣០ថ្ងៃ ​នៃ​ថ្ងៃធ្វើការ ​សម្រាប់​ទុក​សិទ្ធិ​ដើម្បី​ធ្វើការ​តវ៉ា។ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ រដ្ឋបាល​ស្រុក​ឱរ៉ាល់ ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ ​អនុគណៈ​កម្មាធិការ​ខេត្ត​ ក្រុម​ការងារ​ដើម្បី​ទប់ស្កាត់ ​លុប​បំបាត់ ​និង​បង្ក្រាប​ការកាប់​គាស់ ​រុករាន ​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ ដើម្បី​វាតយក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​លើ​តំបន់​ការពារ​ធម្មជាតិ ​និង​អ្នកពាក់ព័ន្ធ​នានា ​ត្រូវអនុវត្ត​ដីកា​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ត​ទៅ។

លោក ​វ៉ី​ សំណាង ​អភិបាល​ខេត្ត​កំពង់ស្ពឹ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី២០​ ខែមករា ​ថា ​កត្តា​សំខាន់​ដែលរដ្ឋ​បាល​ខេត្ត​ដកហូត​យក​ដី​មក​វិញ​នេះ​ ដោយ​សារតែ ​មានជន​មិន​ស្គាល់​មុខ​ចូល​ទៅ​ទន្ទ្រាន​រានយក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

ទោះជា​យ៉ាងណា ​លោក​បន្តថា ​ជាជំហាន​បន្ទាប់ពី​ សេចក្តី​សម្រេច​នេះ ​រដ្ឋបាល​ខេត្ត​នឹង​ខិតខំ​ស្រាវជ្រាវ ​សាវតា​ជន​ ដែលចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​របស់​រដ្ឋ​នេះ ​ ដើម្បី​នាំ​ខ្លួន ​យកមក​ឱ្យ​សង​ការខូចខាត​ទៅលើ​ការកាន់​កាប់​ដីព្រៃ​ឈើ​នេះ ។

លោក​ថ្លែងថា​៖«នៅ​ពេល​រក​គាត់​ឃើញ ​យើង​ឱ្យ​គាត់​ដាំ​ដើមឈើ​ឡើង​វិញ​ ជំនួស​ឱ្យ​ការខូច​ខាត​ទាំង​អស់»។

លោក​ជា ហ៊ាន ​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់​ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ ​និង​ការពារ​សិទ្ធិ​ពលរដ្ឋ ​(ACNCIPO)​ ថ្លែងថា​ រយៈពេល​កន្លង​មកនេះ ​មន្ទីរ​បរិស្ថាន​ខេត្ត ​ក៏ដូចជា​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​បានដាក់​សំណើ​ជាច្រើន​ ទៅ​រដ្ឋបាល​ខេត្ត ​ដើម្បី​ចេញ​ដីកា​ដកហូត​ដីព្រៃ​ជាបន្ត​បន្ទាប់​ ប៉ុន្តែ​ករណី​ទន្ទ្រាន​ដីព្រៃ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ​មិនថយ​ចុះ​នោះ​ទេ ។

លោក​បញ្ជាក់ថា ​ការមិន​ថយ​ចុះ​នេះ ​ដោយ​សារតែ ​នៅពេល​ដែល​មាន​ការដក​ហូត​រួចហើយ ​មិនមាន​ឃើញ​ជន​អ្នកប្រព្រឹត្ត​ណាមួយ ​ ត្រូវបាន​ទទួល​ទោស​តាម​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ​នៅ​ឡើយ​ទេ។ ដូច្នេះ ​បាន​ជាជន​ល្មើស​មិនខ្លាច​ និង​មិន​រាងចាល​ក្នុង​ការលួច​ចូល​ទៅ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ជាបន្ត​បន្ទាប់ ។ លោក​ថា ​នឹង​បន្ត​ស្នើសុំ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ឱ្យ​ចេញ​ដីកា​ការពារ​នូវ​ដីព្រៃ​ដែល​ដកហូត​នេះ ។

លោក​ថ្លែងថា​៖«នៅ​ពេល​ដែល​មាន​ករណី​ទន្ទ្រាន​ថ្មី​ តុលាការ​លោក ​អាច​មាន​សិទ្ធិឱ្យ​មន្ទីរ​បរិស្ថាន​ចាប់​ជនល្មើស​តែ​ម្តង ។ នៅ​ពេល​ដែល​ចាប់​ជនល្មើស​យក​មក​ផ្តន្ទាទោស ​យើង​ឃើញថា ​បទល្មើស​នឹង​ថយ​ចុះ​ឯង។ បើ​យើង​អត់​ធ្វើ​អ៊ីចឹង​ទេ ​អ្នកប្រព្រឹត្ត​បទល្មើស​ក៏មិន​ថយ​ចុះ​ដែរ»។

បើ​តាម​លោក​ជា ហ៊ាន ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​មាន​ភាព​កម្សោយ ​ព្រោះ​កន្លងមក​នេះ ​មិនបាន​អនុវត្ត​ដីកា​ដកហូត​ទេ ​ ដែលធ្វើ​ឱ្យ​បុគ្គល​មួយ​ចំនួន​មិន​ខ្លាច​ច្បាប់ ​ដោយ​ជនល្មើស​នៅតែ​បន្ត​យក​ចេក ​និង​ដំណាំ​ផ្សេងៗ​ទៅ​ដំា។ ក្នុង​រយៈពេល ​៣ ​ទៅ ​៤ឆ្នាំ ​ធ្វើឱ្យ​ដំណាំ​ដុះ​ពេញ​ដី​ទាំងអស់​ និង​ពិនិត្យ​ជាក់ស្តែង​ក្លាយទៅ​ជា​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​វិញ​បាត់​ទៅ​ហើយ៕

វីដេអូ៖